Friday, September 25, 2015

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនជនរួមជាតិខ្មែរ ចំនួនប្រមាណជាង២០០នាក់ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក កាណាដា បារាំង និងអាល្លឺម៉ង់






នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ដែលជា ថ្ងៃទី២ នៃការស្នាក់អាស្រ័យ នៅបូរីញូវយ៉ក សហរដ្ឋ អាមេរិក ដើម្បី​អញ្ជើញចូលរួមកិច្ចប្រជុំ កំពូល របស់អង្គការ​សហប្រជាជាតិ ស្តីពីរបៀបវារៈ នៃការអភិវឌ្ឍ ក្រោយឆ្នាំ២០១៥  សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួប សំណេះសំណាល​ដោយផ្ទាល់ជាមួយ បងប្អូនជន រួមជាតិខ្មែរ ចំនួនប្រមាណជាង ២០០នាក់ ដែលកំពុង​រស់នៅសហរដ្ឋអាមេរិក ប្រទេសកាណាដា បារាំង និងសហព័ន្ធអាល្លឺម៉ង់។

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត និងជាតំណាង អចិន្រៃ្តយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គ​ការ​សហប្រជាជាតិ នៅបូរីញូវយ៉ក សហរដ្ឋ អាមេរិក មានប្រសាសន៍ជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តីថា បើទោះបីជាឃ្លាត​ឆ្ងាយពីស្រុក កំណើត មានរយៈពេលដ៏យូរក៏ពិតមែន ប៉ុន្តែបង​ប្អូនជនរួមជាតិ​ទាំង​អស់ នៅតែរក្សាការពារបាន នូវទំនៀមទម្លាប់ប្រពៃណីជាតិយ៉ាងល្អផូរផង់។ ឯកឧត្តមបន្តថា វត្តមានរបស់ សម្តេច​តេ​ជោនាយក រដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់មកកាន់ សហរដ្ឋអាមេរិកនៅពេលនេះ គឺបាន បង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចតេជោ ចំពោះសុខទុក្ខនិងជីវភាពរស់នៅ របស់ បងប្អូនជន​រួម​ជាតិ​ទាំងអស់ ដែលរស់នៅឃ្លាតចាកឆ្ងាយ ពីស្រុកកំណើតជាទីស្រឡាញ់របស់ខ្លួន។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនជនរួមជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិក កាណាដា បារាំង និងសហព័ន្ធអាល្លឺម៉ង់ សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមាន​សេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ​ បងប្អូនជន​រួម​ជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីដ៏កម្រនៅថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍​បន្ត​ថា កម្ពុជាបានឆ្លងកាត់នូវសង្រ្គាម និងរបបប្រល័យពូជសាសន៍ដ៏ល្វីងជូរចត់បំផុត បើប្រៀបធៀប​ទៅនិង​បណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត ព្រាត់ប្រាស់គ្នា ចាកចោល​ស្រុកកំណើតរបស់ខ្លួន មករួចរស់ពីសេចក្តីស្លាប់ និងសង្រ្គាមនៅបរទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍នៅ ចំពោះមុខបងប្អូនជនរួមជាតិទាំងអស់នោះដែរថា ដោយសារតែប្រវត្តិសាស្រ្តដ៏ជូរចត់​នោះហើយ គឺយើងពិតជាមិនចង់បាននូវ ប្រវត្តិសាស្រ្តច្រំដែល បែបនោះ កើតឡើងសារជាថ្មីនៅលើទឹក​ដី​ ដ៏កំសត់របស់យើងតទៅមុខទៀតនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា សម្តេច​បាន​សិក្សាពីប្រវត្តិនៃសង្រ្គាមដែលបានកើតនៅ លើបណ្តាប្រទេសមួយចំនួនលើពិភពលោក ពោលគឺយើងមិន​អាចប្រើប្រាស់សង្រ្គាមដើម្បី បញ្ចប់សង្រ្គាម បាននោះទេ តាមរយៈនេះហើយបានជារូបសម្តេចផ្ទាល់​បាន​ចំណាយពេលវេលាដ៏ច្រើនបំផុត ក្នុងការ ស្វែងរកការចរចាបញ្ចប់សង្រ្គាមបង្ហូរឈាម រវាងខ្មែរនិងខ្មែរគ្នាឯង បើទោះបីជាដល់ទីកន្លែងណាក៏ដោយ ក្នុងពិភពលោកយើងនេះ។ នៅចំ​ពោះមុនបងប្អូនជនរួមជាតិខ្មែរ​នោះ​ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន ធ្វើការក្រើនរំលឹកដល់បងប្អូនជន​រួមជាតិខ្មែរទាំងអស់ បញ្ឈប់ការលាប​ពណ៌ដាក់គ្នាពោលគឺយើង កុំខ្វល់ពីអតីតកាលថាជាអ្វីនោះទេ ផ្ទុយ​ទៅវិញគឺយើងទាំងអស់គ្នាជាជាតិ​សាសន៍ខ្មែរ​តែមួយ ហើយកាល ដែលយើងមករស់នៅបែកឃ្លាតពីប្រទេស កំណើតគឺកើតឡើងដោយសារ​តែអ្នកនយោបាយមួយចំនួន  ដែលបង្ខំឲ្យយើងទៅនៅទីនេះទៅនៅទីនោះបែបនេះ។ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តីមានប្រសាសន៍ បន្តថា បច្ចុប្បន្ននេះស្ថានភាពរបស់ប្រទេសកម្ពុជា មិនដូចពីពេលមុនតទៅ​ទៀតទេ គឺកម្ពុជាកំពុង ធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពីទីក្រុងរហូតដល់តំបន់​ចុង​កាត់មាត់ញក។ សម្តេច តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចមានប្រសាសន៍នៅពេលនេះ គឺមិនមែន​និយាយក្នុងនាមជាមេដឹកនាំ​គណបក្ស​នយោបាយនោះទេ ផ្ទុយទៅវិញគឺរូបសម្តេចនិយាយក្នុងនាមជា​ប្រមុខ​ដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសមួយកំពុងដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍ​រីកចំរើនលើគ្រប់វិស័យ។ សម្តេចតេ​ជោមានប្រសាសន៍សង្កត់ធ្ងន់នៅចំពោះមុខបងប្អូនទាំងនោះថា អ្វីដែល ​បងប្អូនបានឮនិងបានឃើញនៅ​តាម​បណ្តាញសារព័ត៌មាន ពីប្រទេសកំណើតរបស់ខ្លួន គឺវាមិនទាន់ គ្រប់​គ្រាន់​នោះទេ ផ្ទុយទៅវិញគឺមានតែបងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេង​ស្រុកកំណើត​ដោយ​ផ្ទាល់​ទេទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះ។ សម្តេចតេជោមាន​ប្រសា​សន៍សង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមិនមែនជាប្រទេសរបស់អ្នកកាន់អំណាច មួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញប្រទេសកម្ពុជា គឺជាប្រ​ទេសរបស់ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជនរួមជាតិ​ខ្មែរទាំង​អស់ ដែលកំពុងមានវត្តមានរស់នៅក្រៅប្រទេសទាំងអស់ផងដែរ។

