
នៅល្ងាចថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
បានអនុញ្ញាតឲ្យឯកអគ្គរាជទូតជប៉ុន ឯកឧត្តម Kuma Maru Yuji ចូលជួបពិភាក្សាការងារ
ស្តីពីមជ្ឈមណ្ឌលតម្កល់ឯកសារ
របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
គួរបញ្ជាក់ថាមជ្ឈមណ្ឌលតម្កល់ឯកសារដែលទើបសាងសង់ថ្មីនេះ
គឺភាគីជប៉ុនចំណាយថវិកាជួយសាងសង់ឲ្យកម្ពុជា
ដើម្បីតម្កល់ទុកឯកសារដែលកាត់ក្តីហើយ
នៅអង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម។ តាមរយៈជំនួយខាងលើនេះ ឯកឧត្តម Kuma Maru Yuji ឯកអគ្គរាជទូតជប៉ុន បានជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ក្នុងគោលបំណងចង់ដឹងពីដំណើរការនៃការសាងសង់នេះ។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ
នៅទីស្តីការគណៈរដ្ឋមន្ត្រី គឺមានការចុះអនុស្សារណៈមួយ រវាងឯកឧត្តម កែវ
រ៉េមី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ដេវិដ សេហ្វើ
ជាអ្នកជំនាញការពិសេស របស់អង្គការសហប្រជាជាតិ
នៅក្នុងសាលាក្តីកាត់ទោសខ្មែរក្រហម ហើយការចុះហត្ថលេខានោះគឺផ្តោតទៅលើមជ្ឈមណ្ឌលថ្មី
សម្រាប់តម្កល់ឯកសារ
ក្រោយពីការកាត់សេចក្តីនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជារួច។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន បានមានប្រសាសន៍
នៅក្នុងជំនួបពិភាក្សានេះថា នៅពេលដ៏៏ខ្លីខាងមុខនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សុខ អាន នឹងបញ្ជូនលិខិតមួយទៅកាន់ប្រធានផ្នែកកិច្ចការច្បាប់
របស់អង្គការសហប្រជាជាតិគឺឯកឧត្តម Miquel De Serpa Soares ជាប្រធាននាយកដ្ឋានច្បាប់របស់អង្គការសហប្រជាជាតិ
ទាក់ទងទៅនិងការឆ្លើយតប នៃកិច្ចព្រមព្រៀងអនុស្សារណៈដែលឯកឧត្តម កែវ
រ៉េមី បានចុះហត្ថលេខាពីខែមីនា កន្លងមកនេះ។

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានបន្តទៀតថា
នៅពេលដែលលិខិតទៅដល់ឯកឧត្តម Miquel De Serpa Soares ហើយ
ប្រសិនបើគាត់ឆ្លើយយល់ព្រមត្រឡប់មកវិញ ទៅលើអនុស្សារណៈដែល បានចុះហត្ថលេខា
កាលពីថ្ងៃទី ២៥ ខែមីនានោះ គឺមានន័យថា យើងនឹងបន្តការងារដំណាក់កាលមួយទៀត
ដែលពេលនោះរាជរដ្ឋាភិបាលកម្ពុជា នឹងចាត់ចែងឲ្យមាននូវអនុក្រឹត្យ
ដើម្បីតែងតាំងនាយកសំរាប់មជ្ឈមណ្ឌលតម្កល់ឯកសារនេះ។
នាយកមជ្ឈមណ្ឌលតម្កល់ឯកសារថ្មីនេះ នឹងត្រូវធ្វើការជាមួយ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
អំពីការទទួលឯកសារមួយដំណាក់កាលម្តងៗ ការរៀបចំឯកសារដាក់តម្កល់នៅមជ្ឈមណ្ឌលថ្មីនេះ
ដើម្បីឲ្យអ្នកសិក្សាស្រាវជ្រាវ
អាចឈានទៅសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលដោយផ្ទាល់តែម្តង។
មជ្ឈមណ្ឌលថ្មីនេះ នឹងត្រូវបំពាក់សម្ភារៈបន្ថែមទៀត
បន្ទាប់ពីបញ្ចប់ការសាងសង់ ១០០% ហើយក្នុងនោះរាជរដ្ឋាភិបាលជប៉ុនបានសន្យាថានឹងជួយផ្នែកសម្ភារៈបន្ថែមទៀត។
ដោយឡែក ចំពោះការហ្វឹកហ្វឺនធនធានមនុស្ស
ដែលធ្វើការនៅក្នុងមជ្ឈមណ្ឌលនេះ
នឹងត្រូវហ្វឹកហ្វឺនដោយអង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា
(អ.វ.ត.ក)។
ជាការឆ្លើយតប នៅក្នុងជំនួបនេះដែរ ឯកឧត្តម Kuma Maru Yuji ឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា
ឯកឧត្តមចង់ឃើញមជ្ឈមណ្ឌលតម្កល់ឯកសារនេះ ដំណើការឲ្យបានឆាប់
ដូចនេះភាគីជប៉ុន នឹងព្យាយាមធ្វើយ៉ាងណា ជួយឲ្យមជ្ឈមណ្ឌលនេះ
អាចធ្វើប្រតិបត្តិការរបស់ខ្លួនទៅបានក្នុងពេលដ៏ខ្លីខាងមុខនេះ៕

No comments:
Post a Comment