Tuesday, February 23, 2016

ក្រុមជំនួយការសម្តេចតេជោ នាំយកអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ នៅខេត្តកំពង់ស្ពឺ ចំនួន១២គ្រួសារ

តាមរយៈបេសកកម្មចុះចែកអំណោយស្បៀងសប្បុរសធម៌ សម្តេចតេជោ ហ៊ុន សែន រៀងរាល់សប្តាហ៍ ជូនប្រជាពលរដ្ឋទីទ័លក្រនៅមូលដ្ឋាន បានផ្តល់នូវឱកាសផ្ទាល់ជាច្រើនដល់ក្រុមជំនួយការសម្តេចតេជោ ក្នុងការស្វែងយល់ដឹងពីសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋានលើគ្រប់វិស័យ ដែលមានន័យជាការស្ទង់មតិដ៏សំខាន់ ក្នុងការទទួលបានពត៌មានពិតនៅមូលដ្ឋាននីមួយៗ។
កាលពីថ្ងៃទី១៥ ខែកុម្ភ ឆ្នាំ២០១៦ ក្រុមជំនួយការសម្តេចតេជោ ដឹកនាំដោយ លោក ខាត់ សុគន្ធី អមដំណើរជាមួយដោយ លោក មាស សុគន្ធមុនី សហការជាមួយភ្នាក់ងារស្ម័គ្រចិត្តប្រចាំនៅខេត្តកំពង់ស្ពឺ របស់ " ក្រុមជំនួយការ ដើម្បីប្រជាជន" បានចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​នៅភូមិសង្គ្រាមបូរណ៍ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយនាំយកមកជាមួយ​​នូវ​​ស្បៀង​​​សប្បុរសធម៌សម្តេចតេជោ ចែកជូនគ្រួសារទីទ័លក្រចំនួន១២គ្រួសារ ដែលក្នុង​​គ្រួសារៗ ទទួលបាន ៖ អង្ករ ១០គីឡូក្រាម, មីយើង ១កេស, ទឹកស៊ីអ៊ីវ៦ដប និងទឹកត្រី៦ដប។
ក្នុងឱកាសនាំយកអំណោយសប្បុរសធម៌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើនេះ លោក ខាត់ សុគន្ធី ជំនួយការសម្តេចតេជោ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច​ជារដ្ឋបុរសមានព្រហ្មវិហារធម៌ ប្រកបដោយទឹកចិត្តស្រឡាញ់ប្រជាជន និងតែងតែគិតគូរ​ដល់ការលំបាករបស់ប្រជាពលរដ្ឋ ហើយសមិទ្ធផលដ៏មហាសាល ដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចជូនជាតិ និងប្រជាជនកម្ពុជាគឺសន្តិភាព។ ដើម្បីគុណតម្លៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់និន្នាការ ត្រូវរួមគ្នាការពារថែរក្សាសន្តិភាពនេះឲ្យ​ឋិតឋេរ ពោលគឺប្រជាជាតិយើង ត្រូវដើរចៀសឲ្យឆ្ងាយពីគន្លងអតីតកាល ជាពិសេស កុំជឿតាមការ​​ញុះញុង អុចអាល បញ្ឆេះកំហឹងផ្ទៃក្នុងប្រជាជាតិខ្មែរ ពីសំណាក់ក្រុមឃោសនានយោបាយបែបទុច្ចរិត ព្រោះកម្ពុជាត្រូវការរបបប្រជាធិបតេយ្យសេរីពហុបក្ស តែមិនអាចអនុញ្ញាតឲ្យជនណា ឬក្រុមណាមួយ ជ្រកកោនដើម្បីបំផ្លាញសន្តិភាពជាតិយើងបានជាដាច់ខាត។
ផ្អែកលើមូលដ្ឋានសន្តិភាព កម្ពុជាមានឱកាសកសាងប្រទេសជាជំហានៗ ឆ្ពោះទៅវឌ្ឍនភាព និងសុខដុមរមនា ចៀសផុតពីគ្រោះថ្នាក់ និងមហន្តរាយនៃសង្គ្រាមជាថ្មីម្តងទៀត។ ម៉្យាងវិញទៀតក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺយើងគ្រប់គ្នាត្រូវរួមគ្នាកសាងសង្គមមួយមានការគោរពគ្នាទៅវិញទៅមក ដែលជាកត្តាគន្លឹះមួយក្នុងការធានាដល់សន្តិភាព ដោយបដិសេធ​​ចំពោះឥរិយាបទបែប " នាម៉ឺននិយម និងស្តេចក្រាញ់និយម" ដែលជាដើមចមនាំឲ្យមានគម្លាតរវាង "រាស្ត្រ និង មន្ត្រីរដ្ឋ" ដែលជាឥរិយាបទផ្ទុយពីវត្ថុបំណងពិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់ប្រជាជាតិកម្ពុជាយើង។

សូមបញ្ជាក់ថា ការសំណេះសំណាលនេះ ប្រព្រឹត្តទៅប្រកបដោយភាពល្អូកល្អឺន រីករាយ ទំនុកចិត្ត និងគ្មានការរើសអើងពណ៌សម្បុរនយោបាយ ហើយមានភាពស្និទ្ធស្នាលស្មើមុខគ្នា ដោយគ្មានឥរិយាបទក្រអឺតក្រទម។ តាមរយៈនេះ បានផ្តល់នូវការយល់ចិត្តគ្នា ហើយប្រជា​ពលរដ្ឋបានសម្តែងនូវសេចក្តីស្រឡាញ់ និងអរគុណដល់សម្តេចតេជោ ហ៊ុន សែន។ បេសកកម្មរបស់ក្រុមជំនួយការសម្តេចតេជោ បានប្រកាន់យកនូវគំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងភាព​ស្និទ្ធស្នាល និងសាមញ្ញជាមួយមហាជន ប្រកបដោយលក្ខណៈជាភាតរៈ រួមរស់ក្នុងសហគមន៍ជាតិកម្ពុជាតែមួយ។ បេសកកម្មនេះ គឺផ្តោតសំខាន់ លើការលើកស្ទួយនូវការយល់អំពីសេចក្តីស្រឡាញ់ រវាងសម្តេចនាយករដ្ឋមន្ត្រី និងប្រជាជនមូលដ្ឋាន ព្រមទាំងក្នុងគោលដៅពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពស្របតាមគំរូដ៏ប្រពៃ​របស់​សម្តេចប្រមុខរាជរដ្ឋាភិបាល៕



No comments:

Post a Comment