Tuesday, February 23, 2016

ប្រជាពលរដ្ឋ និងយុវជនចំនួន ៣៧០ នាក់ ក្នុងឃុំកុមារាជា ត្រូវក្រុមការងារថ្នាក់ជាតិ​ ចុះមូលដ្ឋានឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ រៀបចំដំណើរទស្សនកិច្ច សិក្សាទៅកាន់ខេត្តព្រះសីហនុ សម្រាប់រយៈពេល ២ថ្ងៃ

នៅថ្ងៃទី២១-២២ ខែកម្ភៈនេះ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមារាជា រួមនិងសមាជិកក្រុមការងារ បានរៀបចំដំណើរទស្សនកិច្ច និងកំសាន្តមួយជូនប្រជាពលរដ្ឋ និងយុវជនសរុបចំនួន ៣៧០ នាក់ ទៅកាន់ខេត្តព្រះសីហនុ។
 នៅក្នុងកម្មវិធីដំណើរទស្សនកិច្ចថ្ងៃទី១ បងប្អូនយុវជន និងប្រជាពលរដ្ឋបានសិក្សាស្វែងយល់អំពីចំការដំណាំដូងប្រេង ចង្វាក់ផលិតកម្មកែច្នៃដូងប្រេង គម្រោងកសិកម្មនានា និងកំពង់ផែឧញ៉ាម៉ុងរបស់ឯកឧត្តម បណ្ឌិត ម៉ុង រិទ្ធី រួចបន្តទៅលេងនៅឆ្នេរអូរឈើទាល និងពិសារភោជនាអាហារពេលល្ងាច ដោយមានដូរតន្ត្រីរាំកំសាន្តរហូតដល់ម៉ោង ១១ យប់។ លុះព្រឹកឡើងថ្ងៃទី២ ក្រុមការងារក៏បានរៀបចំដំណើរទស្សនាកំសាន្តតាមឆ្នេរសមុទ្រ និងរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ រួមនឹងពិសារអាហារថ្ងៃត្រង់នៅទីនោះរហូតដល់ពេលរសៀលទើបវិលត្រឡប់មកឃុំកុមារាជាវិញ។
 នៅក្នុងដំណើរទស្សនកិច្ចនោះ បានបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋ យុវជន អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមការងារថ្នាក់ជាតិទាំងអស់ ក្នុងទិដ្ឋភាពសប្បាយរីករាយបំផុត កាន់តែមានភាពជិតស្និទ្ធ ក្នុងស្មារតីយោគយល់គ្នា និងបានយល់ពីតម្រូវការជាមូលដ្ឋានកាន់តែច្បាស់ថែមទៀត ក្នុងគោលដៅរៀបចំផែនការការងារថ្មី និងរកដំណោះស្រាយរួមគ្នារួមបន្តទៀត ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋានរបស់បងប្អូន។

 កម្មវិធីដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក៏ដោយសារការជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រ ដោយសម្ព័ន្ធយុវជនកម្ពុជាឃុំកុមារាជា សហភាពសព័ន្ធយុវជនកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិផងដែរ៕




No comments:

Post a Comment