
ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារ អ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រុមសិក្សាស្រាវជ្រាវ ដេលី ដែលជាអង្គការមិនមែនរដ្ឋាភិបាល នៅប្រទេសឥណ្ឌា ដែលកំពុងបំពេញ ទស្សនៈកិច្ច សក្សានៅកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនអំពីដំណើរសិក្សាស្រាវជ្រាវរបស់ក្រុមខ្លួន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងឡើងរវាងកម្ពុជា និងឥណ្ឌា ហើយក្នុងនោះ ក្រុមសិក្សា បានបង្ហាញពីចំណាប់អារម្មណ៍ចង់ជួយកម្ពុជា លើវិស័យសំខាន់មួយចំនួន ដែលជាវិស័យអាទិភាព ហើយដែលឥណ្ឌា មានភាពជោគជ័យ និងរីកចំរើន។
គណៈប្រតិភូឥណ្ឌា បានមានប្រសាសន៍ថា គោលបំណងនៃដំណើរទស្សនៈកិច្ចលើកដំបូងមកកាន់ប្រទេសកម្ពុជានេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា ដែលផ្តោតទៅលើមិត្តភាព ហើយនិងការយោគយល់គ្នា និងពង្រឹងការទូតរវាងប្រទេសទាំងពីរ។ គណៈប្រតិភូឥណ្ឌាក៏បានលើកឡើងផងដែរ ពីចំណុចសំខាន់ដែលក្រុមសិក្សារបស់លោកចាប់អារម្មណ៍លើប្រទេសកម្ពុជានោះគឺដោយសារ ប្រទេសកម្ពុជាមានប្រាសាទព្រហ្មសាសនា (ប្រាសាទសាសនាហិណ្ឌូ) ច្រើនជាងគេលើពិភពលោក ហើយប្រទេសឥណ្ឌាវិញគឺជាប្រទេសដែលមានប្រជាជនកាន់ព្រហ្មញ្ញសាសនា (សាសនាហិណ្ឌូ) ច្រើនជាគេលើពិភពលោក។ តាមរយៈចំណុចសំខាន់នេះ គឺក្រុមរបស់លោកយល់ថា វាមានភាពចាំបាច់ខ្លាំងណាស់ ដែលប្រជាជនឥណ្ឌាគួរតែស្គាល់ប្រទេសកម្ពុជាដូច្នេះ ក្រុមសិក្សារបស់លោក ចង់លើកកម្ពស់ឲ្យមានដំណើរទស្សនៈកិច្ចទេសចរ ពីឥណ្ឌាមកកាន់ប្រាសាទកម្ពុជាឲ្យបានច្រើន ម្យ៉ាងដោយសារ ប្រទេសឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើន ដែលបច្ចុប្បន្នដង់ស៊ីតេប្រជាជនមានប្រមាណជាង ១.២៥ពាន់លាននាក់ ។ ដូច្នេះប្រសិនជាគាត់សំរេចចិត្តមកលេងកំសាន្តនៅប្រទេសកម្ពុជានោះ កម្ពុជានឹងទទួលបានចំណូលច្រើនពីវិស័យទេសចរ។

យ៉ាងណាមិញក្រុមគណៈប្រតិភូឥណ្ឌាបានកត់សំគាល់ឃើញថា ប្រជាជនឥណ្ឌាភាគច្រើនមិនសូវស្គាល់ប្រទេសកម្ពុជាទេ ដោយសារតែប្រទេសទាំងពីរមិនទាន់មានជើងហោះហើរ ដោយត្រង់ពីឥណ្ឌាមកកាន់កម្ពុជា និងពីកម្ពុជាទៅឥណ្ឌា ដែលអ្នកទេសចរប្រទេសទាំងពីរត្រូវចំណាយពេលវេលាច្រើន ក្នុងការធ្វើដំណើរ និងចំណាយថវិកាច្រើន ដែលកត្តានេះធ្វើឲ្យមានភ្ញៀវទេសតិចតួច ពីឥណ្ឌាមកកាន់ប្រទេសកម្ពុជា។
