Tuesday, February 23, 2016

ប្រជាពល​រដ្ឋនៅក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិថ្លុក​ត្រាច​ និង​អន្លង់ជ្រៃ មានផ្ទះ​ថ្មី មានទឹក​ធ្វើស្រែ ក្រោមការ​យកចិត្តទុក​ដាក់​របស់​សម្តេច​ប្រធាន​រដ្ឋសភា

ផ្ទះប៉ិត ដែលជារចនាបទផ្ទះរបស់ខ្មែរ បានសាងសង់យ៉ាងស្អាត ត្រង់ជួរនៅក្នុងតំបន់អភិវឌ្ឍន៍ ភូមិអន្លង់ជ្រៃ និងភូមិផ្លុកត្រាច ក្នុងឃុំកក់ ខេត្តត្បូងឃ្មុំ ប្របនឹងប្រឡាយទឹក ដែលជាដង្ហើមនៃកសិកម្ម។ នេះជាមុខមាត់ថ្មី របស់ខេត្តត្បូងឃ្មុំ ក្រោមការយកចិត្តទុកដាក់ របស់សម្តេចអគ្គមហាពញាក្រី ហេង សំរិន ប្រធានរដ្ឋសភា។ និយាយជារួម សម្តេច បានសាងសង់ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ មាន សាលារៀន វត្តអារាម មណ្ឌលសុខភាព និងប្រឡាយទឹក សម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅទីនោះតំាងពីឆ្នាំ២០០៦មក។ ពលរដ្ឋកំពុងសប្បាយរីករាយ រស់នៅក្នុងជីវភាពល្អប្រសើរជាមួយសមិទ្ធិផល ដែលជាអំណោយរបស់សម្តេច ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ផ្ទះចំនួន ៨១ខ្នងបន្ថែមទៀត បានសម្ពោធនិងប្រគល់ជូនប្រជាពលរដ្ឋ នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវផ្ទាល់តែម្តង ក្រោមស្នាមញញឹម និងក្តីសង្ឃឹម របស់ប្រជាពលរដ្ឋ។

នៅពិធីប្រគល់ និងសម្ពោធផ្ទះថ្មី ជូនប្រជាពលរដ្ឋ នាព្រឹកមិញនេះ ក៏មានវត្តមានចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ក្នុងនោះមាន វត្តមានរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល យ៉ាងច្រើនកុះករ។

ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងនៅក្នុងឱកាសនោះថា ចាប់តំាងពីឆ្នាំ២០០៦ មក ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែកនេះ បានផ្លាស់ប្តូរមុខមាត់ ជាលំដាប់ ក្នុងនោះ ជីវភាពពលរដ្ឋមានការរីកចម្រើន តាមរយៈ លទ្ធភាពធ្វើកសិកម្មបានយ៉ាងងាយស្រួល ដោយសារប្រឡាយទឹក អាងស្តុកទឹក ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាពញាចក្រី ហេង សំរិន។

ឯកឧត្តម បានគូសបញ្ជាក់ថា ក្រៅពីប្រឡាយទឹក មណ្ឌលសុខភាព ផ្ទះដ៏ស្រស់ស្អាត ជាសំណង់ថ្មី ធ្វើពីថ្ម ត្រូវបានសម្តេចសាងសង់ ចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយនៅលើកទី១ មានផ្ទះ ចំនួន៩៥ខ្នង។ បន្ទាប់មកនៅឆ្នាំ២០១៣ សម្តេចបាន ប្រគល់ផ្ទះ ចំនួន១៦ខ្នងទៀតជូនពលរដ្ឋទៀត និងនៅឆ្នាំ២០១៤ ១០ខ្នង បន្ថែមទៀត ហើយនៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៦នេះ ផ្ទះចំនួន៨១ខ្នង ទៀត ត្រូវសម្តេចចែកជូនប្រជាពលរដ្ឋ នៅឱកាសនេះ។

មានប្រសាសន៍នៅក្នុងឱកាស ដែលពលរដ្ឋសប្បាយរីករាយនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ ដោយសម្តេចបានគូសបញ្ជាក់ថា នៅគ្រប់កាលៈទេសសៈ ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ គិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ផ្តើមពីបាត ដៃទទេ នៅឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ កម្ពុជាបានកសាង សមិទ្ធិផលជាច្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេច មានប្រសាសន៍បន្តថា នៅពេលណាប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាព នោះការ អភិវឌ្ឍ ប្រាកដជាមានជាមិនខាន ដូចនៅពេល នេះជាដើម។

ឆ្លៀតឱកាសនោះ សម្តេចបានស្នើសុំដល់ប្រជាពលរដ្ឋ ដែល ទទួលបានសមិទ្ធិផលនានាពេលនេះ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ពីព្រោះថានៅពេលនេះ តំបន់អភិវឌ្ឍន៍របស់សម្តេចមានទាំងផ្ទះ មានទំាងទឹក ដែលជាប្រភពសំខាន់ ក្នុងការប្រកបរបរ ចិញ្ចឹមជីវិត ក្នុងកិច្ចការស្រែចម្ការ។

ប្រជាពលរដ្ឋទទួលបានផ្ទះនៅឱកាសនេះ បានសម្តែងក្តីរីករាយ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ដែលសម្តេចបានលះបង់ទំាងថវិកា កម្លំាងកាយចិត្ត និងពេលវេលា ក្នុងការអភិវឌ្ឍន៍ឃុំកក់នេះ។ ពលរដ្ឋបានលើកឡើងថា បើមិនមានជំនួយរបស់សម្តេចទេ ពួកគាត់មិនមានសង្ឃឹមថា មានផ្ទះស្អាត បំពាក់ដោយសម្ភារៈ នេះ រស់នៅឡើយ។

សូមបញ្ជាក់ថា ផ្ទះដែលសម្តេចប្រធានរដ្ឋសភា សាងសង់ជូន ប្រជាពលរដ្ឋនៅក្នុងភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាចនេះ ជាផ្ទះថ្ម ខ្ពស់ផុតពីដី ទំហំ៦គុណ៧ម៉ែត្រ។ ប្រជាពលរដ្ឋដែលទទួល បានផ្ទះម្នាក់ បាននិយាយជាមួយទឹកមុខញញឹមថា មានផ្ទះស្អាត រស់នៅហើយ ភូមិគាត់អាចធ្វើស្រែ បានពីរដងក្នុងមួយឆ្នាំទៀត ដោយសារតែប្រឡាយទឹក ដែលសម្តេចសាងសង់ជូនប្រជាពលរដ្ឋ មានទឹកជាប្រចំា។


ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់របស់សម្តេច ជីវភាពរបស់ពួកគាត់ ប្រាកជារីកចម្រើន ជាលំដាប់ ដោយសារគាត់ មានទឹកធ្វើស្រែ កូនមានសាលារៀន ហើយពេលឈឺ មានមន្ទីរពេទ្យ នៅជិតផ្ទះ៕







No comments:

Post a Comment