Monday, July 20, 2015

វិស័យដឹកជញ្ជូនផ្លូវអាកាស ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់

នៅក្នុងកិច្ចប្រជុំ​ថ្នាក់តំបន់គណៈ​កម្មាធិការ​ដឹកនាំសម្រប​សម្រួលលើកទី៤​ នៃគម្រោងការពង្រឹង​សមត្ថភាពដើម្បី​ឈានទៅអនុវត្តការ​ប្រើប្រាស់ប្រព័ន្ធ​នាំផ្លូវហោះហើរ​ និង​គ្រប់គ្រងចរាចរផ្លូវ​អាកាសថ្មីតាម​ផ្កាយរណប ​នៅថ្ងៃទី ២០ ខែកក្កដា ​ឆ្នាំ២០១៥នេះ ​នៅទីស្តីការគណៈរដ្ឋមន្ត្រី​ ឯកឧត្តម ​ម៉ៅ ហាវណ្ណាល់ ​រដ្ឋលេខាធិការ​នៃរដ្ឋលេខាធិការ​ដ្ឋានអាកាសចរស៊ីវិល​ បានឲ្យដឹងថា​ វិស័យដឹកជញ្ជូនផ្លូវ​អាកាសក្នុង​ប្រទេសកម្ពុជា ​មានការរីកចម្រើន​គួរឱ្យកត់​សម្គាល់ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយ។​ ឯកឧត្តមបានបន្តថា​ នៅក្នុងឆ្នាំ២០១៤​ អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ​ទទួលបានអ្នកដំណើរ ​២,៧លាននាក់ ​កើនចំនួន ១១,៤% ​ប្រៀបធៀបនឹងឆ្នាំ២០១៣ ​និងអាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប ​ទទួលបានអ្នកដំណើរ​ចំនួនជាង ​៣ លាននាក់ ​កើនចំនួន ១៣,៣% ​ប្រៀបធៀបនឹងឆ្នាំ​ ២០១៣​ ឫ សរុបអ្នកដំណើរ​ចំនួន ៥,៧​ លាននាក់ កើន​ចំនួន ១២,៤% ក្នុងឆ្នាំ​២០១៤ ​ប្រៀបធៀបនឹងឆ្នាំ ​២០១៣ ​ក្នុងនោះអ្នកដំណើរ​មកពីអាកាសយាន​ដ្ឋានផ្សេងៗ ​ចំនួន ​១១៩ ឫ​ ពីប្រទេសចំនួន ​៤៣។
យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ ​របស់រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរស៊ីវិលបាន​បញ្ជាក់ថាតាមរយៈ​ការអនុវត្តគម្រោង​ពង្រឹងសមត្ថភាព​ ដើម្បីឈានទៅអនុវត្ត​ការប្រើប្រាស់​ប្រព័ន្ធនាំ​ផ្លូវហោះហើរ ​និង​គ្រប់គ្រង​ចរាចរផ្លូវ​អាកាសថ្មី​តាមផ្កាយរណប ​គឺ​បានកាត់​បន្ថយ​នូវចំងាយ​ហោះហើរ​ចំនួន ៦,១​ ម៉ាយ​( NM ) ឬ​ ប្រហែល​១០គ.ម​ និង​បានកាត់បន្ថយ​ពេលវេលា​១,៧ នាទី​សម្រាប់ការ​ហោះហើរ​នីមួយៗ​របស់អាកាសយាន។ ​ការហោះហើរ​តាមផ្កាយ​រណបនេះ​បានកាត់បន្ថយ​នូវហានិភ័យ​ដែលអាច​កើតមានឡើង ​របស់​ប្រតិបត្តិការ​អាកាសយាន​ដ្ឋាន​ ដែលមាន​កំរិតទាប​ជាង៣ ​បើទោះជាប​មានការកើន​ឡើង​នៃប្រតិបត្តិការ​អាកាសយាន​ជារៀងរាល់​ឆ្នាំក៏ដោយ។​
សេចក្តី​ប្រកាសព័ត៌មាន​នេះដែរ ​បានឲ្យដឹង​ទៀតថា ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​នាំផ្លូវអាកាស​ថ្មី ​New CNS/ATM បានអនុម័ត ​និងអនុវត្តដោយ​បែងចែក ​ជា០២ដំណាក់កាល​ គឺ១-​ ដំណាក់កាលទី០១ ​គម្រោងនៃការ​សិក្សា​ផែនការមេសិក្សា​លើការអភិវឌ្ឍន៍ប្រព័ន្ធ​ New CNS/ATM ថ្មី នេះត្រូវបាន​អនុវត្ត ​រយៈពេល១២ខែ​ គិតចាប់ពី​ ខែកុម្ភៈ​ ឆ្នាំ២០១០​ ដល់ខែមករា​ ឆ្នាំ២០១១​ អស់ថវិកាចំនួន ​០.៥៧​ លានដុល្លាអាមេរិក​ ដោយប្រើប្រាស់​ថវិកាបដិភាគរាជរដ្ឋាភិបាល​ ប្រមាណ​ ៦៨,១០០ដុល្លា ​អាមេរិក។ ២- ​ដំណាក់កាលទី២​  រ.ល.អ.ស​ ទទួលបានគម្រោង​បន្តជំនួយ​បច្ចេកទេស​លើប្រព័ន្ធ New CNS/ATM ដែលមាន ​រយៈពេល 0៥ឆ្នាំ​ (២០១១-២០១៥)​ មានឈ្មោះថា​គម្រោងការ​ពង្រឹង​សមត្ថភាព​ ដើម្បី​ឈានទៅ​អនុវត្តការប្រើប្រាស់ប្រព័ន្ធ​នាំ​ផ្លូវហោះហើរ​ និងគ្រប់គ្រងចរាចរផ្លូវ​អាកាសថ្មី ​New CNS/ATM ។​ ថវិកាចំណាយ​សរុប ៥០០លានយ៉េន ​ប្រហែល​ ៦ លានដុល្លាអាមេរិក​សម្រាប់បីប្រទេស ​កម្ពុជា ឡាវ ​និង វៀតណាម។ ​ដោយឡែកសម្រាប់​ប្រទេសកម្ពុជាអស់​ថវិកា ​ប្រហាក់​ប្រហែលចំនួន ​២ លានដុល្លារអាមេរិក ​ដែលក្នុងនោះ​ថវិកាបដិភាគ​របស់ភាគីកម្ពុ​ជាសម្រាប់រយៈ​ពេល​ ប្រាំឆ្នាំមានចំនួន ​២៣៤៨០០ដុល្លា ​អាមេរិក៕



No comments:

Post a Comment