Monday, June 13, 2016

ស​ម្តេចតេជោ ​ហ៊ុន សែន បានផ្ញើរសារសំ​ខាន់ៗជាច្រើនក្នុងពេលចែកសញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP)

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជាបានអញ្ជើញចែកសញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វិស័យអប់រំត្រូវបានជ្រើសរើសមន្រ្តីក្របខណ្ឌច្រើនជាងគេក្នុងមួយឆ្នាំៗ គឺមានរហូតដល់ ៥ពាន់នាក់ ដើម្បីបំពេញតម្រូវការអប់រំនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន  ក៏បានចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីមកពីសាកលភូមិន្ទភ្នំពេញទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការសម្រេចបានលទ្ធផលដ៏ជោគជ័យ គឺកើតចេញពីការខិតខំរបស់និស្សិតគ្រប់រូប រួមទាំងការជួយជ្រោមជ្រែងជំរុញពីក្រុមគ្រួសារផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកជាថ្មីថា ការជោគជ័យលើចំណេះដឹងនេះ មិនអាចកើតមានតាមរយៈការចាក់ប្តូរឈាមនោះទេ គឺបានកើតចេញពីខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ។សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តប្រកាសថា នៅមានយុវជន​មួយចំនួនកំពុងដើរផ្លូវខុស ដោយសារការសេពគ្រឿងញៀន ហើយរាជរដ្ឋាភិបាល កំពុងអូសទាញពួកគេឲ្យដើរមករកផ្លូវត្រូវវិញ។ ដើម្បីទាញយុវជនចេញពីបញ្ហាគ្រឿងញៀន សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ពោលគឺអាណាព្យាបាល ត្រូវតែចូលរួមអប់រំកូនចៅ និងអូសទាញពួកគេឲ្យចេញឆ្ងាយពីគ្រឿងញៀន។សម្តេច​តេជោ ហ៊ុន សែន ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលខិតខំកសាង និងរក្សាសន្តិភាព ព្រមទាំងទាក់ទាញវិនិយោគ ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋ ប៉ុន្តែយុវជនមួយចំនួន មិនខិតខំទាញយកប្រយោជន៍ពីការអភិវឌ្ឍរបស់ប្រទេសជាតិ បែរជាធ្វើឲ្យខ្លួនរងគ្រោះដោយសារគ្រឿងញៀន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ទៅដល់មនុស្សម្នាក់នៅប្រទេសបារាំង ដែលបានបង្ហោះរូបភាពបង្ហាញពីទឹកភ្លៀងលិចរាជធានីភ្នំពេញ ខណៈដែលមិនព្រមបង្ហោះរូបភាពទឹកជន់លិចនៅទីក្រុងប៉ារីស។ សម្តេចតេជោ បានបញ្ជាក់ថា រឿងទឹកជន់លិចមិនមែនមានតែភ្នំពេញទេ នៅបាងកក នៅមេនីឡា នៅប៉ារីសក៏លិចដែរ។ សម្តេចតេជោ បញ្ជាក់ថា ការលិចនេះដោយសារលូរំដោះទឹកមិនទាន់ ហើយទឹកទន្លេ ក៏រំដោះមិនទាន់ដែរ ដោយសារចំណុះទឹកនៅលើទទួលមិនអស់ក៏ធ្វើឲ្យលិច។
បើទោះបីសម្តេចតេជោ ហ៊ុន សែន មិនបង្ហាញអ្នកបង្ហោះនោះក៏ដោយ តែត្រូវបានគេដឹងថា​ គឹលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះអំពីទឹកលិចទីក្រុងភ្នំពេញ ខណៈភ្លៀងកំពុងធ្លាក់ដោយសម រង្ស៊ី បានសរសេរថា ៖ «០៨ មិថុនា ២០១៦ នៅរសៀលនេះ មានភ្លៀងមួយមេធំធ្លាក់រយៈពេលប្រហែលកន្លះម៉ោង បានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញ លិចលង់ ដែលបង្កការលំបាកដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់មួយចំនួននោះ»
