Friday, August 21, 2015

បទអត្ថាធិប្បាយ ដោយ៖ រត្ន័ សណ្ដាប់,តើនរណាជា​អ្នកស្នេហាជាតិ នរណា​ជាជន​ទុច្ចរិត?

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ នៅវិមាន​សន្ដិភាពនៃ​ទីស្ដីការគណៈ​រដ្ឋមន្រ្ដី មានពិធី​ជាប្រវត្ដិសាស្រ្ដ​មួយ ដែលពិភព​លោក និងកម្ពុជា បានឃើញ​យ៉ាង​ប្រត្សក្យ នូវការ​ទទួល និង​ពិនិត្យផែន​ទីដែល​បានខ្ចី ពី អង្គការសហប្រជា​ជាតិ (អ.ស.ប.) មកផ្ទៀងផ្ទាត់​ជាមួយផែន​ទីដែលរាជរដ្ឋាភិបាល​បាន និងកំពុងប្រើ​ប្រាស់ជាផ្លូវ​ការ តំាងពីណា​ពីណីមក ដើម្បី​ជាសក្ខីភាព​ក្នុងការឆ្លុះបញ្ចាំង​ពីការខិតខំ​ប្រឹងប្រែងត​ស៊ូ ភាពយុត្ដិធម៌ និងការទទួល​ខុសត្រូវ មិនឲ្យជន​ទុច្ចរិតបណ្ដុះបង្អាប់ បំភាន់​ភ្នែកប្រជាពលរដ្ឋ​កម្ពុជា បានទ្បើយ។ លទ្ធផលបាន​បង្ហាញភាព«ត្រឹមត្រូវឥតខ្ចោះ»
 ក្នុង​ស្មារតីមុះ​មុត ក្នុងការ​ដឹកនំាប្រទេស​ជាតិ ដឹកនំារាជរដ្ឋាភិ​បាល ដើម្បី សន្ដិភាព សុវត្ថិភាព សុខ​មាលភាព​របស់ប្រជាពល​រដ្ឋ និងការ​អភិវឌ្ឍ​ប្រទេស សម្ដេច ហ៊ុន សែន មិន​ចង់​ឃើញទង្វើដ៏ទុច្ចរិត​របស់បក្ស​ប្រឆំាង មកបំផ្លាញ​នូវសមិទ្ធិ​ផលនេះ ដោយ​គ្រាន់តែ​ធ្វើអំពើទុច្ចរិត មួយប្រពិចភ្នែក នោះ​បាន​ទ្បើយ។
 ហេតុអ្វី​បានជាមាន​ដល់រឿងនេះព្រោះ​ថាបក្ស​ប្រឆំាង ដោយ​គ្មានអ្វីអួត​នឹងគេ ដើម្បី​បិទបំា​ងនូវអស​មត្ថភាព​របស់ខ្លួន នូវភាព​អសកម្មរ​បស់ខ្លួន ក៏តំាងរៀប​ចំក្បួនដ៏​ទុច្ចរិត ចោទ​ប្រកាន់យ៉ាង​ស្មោកគ្រោក​ជាទីបំផុត ថា រាជរដ្ឋាភិបាល​ប្រើប្រាស់​ផែនទីក្លែង​ក្លាយ ដើម្បី​គូសខ្សែបន្ទាត់ ព្រំដែន ជាមួយ​ប្រទេសវៀត​ណាម ក៏តាំង​បង្កើតចលនា​អុជអាល បញ្ឆេះកំហឹង​ប្រជាជន ព្រះ​សង្ឃ និសិ្សត ដោយ​ចុះទៅអុក​ទ្បុកនៅ​ព្រំដែនរ​វាងកម្ពុជា-វៀតណាម កាលពី​២ខែ​មុន ដែលញុំាង​ដល់មានការ​ប្រទូស្ដរ៉ាយ បណ្ដាល​ឲ្យរបួសដល់​ប្រជាពលរដ្ឋ​នៃប្រទេស​ទំាង​ពីរ។
ព្រឹត្ដិការណ៍​ថ្ងៃទី២០ ខែសីហា​នេះ គឺជាព្រឹត្ដិការណ៍​ដ៏មានខ្លឹមសារជា​ទីបំផុត សម្រាប់​ប្រជាជនស្លូតត្រង់ សម្រាប់​ថ្នាក់ដឹកនំាគ្រប់រូប សម្រាប់​រាជរដ្ឋាភិ​បាល ក៏ដូច​ជាសម្រាប់​គណបក្សប្រជាជន​កម្ពុជា ដែលមានតំ​ណាង អ.ស.ប. ពំានំានូវ​ផែនទី ដែលជា​កេរ្ដិ៍ដំណែល​ដ៏ថ្លៃថ្លារបស់​ខ្មែរ មកផ្ទៀង​ផ្ទាត់យ៉ាង​ហ្មត់​ចត់ ក្រោម​ក្រសែភ្នែក​របស់តំណាង​រាជរដ្ឋា​ភិបាល គណ​បក្សបី«គណបក្សប្រជា​ជនកម្ពុជា​កម្ពុជា គណបក្សសង្រ្គោះ​ជាតិ និងគណបក្ស​ហ្វ៊ុនស៊ិនប៉ិច» ស្ថាប័ន​កំពូលៗមួយ​ចំនួនទៀ​ត និងអ្នកសារ​ព័ត៌មាន បានឃើញ​ពន្លឺច្បាស់ក្រទ្បែត​ ពីការបោក​ប្រាស់របស់បក្ស​ប្រឆំាង​មួយនេះ។
