Monday, June 13, 2016

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា គ្មានការជួបចរចា រវាង CPP និង CNRP នោះឡើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា គ្មានការជួបចរចាណាមួយរវាងគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) នាពេលខាងមុខនេះឡើយ។ សម្តេចតេជោ បានបន្ថែមថា បើមានការជួបនិយាយគ្នា ក៏គ្មានប្រធាន​​បទនិយាយរឿងបុគ្គល ដែលប៉ះពាល់ដល់នីតិវិធីរបស់តុលាការ និងអ្នកជាប់ពន្ធនាគារនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដូចនេះនៅ​ក្នុង​ឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលកោះពេជ្យ។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងបញ្ជាក់ថា សម្តេចនឹងមិនមានការចរចា​ណាមួយរវាងគណបក្ស​ប្រជាជន និងគណបក្សសង្រ្គោះជាតិ នៅពេលខាងមុខនេះទេ ច្រកជួបជុំតែមួយគត់គឺសភា ប៉ុន្តែត្រូវបានសង្រ្គោះជាតិបោះបង់ចោលរួចទៅហើយ។ ប្រសិនបើមានការពិភាក្សាណាមួយ​នាពេលខាងមុខ គណបក្សប្រជាជន មិនពិភាក្សាលើបញ្ហា ដែលស្ថិតក្នុងដែនសមត្ថកិច្ច​របស់​តុលាការ និងពួកអ្នកជាប់គុកនោះទេ»
ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សសង្រ្គោះជាតិថា នឹងមានការជួបចរចាគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយ ដែលរបៀបវារៈ នៃកិច្ចចរចានោះ ក៏មានរឿង​​​របស់លោក សម រង្ស៊ី និង លោក កឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានហៅសំណុំរឿងរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ក៏ដូចជាការជាប់ឃុំរបស់អ្នកតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្រ្គោះជាតិដទៃទៀត ជាការ​​ប្រព្រឹត្តល្មើសទៅនឹងច្បាប់ ដូច្នេះគ្មានរឿងអ្វីដែលគណបក្សប្រជាជនកម្ពុជា ទៅចរចានោះ​ឡើយហើយវាក៏មិនត្រូវប្រធានបទនោះដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា កុំច្រឡំតួអង្គ គណបក្សនយោបាយ មិនអាចជាប់ពាក់ព័ន្ធសំណុំរឿងរបស់តុលាការនោះទេ៕




No comments:

Post a Comment