Monday, July 20, 2015

លោក សោម អូន ស្វាគមន៏ ការផ្តួចផ្តើមគំនិតរបស់នាយករដ្ឋមន្ត្រី ឲ្យមានការធារ៉ាប់រងសុខភាពកម្មករ និយោជិត និងព្យាបាលជំងឺអត់យកលុយ

លោក សោម អូន​ ក្នុងនាមជាមេ​សហជីពមួយនៅ​ ក្នុងប្រទេសកម្ពុជា ​បានប្រាប់​និងជូនដំណឹងថ្មី​ ទៅក្រុមកម្មករ ​កម្មការិនី​ នៅខេត្តតាកែវ​ ថា​ លោកមានការគាំទ្រយ៉ាង​ពេញទំហឹង​ ចំពោះការផ្តួច​ផ្តើមគំនិត​ របស់ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ​ ហ៊ុន ​សែន​ ឲ្យមានការធនា​រ៉ាប់រង​សុខភាពកម្មករ ​និងនិយោជិត​ ព្រមទាំងការ​ព្យាបាលអត់យក​ប្រាក់។​
ការលើកឡើង​ និងបង្ហើប​ពីដំណឹងថ្មីនេះ​ បានធ្វើឡើង ​នៅព្រឹកថ្ងៃទី១៩ ​ខែកក្កដា ឆ្នាំ​២០១៥ ​ខណ:ដែល ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋានឃុំកុមារា​ជាដឹកនាំដោយ ​ឯកឧត្តម ​សោម អូន ​តំណាងឯកឧត្តម ​ស្វាយ ស៊ីថា ​រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុម​ការងារ​ថ្នាក់ជាតិចុះឃុំ​កុមារាជា​ បានដឹកនាំក្រុម​ការងារសហជីព​ បើកវគ្គសិក្ខា​សាលាស្តីពី​ច្បាប់ការងារ​ នៃព្រះរាជា​ណាចក្រកម្ពុជា​ និងបទដ្ឋានផ្សេងៗ​ ដល់កម្មករ​និយោជិត​ដែលរស់នៅ​ក្នុងភូមិត្រពាំងផ្លុង ​ឃុំកុមារាជា​ ស្រុកបាទី​ ខេត្តតាកែវ ។
ពាក់ព័ន្ឋទៅ​និង ​បញ្ហាប្រាក់​ឈ្នួលអប្បបរមាកម្មករ ​ឯកឧត្តម សោម ​អូន ​បានពន្យល់ថា ​ជាធម្មតាប្រាក់​ឈ្នួលអប្បបរមា​ របស់កម្មករ​ត្រូវបានពិភាក្សា​តម្លើងជូន​កម្មករនិយោជិត​ជារៀង​រាល់ឆ្នាំ ​គឺមួយឆ្នាំម្តង​ ដោយធ្វើទៅ​តាមការកំណត់​របស់គណកម្ម​ការប្រាក់ឈ្នួល​ ដោយ​គ្មានការ​ទាមទារ ​រឺ ​ការបង្ខិតបង្ខំ​ពី​ភាគីណា​មួយឡើយ​ ហើយសម្រាប់​ការតម្លើងប្រាក់ ​ឈ្នួលកម្មករ​នៅឆ្នាំ​២០១៦ ​ខាងមុខនេះ​ គឺភាគីពាក់ព័ន្ឋ​បាន និង​កំពុងតែពិភាក្សា​ ដោយមានការចូលរួម​ផ្តល់យោបល់​ពីអង្គការពលកម្ម​អន្តរជាតិ(ILO) ហើយការចរចានេះ​ នឹង​បញ្ចប់នៅក្នុង​រង្វង់ខែតុលា ​ឆ្នាំ២០១៥​ និងចាប់ផ្តើម​អនុវត្តនៅ​ខែមករា​ ឆ្នាំ២០១៦ ។
​លោក ​សោម ​អូន ​ក៏បានបង្ហើប​ឲ្យដឹងដែរថា​ កន្លងមកថ្មីៗ​នេះសម្តេចនាយក​រដ្ឋមន្ត្រីបាន​ផ្តួចផ្តើម ​ដាក់ឲ្យអនុវត្ត​ការធារ៉ាប់រង​សុខមាលភាព​កម្មករ ​ដែលកម្មករ​និយោជិត​ទាំងអស់ ​នឹងទទួល​បាននូវសេវា​ព្យាបាល​សុខភាព​ដោយមិនគិតថ្លៃ​។ នេះគឺជាគំរោង​ផែនការ​ថ្មីមួយ​ទៀត​ របស់រាជរដ្ឋាភិបាល​ ដែលកម្រកើតមាន​ឡើងនៅក្នុង​ប្រវត្តិសាស្ត្រ​ប្រទេសកម្ពុជា៕
 អត្ថបទ៖ ក្រុមការងារចុះមូលដ្ឋាន ឃុំកុមាររាជា




No comments:

Post a Comment