បរិការ​ដ៏ច្បាស់ក្រទ្បែត​នេះ បានធ្វើ​ឲ្យប្រជាពលរដ្ឋ​គ្រប់រូប ចោទសួរទៅ​វិញទោះ​មក ថា នរណា​ជាអ្នក​ស្នេហាជាតិ ពិត និងនរណា​ជាជនទុច្ច​រិតជាក់ស្ដែង​គេឃើញអ្នក​ដឹកនំា ​និងមន្រ្ដីជាន់​ខ្ពស់ ជាច្រើនរូប​នៃក្រុមបក្ស​ប្រឆំាង​បានរត់ចេញ​ពីប្រទេស ទៅសំងំនៅ​បរទេស​យ៉ាងរំភើយ គេចវះ​ពីការពិត ខ្មាស​គេនៅក្នុងប្រ​ទេស ភ័យខ្លាច​ពីការចាប់​ខ្លួន ដូច​ជាជនប្រព្រឹ​ត្ដិបទល្មើស ឈ្មោះ ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី យ៉ាង​នេះដែរ។
ទន្ទឹមនឹង​នេះ គេកំពុងចោទ​សួរថា តើដល់​ពេលណា ពួកជន​ទុច្ចរិតចាប់ផ្ដើម​មាន​បេះដូងបរិសុទ្ធ ចាប់​ផ្ដើមធ្វើសកម្មភាព​រួមចំណែក​អភិវឌ្ឈស្រុក​ទេសជាមួយរាជ​រដ្ឋាភិបាល។ តើ​ដល់ពេលណា​ទើបពួក​គេកំចាត់​ចោលបេះ​ដូងខ្មៅ​ក្រខ្វក់ ដឹកនំាធ្វើបាតុ​កម្ម បំផ្លាញ​ពេលវេលា​ប្រជាពលរដ្ឋ ធ្វើឲ្យ​ខូចសណ្ដាប់​ធ្នាប់សង្គម បញ្ឆេះ​កំហឹង​ពូជ​សាសន៍។ល។
យើង​សួរទៀត​ថា តើពេលណា​ទៅ ទើប​សមាជិក​សភា និង​សកម្មជន​បក្សប្រឆំា​ងឈប់​យកឱកាសពេល​ចុះមូលដ្ឋាន ធ្វើសកម្មភាព​អកុសល និយាយ​បង្ខូចការ​ដឹកនាំរបស់រ​ដ្ឋាភិបាល​ហើយងាកមក​រួមចំណែក​ជាមួយប្រជាពលរដ្ឋ អ្នកស្រែ​ចំការ នំាបច្ចេកទេស​ថ្មីៗមកជួយ​យុវជនឲ្យមាន​សមត្ថភាព ដើម្បី​បម្រើប្រទេស​ជាតិ?
ជាសរុប នៅសង្គម​ណា ជាតិសាសន៍​ណា សាសនាណា​ក៏ដោយ តែង​តែអប់រំ​មនុស្សឲ្យប្រព្រឹត្ដិ​អំពើល្អ ជៀសវាង​អំពើទុច្ចរិត ព្រោះថាអំពើទុច្ច​រិត មិនយូរមិន​ឆាប់នឹងត្រូវ​លេចធ្លោ​ នឹងទទួល​ផលអវិជ្ជមាន​តាម​ផ្លូវច្បាប់ មានជាប់​គុក ឬនៅប្រទេស​ជាច្រើនលើស​កលលោក​ត្រូវទទួល​ទោស​ប្រហារជីវិត។
យើង​យល់ថា ទង្វើទំាង​អម្ប៉ាល​ម៉ានដែល​បក្សប្រឆំាង​បាន និងកំពុង​ធ្វើនោះ គឺបាន​ជះផលអាក្រក់​មកលើ​ខ្លួនឯង​វិញ គឺបាន​បង្ហាញច្បាស់​ថា តើគេត្រូ​វជ្រើសរើស​យកជនទុ​ច្ចរិតមក​ដឹកនំាប្រ​ទេស ដែរ ឬទេ»?!

No comments:

Post a Comment