Tuesday, December 13, 2016

អគ្គនាយកអាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យប្រតិភូសារព័ត៌មានមកពីប្រទេសឥណ្ឌាចូលជួបសម្តែងការគួរសម

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យក្រុមប្រតិភូសារព័ត៌មានឥណ្ឌារៀបចំដោយក្រសួងការបរទេសឥណ្ឌាចូលជួបសម្តែងការគួរសមនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ អមដំណើរប្រតិភូនានៅក្នុងជំនួបនេះ មានលោក SUDHIR GOSWAMI មន្ត្រីទំនាក់ទំនងនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
ក្នុងកិច្ចស្វាគមន៍គណៈប្រតិភូ លោកអគ្គនាយក បានរំឭកឡើងវិញនូវទំនាក់ទំនងដ៏ល្អរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសឥណ្ឌា ក្នុងការងារអភិរក្សជួសជុលនិងស្តារឡើងវិញនូវប្រាសាទក្នុងរមណីយដ្ឋានអង្គរ នាពេលកន្លងមក ក៏ដូចជាកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន ជាពិសេស គឺ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI (Archeological Survey of India) ដែលកំពុងបន្តការងារជួសជុលនៅប្រាសាទតាព្រហ្ម។
ជាមួយគ្នានេះ លោកអគ្គនាយក ក៏បានបង្ហាញគណៈប្រតិភូឥណ្ឌាអំពីដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដោយអាជ្ញាធរជាតិអប្សរា និងកិច្ចសហការពីដៃគូជាតិ និងអន្តរជាតិនានា។ លោកបញ្ជាក់ថា ប្រាង្គប្រាសាទនានាមួយចំនួនដែលត្រូវបានជួសជុល និងស្តារឡើងនេះ គឺជាសមិទ្ធផលរួម នៃរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូអន្តរជាតិ ហើយនៅមានប្រាសាទជាច្រើនទៀតដែលទាមទារការអភិរក្សជួសជុល។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា បើកចំហជានិច្ចរាល់កិច្ចសហការពីដៃគូអន្តរជាតិក្នុងការចូលរួមបន្តទៀត ជាពិសេសស្ថាប័នជំនាញផ្សេងៗទៀតមកពីប្រទេសឥណ្ឌា។
ជាការឆ្លើយតប លោក SUDHIR GOSHWAMI បានសម្តែងនូវការដឹងគុណចំពោះលោកអគ្គនាយកដែលបានអនុញ្ញាតឱ្យប្រតិភូរបស់លោកបានចូលជួបសំណេះសំណាល និងស្វែងយល់អំពីកិច្ចការគ្រប់គ្រងរមណីយដ្ឋានអង្គរ។ លោកសន្យាថា នឹងជំរុញកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងឥណ្ឌាឲ្យកាន់តែរឹងមាំនិងមានភាពល្អប្រសើរថែមទៀត៕



No comments:

Post a Comment