Tuesday, February 23, 2016

សម្ដេចក្រឡាហោម ស ខេង អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ឋានៈ និងគ្រប់មជ្ឈដ្ឋាន បង្កើនការប្រុងប្រយ័ត្នអគ្គិភ័យដែលបង្កដោយចរន្តអគ្គីសនី

ថ្លែងក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអគ្គិភ័យ ខណៈបញ្ហាចរន្តអគ្គីសនីនេះ បានកើតឡើងច្រើនជាងគេ។

នៅក្នុងការប្រារព្ធទិវាជាតិលើកទី១ ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវពិនិត្យប្រព័ន្ធខែ្សតភ្ជាប់ចរន្តអគ្គិសនីនៅក្នុងគេហដ្ឋានរបស់ខ្លួន ប្រសិនបើយល់ថាខែ្សបណ្តាញចរន្តអគ្គិសនីមិនត្រឹមត្រូវតាមប្រព័ន្ធបច្ចេកទេស ត្រូវកាត់ផ្តាច់ ឬត្រូវផ្លាស់ប្តូរចេញ ដើម្បីជៀសវាងបញ្ហាដែលបណ្តាលឲ្យឆ្លងចរន្ត តុស្សសេចរន្តអគ្គីសនីនៅក្នុងផ្ទះ ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឲ្យស្ថាប័នរដ្ឋ ឯកជន និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនចាត់វិធានការអប់រំណែនាំ ដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យបណ្តាម្ចាស់គេហដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារជាដើមឲ្យមានការប្រុងប្រយ័ត្ន គ្រប់ពេលចំពោះដើមចមដែលអាចបង្កឲ្យកើតមានអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទៀន ធូប  ភ្លើងព្រៃ បារី រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមី ដែលជាវត្ថុងាយឆេះ ។

របាយការណ៍អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួស អង្គារ៍ បានបញ្ជាក់ថា ឆ្នាំ២០១៥ នៅទូទាំងប្រទេស មានអគ្គិភ័យបានកើតឡើងកើនដល់១៥% ធៀបនឹងឆ្នាំ២០១៤ ពោលគឺឆ្នាំ២០១៥ មានអគ្គិភ័យឆាបឆេះកើតឡើងក្នុងចំណោម៥៩០លើកនោះ បានបណ្តាលឲ្យមនុស្សស្លាប់ ៣៥នាក់ របួស២៨នាក់ ឆេះផ្ទះ៥៩៥ខ្នង ឆេះតូបផ្សារ ៤២១តូប ឃ្លាំងស្តុក២ យានដ្ឋាន២ ក្លឹបកម្សាន្ត១ រថយន្ត១៨គ្រឿង គោយន្ត១០គ្រឿង ។

សម្រាប់ការឆាបឆេះបង្កដោយកត្តាឆ្លងចរន្តអគ្គិសនី៤៧.៦២% កត្តាធ្វេសប្រហែសចំនួនជិត២៨% និងឆេះដោយកត្តាផ្សេងៗ រួមមានឆេះបង្កដោយភ្លើងធូប គ្រឿងផ្ទុះ ចង្រ្កាន ដុតសំរាម ផ្សាដែក និងគ្រោះថ្នាក់ចរាចរណ៍ជាដើម មានប្រមាណ២៤% ។

ឯកឧត្តម សួស អង្គារ៍ បន្តថា នៅដើមឆ្នាំ២០១៦នេះដែរ នៅរាជធានីភ្នំពេញបានកើតឡើងចំនួន២ករណី បំផ្លាញឃ្លាំងស្តុក១ រថយន្ត៥គ្រឿង ម៉ូតូ៤គ្រឿង ផ្ទះសំបែង៩៧ខ្នង។
ជាវិធានការត្រៀមបង្ការ ឯកឧត្តម សួស អង្គារ៍ បញ្ជាក់ថាបច្ចុប្បន្ននគរបាលជាតិមានរថយន្ត១២៨គ្រឿង ដាក់ពង្រាយនៅលើគោលដៅពន្លត់អគ្គិភ័យចំនួន ៤៣គោលដៅ មានរថយន្តរបស់បណ្តាស្ថាប័នរដ្ឋ២៥គ្រឿង មានស្ថានីយ៍ពន្លត់អគ្គិភ័យ ១១គោលដៅ មានរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនឯកជន ៥៧ គ្រឿង លើស្ថានីយ៍ពន្លត់២៧គោលដៅ ។ រាជរដ្ឋាភិបាល កម្ពុជាគ្រោងនឹងបន្ថែមរថយន្តពន្លត់អគ្គិភ័យរដ្ឋ នាឆ្នាំខាងមុខប្រមាណ២០០គ្រឿងបន្ថែមទៀតផងដែរ ៕


No comments:

Post a Comment