សម្តេចតេជោមានប្រសាសន៍បន្តថា វប្បធម៌សន្ទនាដែលបង្កើតឡើងដោយរូបសម្តេច និងឯកឧត្តម សម រង្សី ហាក់មិនមានភាពល្អប្រសើរទាល់​តែសោះ ដោយសារតែភាគីម្ខាងកេងចំណេញខាងនយោបាយ បំរើផលប្រយោជន៍គណបក្សជាជាងបំរើឲ្យផលប្រយោជន៍ប្រទេស និងប្រជាជនកម្ពុជា។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា វប្បធម៌សន្ទនា មិនមែនទើបតែកើតឡើងនៅពេលនេះនោះទេ គឺវាបានកើតឡើងស្ទើរតែពាក់កណ្តាលជីវិតរបស់សម្តេចទៅ ទៀត។ សម្តេចមានប្រសាសន៍បន្តថា សម្តេចបានលើកឯកឧត្តម សម រង្សី ធ្វើជាដៃគូសន្ទនា ប៉ុន្តែនេះមិនមែនជាលើកដំបូងរបស់ សម្តេចនោះទេ ដៃគូសន្ទនារបស់សម្តេចគឺព្រះករុណាព្រះបរមរតនកោដ្ឋ ដែលការចរចាចាប់ផ្តើមនៅ ហ្វែរអង់តែឌឺន័រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ហើយមុនពេលមកដល់នៃដំណាក់កាល នៃការចរចាកំរិតកំពូលនោះ សម្តេចបានប្រើប្រាស់ពេលវេលាជាច្រើនណាស់ ក្នុងការសន្ទនាគ្នាដើម្បី បញ្ចប់បញ្ហា។ សម្តេចតេជោបន្តថា សម្តេចមិនជឿថាការប្រើប្រាស់សង្រ្គាមដើម្បីបញ្ចប់សង្រ្គាម គឺមិនអាចទៅរួចនោះទេ ផ្ទុយទៅវិញមានតែការសន្ទនាគ្នា ចរចាគ្នានោះទើបអាចបញ្ចប់សង្រ្គាម និងជម្លោះខាងនយោបាយបាន។  តាមរយៈពិធីសំណេះសំណាល​ក្នុង​លក្ខណៈជាមហាគ្រួសារនោះដែរ  សម្តេច​តេជោនាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍ ថ្លែងនូវអំណរគុណជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានរួមវិភាគទានដល់ការ​អភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះជា សក្ខីភាពស្រាប់៕



No comments:

Post a Comment