គណៈប្រតិភូ របស់ក្រុមសិក្សាស្រាវជ្រាវ ដេលី ក៏លើកឡើងបន្ថែមទៀតថា ក្រៅពីវិស័យទេសចរ ឥណ្ឌាអាចជួយកម្ពុជាលើវិស័យព័ត៌មានវិទ្យា, ការពង្រីកវិស័យអប់រំ និងសុខាភិបាលនៅទីជនបទ, វិស័យផ្លូវដែកនៅកម្ពុជា, លើកកម្ពស់ការនាំទំនិញពីកម្ពុជាទៅឥណ្ឌាដែលបច្ចុប្បន្នទំហំនាំចេញពីកម្ពុជាទៅ ឥណ្ឌាមានប្រមាណតែ ១៥លានដុល្លារក្នុង១ឆ្នាំប៉ុណ្ណោះ ដោយសារតែប្រទេសទាំងពីរមិនទាន់មានទំនាក់ទំនងគ្នាច្រើន លើវិស័យនាំចេញនេះ ហើយក៏ព្រោះតែកម្ពុជា-ឥណ្ឌាមិនទាន់មានជើងហោះហើរដោយត្រង់ផងដែរ។
ជាមួយគ្នានោះគណៈប្រតិភូឥណ្ឌា ក៏បានចែករំលែកអំពីបទពិសោធន៍របស់ខ្លួនជាមួយមន្រ្តី ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លើវិស័យការទូតជាមួយប្រទេសជិតខាង ក៏ដូចជាការលើកកម្ពស់ជីវភាពរបស់ប្រជាជនក្រីក្រ និងចែករំលែកបទពិសោធន៍ រួមទាំងចំណេះដឹង ដែលឥណ្ឌាធ្លាប់បានឆ្លងកាត់កន្លងមក និងបញ្ហាដែលកម្ពុជាកំពុងតែជួបប្រទះ ដើម្បីបង្កើនការអភិវឌ្ឍន៍នៅប្រទេសកម្ពុជាបន្ថែមទៀត។
គួរបញ្ជាក់ថា ក្រុមសិក្សាស្រាវជ្រាវ ដេលី ជាអង្គការមិនមែនរដ្ឋាភិបាល នៅប្រទេសឥណ្ឌា ដ៏លេចធ្លោមួយ ដែលធ្វើការដើម្បីលើកកម្ពស់ជីវភាពប្រជាជន ហើយដំណើរទស្សនៈកិច្ចលើកទី១នេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីស្វែងយល់ពីប្រទេសកម្ពុជា និងផ្សារភ្ជាប់ទំនាក់ទំនងរវាងឥណ្ឌា-កម្ពុជា។ ក្រុមគណៈប្រតិភូសិក្សាស្រាវជ្រាវ ដេលី មកកាន់កម្ពុជានាពេលនេះ មានសមាជិក ៥នាក់ ដែលបានចាកចេញពីឥណ្ឌានៅថ្ងៃទី ១០ ខែឧសភា ហើយគ្រោងនឹងបញ្ចប់ទស្សនៈកិច្ចនៅ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥។
សូមបញ្ជាក់ថា ក្រុមសិក្សាស្រាវជ្រាវ ដេលី មានដើមកំណើតនៅឆ្នាំ ១៩៩២ និងមានសមាជិកប្រមាណជាង ២០០០នាក់ ។ បច្ចុប្បន្ននៅប្រទេសឥណ្ឌា ក្រុមសិក្សាស្រាវជ្រាវ ដេលី ដឹកនាំដោយលោក វីចាយ ចូលី។ ចំពោះគណៈប្រតិភូ ដែលដឹកនាំដំណើរទស្សនៈកិច្ចមកកាន់កម្ពុជាលើកនេះរួមមាន លោក អាសុក ហ្គាដ ជាទីប្រឹក្សាក្រុមសិក្សាស្រាវជ្រាវ,លោក ណារិន ប្រាភូមា ចាឡា ជាលេខាធិការ និងជាប្រធានក្រុមហ៊ុនបោះពុម្ពមួយនៅឥណ្ឌា, លេខាធិការម្នាក់ទៀតគឺលោក អានៀល ជិនត្រា ជាគណនេយ្យករ ដែលមានការទទួលស្គាល់ជាអន្តរជាតិ, លោក សាដា កុមាជិ សីង លូកាល ជាប្រធានក្រុមហ៊ុន អចលនទ្រព្យនៅឥណ្ឌា និងលោក រ៉ាជិប ភូមាសាណា ជាអ្នកដឹកនាំអង្គការសង្គមនៅឥណ្ឌាដ៏ល្បីឈ្មោះម្នាក់៕

No comments:
Post a Comment