Friday, August 21, 2015

បណ្ឌិត សុខ ទូច បញ្ជាក់ថាមានតែផែនទីរបស់រាជរដ្ឋាភិបាលទេដែលអាចយកទៅប្រើប្រាស់សម្រាប់បោះបង្គោលព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម

កាល​ពី​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៥ បណ្ឌិត​ សុខ ទូច​ និង​សហការី​ចំនួន៣រូបទៀត បានចូលរួម​ក្នុង​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ខ្ចី​មក​ពី​អង្គការ​សហប្រជាជាតិ និង​ផែនទី​ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រើប្រាស់​បច្ចុប្បន្នក្នុង​ការ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែន​ប្រទេស​កម្ពុជា ជាមួយប្រទេសវៀតណាម។  

ក្រោយ​ពី​បាន​ចូល​រួម​ក្នុងដំណើរការ​ផ្ទៀង​ផ្ទាត់​នោះ ក្រុម​ស្រាវ​ជ្រាវ​ព្រំដែន​កម្ពុជា​បាន​ធ្វើ​សេចក្តី​បញ្ជាក់​ថា ការ​ផ្ទៀត​ផ្ទាត់​ផែនទី​នោះ​ គឺ​មិន​មែន​យក​ផែនទី​របស់​រដ្ឋាភិបាល​ទៅ​ផ្ទៀង​ផ្ទាត់​ជាមួយ​ផែនទី​ដែល​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ​ទេ គឺ​យក​ផែនទី​ដែល​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ​មក​ផ្ទៀង​ផ្ទាត់​ជាមួយផែនទី​ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​ ពីព្រោះ​ផែនទី​​រាជរដ្ឋាភិបាល​​កំពុង​ប្រើប្រាស់​ មាន​គ្រប់​ចំនួន​ទាំង​ ២៦ផ្ទាំង និង​មាន​មូលដ្ឋាន​គតិយុត្តិ​រឹងមាំដោយ​មាន​ការ​អនុម័តយល់ព្រម​ពី​ស្ថាប័ន​នីតិប្រតិបត្តិ និង​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​​​ប្រទេស​ទាំង​ពីរ​ កម្ពុជា និង​វៀតណាម។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍ព័ត៌មាន ស្តីពី​ដំណើរការ​ផ្ទៀងផ្ទាត់​ផែនទី​ពី​អង្គការ​សហប្រជាជាតិ ចេញដោយ​​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជានៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត សុខ ទូច ​ថ្ងៃទី២០ ខែ​សីហា ឆ្នាំ​២០១៥។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ទៀត​ថា ផែនទី​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​​ប្រគល់​ផែនទី​ជូន​​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​ចំនួន ២៦ផ្ទាំង ប៉ុន្តែ​យកជាការ​បានតែ​២៤ផ្ទាំង​តែ​ប៉ុណ្ណោះ និង​ផែនទី​ដែល​ខ្ចី​មកពី​អង្គការ​សហប្រជាជាតិ​មាន​តែ​ ១៨​ផ្ទាំង​ទេ ដូច្នេះ​ក្រុម​ស្រាវ​ជា្រវ​យល់​ឃើញ​ថា គឺមាន​តែ​ផែនទី​របស់​រាជរដ្ឋាភិបាល​ទេ ទើប​អាច​យក​ប្រើប្រាស់​សម្រាប់​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំ​ដែន​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម​បាន ហើយ​សូម​អ្នក​ពាក់ព័ន្ធ​គ្រប់​និន្នាការ​នយោបាយ ឈប់​ខ្វែង​គំនិត​គ្នា​លើ​ការ​ប្រើប្រាស់​ផែនទី​តទៅទៀត​ទៅ៕

No comments:

Post a Comment