Monday, June 13, 2016

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តី​ថ្លែងការណ៍ជុំវិញឯកសារ​មួយដែលអនុម័ត​ដោយសភាអឺរ៉ុប​ដែលផ្អែក​លើព័ត៌មានមិនពិត

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានការភ្ញាក់ផ្អើល ក្រោយពីបានអានឯកសារ​មួយដែល​អនុម័តដោយសភាអឺរ៉ុបដែលផ្អែកលើព័ត៌មានមិនពិតជាច្រើន។ 
ក្រសួងការបរទេសបានបញ្ជាក់ថា តាមអ្វីដែលយើងបានសិក្សា ពីប្រទេសអភិវឌ្ឍន៍​ការវិនិច្ឆ័យ​ណាមួយ អាចធ្វើទៅបាន ត្រូវផ្អែកលើការពិតជាក់ស្តែង និងការស៊ើបអង្កេតយ៉ាងហ្មត់ចត់ មិន​មែនសំអាងលើប្រភពលំអៀង ពាក្យចចាមអារាម និងព័ត៌មានដែលមានលក្ខណៈ​បំភ័ន្តនយោ​បាយនោះឡើយ។​
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជម្រាបជូនសមាជិកសភាអ៊ឺរ៉ុប អំពីការ​ពិត ដែល​​មិនអាចប្រកែកបានកន្លងមក។ ក្រសួងការបរទេស ក៏បានលើកអំពីលោក សម រង្ស៊ី ថា គាត់ជាបេក្ខជនតែម្នាក់គត់ដែលអង្គការសហប្រជាជាតិ ស្តីបន្ទោសចំពោះពាក្យ​សំដី​​រើសអើង ជាតិសាសន៍អំឡុងការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ដែលគាត់​ល្បីខាង​ប្រើ​ប្រាស់​ពាក្យសម្តី ដែលពោរពេញដោយការញុះញង់ និងស្អប់ខ្ពើមជាតិសាសន៍។ គាត់បាន​ប្រើ​ពាក្យ​ស្លោកដែល ខ្មែរក្រហមធ្លាប់តែប្រើដើម្បីសម្លាប់ប្រជាជនខ្មែរ ហើយពាក្យស្លោកនោះ បាន​នាំ​ឱ្យមានការ សម្លាប់គ្រួសារជនជាតិវៀតណាមនៅឆ្នាំ១៩៩៨ ដោយហ្វូងមនុស្សដែល​មាន​ការ​ខឹងសម្បារ។ គាត់បានញុះញង់ពលរដ្ឋសាមញ្ញឱ្យដកបង្គោលតម្រុយព្រំដែនអន្តរជាតិ ដែល​សកម្មភាពនេះ ពិតជាត្រូវបានថ្កោលទោសនៅក្នុងប្រទេសនៅអ៊ឺរ៉ុប។ គាត់ក៏ត្រូវបាន​គេ​ស្គាល់​​យ៉ាងច្បាស់ទាំង ក្នុងប្រទេសបារាំងនិងកម្ពុជា ចំពោះការបរិហាកេរ្តិ៍​គូបដិបក្ស​នយោ​បាយ​របស់ខ្លួន ជាសំនុំរឿង មួយដែលត្រូវបានបញ្ជាក់ថាជាការ​បរិហាកេរ្តិ៍ក្នុងតុលាការ​ប្រទេស​បារាំង។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាសមាជិកគណបក្សប្រឆាំងពីរនាក់ រួមមានសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងសមាជិករដ្ឋសភា អ៊ុំ សំអាន ដែលស្ថិតក្រោមការមើលខុសត្រូវរបស់ប្រធាន បក្ស សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទការក្លែងក្លាយ និងការញុះញង់ឱ្យមានហឹង្សា។ ជាតួ យ៉ាង ហុង សុខហួរ បានផ្សព្វផ្សាយ និងចែកចាយសន្ធិសញ្ញាក្លែងក្លាយរវាងកម្ពុជា និង​វៀត​ណាម ដោយគោលបំណងបង្ហាញថាមានការព្រមព្រៀងគ្នា រំលាយចោល​នូវព្រំដែនរវាង​ប្រ​ទេស​ទាំងពីរ។ ដោយឡែក អ៊ុំ សំអាន បានប្រើពាក្យសម្តីប្រទុសរាយដោយខុសឆ្គង និងដែល​ប្រកប​ដោយទោសឧក្រិដ្ឋ ប្រកបដោយការញុះញង់ឱ្យមានការស្អប់ខ្ពើម និងរើសអើងជាតិ​សាសន៍​​ក្នុងគោលបំណងកេងចំណេញនយោបាយ ហើយការញុះញង់ឱ្យមានហឹង្សាគឺជា ទោស​ឧក្រិដ្ឋតាមការកំណត់របស់ច្បាប់។
