សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់លោក Saphariny ដែលបាន ចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជាពីអតីតកាល កាលពីប្រមាណ ៣០ឆ្នាំមុន។
សម្តេចតេជោ មានប្រសាសន៏រម្លឹកឡើងវិញអំពីរឿងនេះ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យលោកបណ្ឌិត Moustapha Saphariny ប្រធានគណៈកម្មការវិនិយោគនៅប្រទេសចិននិងតំបន់អាស៊ី ចូល ជួបសំដែងការគួរសមនៅវិមានសន្តិ ភាពទីស្តី ការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៣ ខែឧសភានេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបនេះថា៖នៅក្នុងជំនួបនេះលោកបណ្ឌិត បានគោរពរម្លឹកជំរាបជូនសម្តេចតេជោអំពីរូបលោកដែលបានចូលរួមចំណែករៀបចំជួយក្នុងដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ហើយលោកក៏បានជូនសៀវភៅ អាល់ប៊ុម រូបថតអនុស្សាវរីយ៍ពីអតីតកាលនៃការស្វែងរកសន្តិភាព នាឱកាសនោះផងដែរ។
លោក Saphariny បានជំរាបជូនសម្តេចដែរថា នៅពេលដែលលោកបានមកដល់កម្ពុជានាពេលនេះ បានឃើញទីក្រុងភ្នំពេញ មានសោភណ្ឌភាពដ៏ស្រស់បំព្រងពោរ ពេញដោយ ក្តីញញឹម និងសន្តិភាព ដែលឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែង ក្រោមការដឹកនាំដ៏ត្រឹម ត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជា ឈានឆ្ពោះទៅ ការអភិវឌ្ឍ។ ក្នុងន័យនេះ ឯកឧត្តម បានគោរពសំដែងនូវការអបអរសាទរដោយស្មោះអស់ពីចិត្តចំពោះសម្តេច តេជោ ហ៊ុន សែន ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណចំពោះលោក បណ្ឌិត ដែលបាន រម្លឹកពីការងារដែលបានធ្វើរួមគ្នាពីអតីតកាលមានរយៈពេលប្រមាណ៣០ឆ្នាំមុន ហើយក៏បាន ថ្លែងអំណរគុណចំពោះការផ្តល់ជូនសៀវភៅ អាល់ប៊ុម រូបថត អនុស្សាវរីយ៍នេះ។
ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់លោក Saphariny ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងជាទីបញ្ចប់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជំរាបជូនលោក Moustapha Saphariny អំពីស្ថាន ភាពទូទៅរបស់កម្ពុជារួមទាំងស្ថានភាព សេដ្ឋកិច្ចផងដែរ៕





No comments:
Post a Comment