Friday, September 25, 2015

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះចំនួនពីរ នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការ សហប្រជាជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះចំនួនពីរ នៅក្នុងកិច្ចប្រជុំកំពូល របស់ អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈ នៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥។ ជាមួយគ្នានេះ ក្នុងឱកាសស្នាក់នៅបូរីញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលជួបសម្ភាសន៍ជាមួយ ផលិតករ ខ្សែភាពយន្ត នៃក្រុមហ៊ុន Ithaca Filmworks ហើយនិងជួបសំណេះសំណាល ជាមួយតំណាងបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ជាង២០០នាក់ ។

តាមប្រភពព័ត៌មានដែលបានផ្ដល់ពីអ្នកយកពត៌មានពិសេស របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ កម្ពុជា បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាស យានដ្ឋាន អន្តរជាតិ John F. Kennedy បូរីញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ២០និង៥៥នាទី ម៉ោងនៅទីក្រុងញូយ៉ក ថ្ងៃទី២៣កញ្ញា ត្រូវនឹង ម៉ោង ៧និង៥៥នាទី ព្រឹកថ្ងៃទី២៤កញ្ញា ម៉ោងនៅប្រទេសកម្ពុជា ។

សូមរម្លឹកថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅកាន់ បូរីញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍ ក្រោយឆ្នាំ២០១៥ នៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ បូរីញូយ៉ក សហរដ្ឋអាមេរិក ដែលនឹងប្រារព្ធធ្វើឡើងនៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧កញ្ញា។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានគារវកិច្ចស្វាគមន៍ ពីសំណាក់ ឥស្សរជនជាន់ខ្ពស់ តំណាងឯកឧត្តមអគ្គលេខាធិការអង្គការ សហប្រជាជាតិ, ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត តំណាងអចិន្រៃ្តយ៍ប្រចាំអង្គការសហប្រជាជាតិ ព្រមទាំង ឥស្សរជនអ្នកការទូត របស់ព្រះរាជាណាចក្រម្ពុជាជាច្រើនរូប ។  ដោយឡែក វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់សណ្ឋាគារ ស្នាក់អាស្រ័យរបស់សម្តេច ក៏ត្រូវបាន គារវកិច្ចស្វាគមន៍យ៉ាង ស្និទ្ធស្នាល រាក់ទាក់ ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងវ៉ាស៊ីនតោន ព្រមទាំងពីសំណាក់ ជនរួមជាតិកម្ពុជា ដែលរស់នៅតាមបណ្តារដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក ។

នៅក្នុងឱកាស នៃការស្នាក់អាស្រ័យនៅបូរីញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែង សុន្ទរកថាគន្លឹះចំនួនពីរ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈ នៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបសម្ភាសន៍ ជាមួយនឹងអ្នកផលិតខ្សែភាពយន្ត នៃក្រុមហ៊ុន Ithaca Film Works រួមទាំងការជួបសំណេះ សំណាលជាមួយតំណាងបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ជាង២០០នាក់ ផងដែរ ៕ 
          
      

No comments:

Post a Comment