Tuesday, February 23, 2016

សម្ដេចតេជោ ហ៊ុន សែន អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីគ្រោះថ្នាក់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងរយៈកាលជាង ២០

ឆ្នាំកន្លងមកនេះកម្ពុជាបានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះមីន និងគ្រាប់មិនទាន់ផ្ទុះដែលនៅសល់ពីសម័យសង្គ្រាម។
យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេច តេជោ ហ៊ុន សែន ដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ហោះសារអំពាវនាវឲ្យដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា កម្ពុជាបានចាប់ផ្ដើមបោសសំអាតគ្រាប់មីនជាលក្ខណៈមនុស្សធម៌ និងជាបន្ទាន់នៅឆ្នាំ១៩៩២ ដើម្បីធានាសុវត្ថិភាព និងផ្ដល់ដីបង្កបង្កើនផលសម្រាប់ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនភៀសសឹកមកពីតាមព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនិងនោះ គឺរំដោះដីជូនប្រជាពលរដ្ឋទូទៅធ្វើស្រែចំការ រៀបចំភូមិដ្ឋាន ផ្លូវថ្នល់សាលារៀន វត្ដអារាមដើម្បីជីវិតរស់នៅដ៏សុខសាន្ដរបស់ប្រជាជន និងដើម្បីរដ្ឋាភិបាលមានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធជាសារវន្ដនានារបស់ជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមថា ចាប់តាំងពីឆ្នំ ១៩៩៥ មក រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាយល់ដឹងអំពីមីននៅថ្ងៃទី២៤ កុម្ភៈ ដើម្បីអប់រំប្រជាពលរដ្ឋអោយយល់ដឹងពីគ្រោះថ្នាក់មីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងវិធានការសង្គ្រោះជនរងគ្រោះដោយសារមីន។ សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីចៀសវាងគ្រោះថ្នាក់នេះ។

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ត្រូវតែយកចិត្ដទុកដាក់ពិនិត្យតាមដានសកម្មភាព និងគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងទឹកដីភូមិសាស្ដ្ររបស់ខ្លួន ដែលបានបង្ករគ្រោះថ្នាក់មកលើប្រជាពលរដ្ឋដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ ត្រូវធ្វើសកម្មភាពអប់រំប្រជាពលរដ្ឋអោយយល់ដឹងចេះ ការពារខ្លួន និងដោះស្រាយជាបន្ទាន់នូវសំំណូមពររបស់ប្រជាពលរដ្ឋ។ ចំពោះបងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស សូមប្រយ័ត្ននិងកុំប៉ះពាល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលអាចបណ្តាលអោយមានគ្រោះថ្នាក់៕




No comments:

Post a Comment