Tuesday, December 13, 2016

លោក ប៉ាន សូរស័ក្តិ៖ កម្ពុជា នឹងចូលរួមអនុវត្តន៍គម្រោងបីនៅក្នុងឆ្នាំ ២០១៧ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថាកម្ពុជា នឹងចូលរួមអនុវត្តន៍គម្រោងបីនៅក្នុងឆ្នាំ ២០១៧ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ការថ្លែងដូចនេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអនុគណៈកម្មការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធពាណិជ្ជកម្មលើកទី ២៧ ដើម្បីតាមដានការងារកំណែទម្រង់របៀបវារៈពាណិជ្ជកម្មរបស់កម្ពុជា។
ថ្លែងបើកកម្មវិធីក្នុងកិច្ចប្រជុំដែលមានការចូលរួមពីសមាជិកដែលជាមន្ត្រីមកពីក្រសួងពាក់ព័ន្ធ ភ្នាក់ងារអនុវត្តន៍គម្រោង និងដៃគូអភិវឌ្ឍន៍ប្រមាណជាង ៦០នាក់ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជានឹងចូលរួមអនុវត្តន៍គម្រោងថ្មីៗចំនួនបីនៅក្នុងឆ្នាំ ២០១៧ គឺ (១) eTrade-for-All ផ្តួចផ្តើមដោយអង្គការ UNCTAD, (២) គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) របស់អង្គការ GIZ និង(៣) ជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) របស់អង្គការ IFAD។ គម្រោងទាំងអស់នេះ នឹងរួមចំណែកពង្រីកកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួង ជាពិសេសការងារអនុវត្តន៍គម្រោង និងការស្វែងរកជំនួយសម្រាប់ពាណិជ្ជកម្មបន្ថែម ដើម្បីបន្តគាំទ្រយន្តការអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម ក៏ដូចជាអនុវត្តន៍យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម និងផែនការរយៈពេលមធ្យមសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម បន្ទាប់ពីកម្មវិធី TDSP, EIF Tier 1 និង EIF Tier 2 CEDEP I ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅចុងឆ្នាំនេះ។ ដើម្បីធានាបាននិរន្តរភាពនៃលទ្ធផលគម្រោង និងបន្តសុខដុមរមនា សំដៅបំពេញនូវគម្លាតរវាងការបិទបញ្ចប់គម្រោង TDSP និងចាប់ផ្តើមគម្រោងថ្មី លេខាធិការដ្ឋាន EIF បានយល់ព្រមផ្តល់ថវិកាគាំទ្រដល់កម្ពុជាចំនួន ៣០០,០០០ (សាមសិបម៉ឺន) ដុល្លារអាមេរិក សម្រាប់រយៈពេល ២ឆ្នាំ (២០១៧-២០១៨) តាមរយៈគម្រោង Sustainability Support Window។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការជឿជាក់ថា របៀបវារៈកំណែទម្រង់របស់កម្ពុជា, យុទ្ធសាស្រ្ត និងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន នឹងបង្កើតបានក្របខណ្ឌសមស្របមួយសម្រាប់ប្រទេសយើង ដើម្បីចាប់យកការផ្តួចផ្តើមនានាដែលអាចឆ្ពោះទៅសម្រេចបាននូវភាពរុងរឿងផ្នែកសេដ្ឋកិច្ច។
គួររំលឹកផងដែរថា ក្រសួងពាណិជ្ជកម្ម កន្លងមកបានដាក់ចេញកម្មវិធីកំណែទម្រង់សំខាន់ៗជាច្រើន ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាសកាសធុរកិច្ច និងសមត្ថភាពរបស់ពាណិជ្ជករ ដើម្បីប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។ លើសពីនេះ ក្រសូងពាណិជ្ជកម្ម ក៏បានបង្កើតគណៈកម្មការគ្រប់គ្រង និងជំរុញការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗក្រោមវិស័យពាណិជ្ជកម្ម ក្នុងគោលបំណងត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការតាក់តែងច្បាប់ E-commerce, ច្បាប់កិច្ចសន្យាពាណិជ្ជកម្ម, និងច្បាប់ការពារអ្នកប្រើប្រាស់ជាដើម៕



No comments:

Post a Comment