សម្តេចតេជោ ហ៊ុន សែន បានហៅអ្នករិះគន់ថា មើលឃើញតែចំណុចអវិជ្ជមាន មិនព្រមមើលឃើញពីចំណុចវិជ្ជមាន របស់រាជរដ្ឋាភិបាល។ សម្តេចតេជោ បន្តថា បើខ្លាំងធ្វើឲ្យស្មើភាពគ្នា កុំបង្ហោះតែរូបភាពទឹកលិចបង្ហោះរូបអគារខ្ពស់ៗផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា កម្ពស់ទឹកទន្លេមេគង្គនៅឆ្នាំនេះ មានចំនួនច្រើនតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក ដែលនៅមុខវាំងមានកម្ពស់ប្រមាណ ៩,៥ម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា កម្ពុជា មិនដែលខ្លាចចិននោះទេ ហើយចិនក៏មិនដែលគំរាមកម្ពុជា ឬកំណត់ផ្លូវឲ្យកម្ពុជាដែរ កម្ពុជា មានអធិបតេយ្យភាពរបស់ខ្លួន។         សម្តេចតេជោ បានបញ្ជាក់ថា ចិន មិនដូចប្រទេសខ្លះគំរាមកាត់ផ្តាច់ជំនួយ សម្តេចបញ្ជាក់ថា ផ្តាច់ ក៏  ផ្តាច់ទៅ អ្នកដែលស្លាប់មុនគេ គឺអ្នកស៊ីប្រាក់ខែរបស់ប្រទេសទាំងអស់នេះ។ សម្តេចតេជោថា កុំមកគំរាមខ្មែរ។
​សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារធ្ងន់ៗផ្ញើទៅកាន់អ្នកនយោបាយថា គ្មានការចរចាណាមួយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នាពេលខាងមុខនោះទេ ហើយបើមានក៏គ្មាន ការនិយាយពីរឿងពាក់ព័ន្ធការអនុវត្តនីតិវិធីរបស់តុលាការ ឬរឿងរបស់អ្នកជាប់គុកនោះឡើយ។ សម្តេចតេជោ ក៏បានប្រកាសផងដែរថា កុំឲ្យគំរាមធ្វើបាតុកម្ម គឺសម្តេចមិនលើកលែងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន​ ក៏បានបញ្ជាក់បន្តថា មេដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ គឺជាអ្នកបង្កើតរឿងចោទប្រកាន់ភរិយា និងកូនសម្តេច ជាស្រី និងកូន របស់មេដឹកនាំវៀតណាម ឡេ ឌឹកថូ។ សម្តេចតេជោថា សម្តេចមិនអាចទទួលយកបាននោះឡើយ ចំពោះការវាយប្រហារនេះ ហើយសម្តេចមិនអត់ឱនឲ្យនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានយកការឈឺចាប់ដោយការប្រមាថនេះ ផ្ញើទៅកាន់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំប្រទេសដទៃទៀត រួមទាំងអ្នកវិភាគផងដែរថា តើអាចទទួលយកបានដែរទេ បើទទួលការប្រមាថដូចសម្តេចបែបនេះ?
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ការចារលើព្រះរាជសាររបស់ព្រះមហាក្សត្រ មិនមានអ្វីខុសនោះទេ ព្រោះក្នុងរដ្ឋធម្មនុញ្ញមិនបានហាមឃាត់ រឿងនេះឡើយ។ សម្តេចបានជំរុញឲ្យក្រុមបក្សប្រឆាំង ទៅសួរព្រះមហាក្សត្រ បើចង់ដឹងថា ការចារលើព្រះរាជសារត្រូវ ឬខុស?

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ថា បុគ្គល ឬ អ្នកនយោបាយដែលលធ្វើខុសត្រូវ ចេញមុខទទួលខុសត្រូវ មិនត្រូវបង្វែរជាបញ្ហារបស់បក្សនោះឡើយ៕



No comments:

Post a Comment