ចំពោះករណី កឹម សុខា ការសូកប៉ាន់សាក្សី ត្រូវបានថ្កោលទោសដោយបណ្តាប្រទេសប្រជា ធិបតេយ្យទាំងអស់ ពិសេសប្រទេសសមាជិកសហភាពអ៊ឺរ៉ុប។ ម្យ៉ាងវិញទៀត​ការបដិសេធមិន​ចូលខ្លួនមក បំភ្លឺក្នុងតុលាការ តាមការកោះហៅរបស់អយ្យការត្រូវផ្តន្ទាទោសនៅគ្រប់​ប្រទេស​ប្រជា​ធិបតេយ្យជាពិសេសនៅសហភាពអ៊ឺរ៉ុប។ នៅកម្ពុជាក៏ដូច្នេះដែរ។
ចំពោះអ្នកដែលពាក់ព័ន្ធក្នុងករណីរបស់ កឹម សុខា គឺសកម្មជនសិទ្ធិមនុស្សទាំង៥ យោងតាម​ក្រម​​ព្រហ្មទណ្ឌកម្ពុជាមាត្រា ៥៤៨ ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋដោយការសូកប៉ាន់សាក្សី។ សកម្ម​ជនសិទ្ធិមនុស្សទាំង៥ ត្រូវបានចោទប្រកាន់ស្របទៅតាមច្បាប់មិនមែនជាលទ្ធផលនៃ សេចក្តីសម្រេចបំពានច្បាប់នោះទេ។
ដោយឡែកចំពោះសេរីភាព នៃការបញ្ចេញមតិ រដ្ឋាភិបាលកម្ពុជា ពុំយល់ថាសេរីភាពនៃការ បញ្ជេញមតិមានន័យថា ជាសេរីភាពក្នុងការជេរប្រមាថ ឬការបញ្ចេញព័ត៌មានក្លែងក្លាយ ឬការ បរិហារនរណាម្នាក់នោះទេ។ សិទ្ធិនៃការបញ្ចេញមតិ ពុំមែនជាសិទ្ធិភូតកុហក ឬបង្ខូច​កេរ្តិ៍​ឈ្មោះ​នរណាម្នាក់ឡើយ។ នៅក្នុងប្រទេសលោកខាងលិចទាំងអស់ មានច្បាប់ដាក់ទណ្ឌកម្ម ចំពោះការប្រព្រឹត្តបែបនេះ ហើយនៅកម្ពុជាក៏ដូចគ្នាដែរ។
ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មានអង្គការក្រៅ រដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួន ៤,៦៣៧ ដែលមានអង្គការមួយចំនួនតាំងខ្លួនជាតំណាងឱ្យ សង្គមស៊ីវិល ដែលអួតអាងនិយាយក្នុងនាមប្រជាពលរដ្ឋទាំងមូលដោយគ្មានលក្ខណៈស្រប ច្បាប់ដ៏តិចតួចទាល់តែសោះ។ មានអង្គការមួយចំនួន នៅពីក្រោយសកម្មភាពមនុស្សធម៌ និង អភិវឌ្ឍន៍ តែតាមពិតបានជាប់ពាក់ព័ន្ធ នៅក្នុងសកម្មភាពនយោបាយក្រោមការឧបត្ថម្ភពី​ស្ថា​ប័ន​បរទេស។
ក្រសួងការបរទេស ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជាថា ក្នុងឋានៈជារដ្ឋអធិបតេយ្យមួយ ព្រះរា ជាណាចក្រកម្ពុជា ពុំស្ថិតក្រោមអភិបាលកិច្ចរបស់ស្ថាប័នបរទេសឡើយ ហើយរាជរដ្ឋាភិបាល​ កម្ពុជា មិនទទួលយកការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងប្រឆាំងនឹងការច្បិចយកតែវិធី​សាស្រ្តដែលមានលក្ខណៈរើសអើង នៅពេលលើកយកបញ្ហាសិទ្ធិមនុស្សមកពិភាក្សា ឬការ យកករណីមួយចំនួនធ្វើជារឿងនយោបាយដែលស្តែងឱ្យឃើញថា សភាអ៊ឺរ៉ុបកំពុងអនុវត្តស្តង់ ដាពីរ ខណៈដែលគេមើលឃើញជាទូទៅថានៅតាមបណ្តាប្រទេសអ៊ឺរ៉ុប ក៏មានការអនុវត្ត​ចំណាត់​​ការ​ដូចគ្នានេះដែរស្របតាមគោលការណ៍នីតិរដ្ឋ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានសម្តែងការសោកស្តាយ ដែលសភា អ៊ឺរ៉ុប​មិនបានវាយតម្លៃចំពោះកិច្ចការទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងធ្វើ ដើម្បី​ទ្រទ្រង់នីតិរដ្ឋ និងថែរក្សាសន្តិភាព និងស្ថេរភាពដែលប្រជាជនកម្ពុជា ត្រូវការចាំបាច់ ដើម្បី​ភាពសុខដុម ឯកភាព និងវិបុលភាពជាតិ៕





No comments:

Post a Comment