Monday, June 13, 2016

សម្តេច​តេជោ​ ហ៊ុន​ សែន​ ព្រមាន​ថាមិន​លើកលែង​ឲ្យកា​រធ្វើ​បាតុកម្មរបស់​គណបក្សសង្រ្គោះ​ជាតិ ​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងព្រមានថា មិនលើកលែងឲ្យការធ្វើបាតុកម្មរបស់ គណបក្សសង្រ្គោះជាតិនោះឡើយ ហើយសមត្ថកិច្ចនឹងចាត់វិធានការ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។
ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានប្រកាសធ្វើការជួបជុំ និងទទួលញត្តិរបស់អ្នកគំាទ្ររបស់ខ្លួន មកពីតាមបណ្តាខេត្តនានាហើយ​នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះ ជាថ្ងៃដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះ​​ជាតិ ត្រូវតុលាការ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺពីបទ «បដិសេធក្នុងការចូលខ្លួន» តាមការកោះហៅរបស់តំណាងអយ្យកាកន្លងមក។ ការកៀងគររបស់អ្នកគាំទ្រនេះ ត្រូវបានគេមើល​​ឃើញថា ជាចេតនារបស់គណបក្សប្រឆាំង ដើម្បីត្រៀមធ្វើការទប់ទល់​ ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា ពីកងកម្លាំងសមត្ថកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានហៅការកៀងគរ អ្នកគាំទ្រមកធ្វើបាតុកម្មនេះថា ជាការធ្វើបាតុកម្ម ដើម្បីការពាររឿងអាស្រូវផ្លូវភេទរបស់បុគ្គល។ សម្តេចតេជោ ក៏បានបញ្ជាក់​ថាគណបក្ស​សង្រ្គោះ​ជាតិធ្លាប់ បានដឹកនាំ ធ្វើមហាបាតុកម្មក្រោមលេស មិនទទួលស្គាល់លទ្ធផល​នៃ​ការ​បោះ​ឆ្នោតឆ្នាំ២០១៣ ដើម្បីបានទទួលតំណែងអនុប្រធានទី១នៃរដ្ឋសភា។ ប៉ុន្តែលើកនេះ កុំ​សង្ឃឹមថាអាចគំរាមធ្វើបាតុកម្មដើម្បីការពាររឿងអាស្រូវសេ្នហាផ្ទាល់ខ្លួន នោះបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា រឿងរបស់ឯកឧត្តម កឹម សុខា គឺជារឿងបុគ្គលតូចតាច មិនគួរយកបក្សទាំងមូលទៅពាក់ព័ន្ធនោះទេ គួរតែចូលទៅដោះស្រាយ តាមផ្លូវ​តុលាការ។

សូមរំលឹកផងដែរថា បញ្ហារបស់ឯកឧត្តម កឹម សុខា កាន់តែរីកធំឡើងៗ បន្ទាប់ពីរឿងអាស្រូវ ស្នេហាលួចលាក់រវាងឯកឧត្តម កឹម សុខា ជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ត្រូវបាន បែកធ្លាយ នៅតាម បណ្តាញសង្គមហ្វេសប៊ុក៕




No comments:

Post a Comment