ក្នុងជំនួបនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នំា២០១៥ ឯកឧត្តម Chung Ui HWA មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ប្រទេសកម្ពុជានៅពេលនេះ ឯកឧត្តមបានឃើញនូវវឌ្ឍនភាពរបស់កម្ពុជា ហើយតាមរយៈនេះឯកឧត្តមសូមសំដែងនូវការគោរព និងកោតសរសើរ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការសំរេចឲ្យមានស្ថានឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩៧។ ហើយ ចាប់តាំងពីពេលនោះមកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើង ១៥ដង និងការវិនិយោគរបស់កូរ៉េក្នុងប្រទេសកម្ពុជា ស្ថិតក្នុងលំដាប់ថ្នាក់ទី២ ដោយឡែកពលករខ្មែរដែលទៅធ្វើការនៅកូរ៉េ មានការតស៊ូប្រឹងប្រែងធ្វើការបានល្អ កត្តាទាំងអស់នោះហើយ នាំឲ្យមានការទាក់ទាញនូវអ្នកវិនិយោគទុនកូរ៉េយ៉ាងច្រើន មកបណ្តាក់ទុននៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេច មានការពេញចិត្តយ៉ាងខ្លាំងជាមួយនិងវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈនេះសម្តេចបានលើកទឹកចិត្តបន្តឲ្យមាននូវការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ មន្រ្តីនិងមន្រ្តី ពិសេសជំរុញឲ្យមាននូវការពិភាក្សាជាច្រើនលើ បញ្ហាអភិវឌ្ឍធនធានមនុស្ស ការបង្កើនពលករខ្មែរទៅកាន់ប្រទេសកូរ៉េ ដើម្បីឲ្យពលករទាំងនោះបានទទួលកម្រៃផង និងបានទទួលនូវបទពិសោធន៍ ដើម្បីយកមកប្រើប្រាស់ក្នុងប្រទេសកម្ពុជាផង។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់ភាគីកូរ៉េ បន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការនាំទំនិញពីកម្ពុជាទៅកាន់កូរ៉េឲ្យបានច្រើនឡើងថែមទៀត ព្រោះថាបច្ចុប្បន្ននេះទំនិញកូរ៉េហូរចូលមកកាន់កម្ពុជា មានចំនួនច្រើនជាងទំនិញកម្ពុជានាំចូលទៅកាន់កូរ៉េ។ សម្តេចតេជោបន្តថា ប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលយើងអាចធ្វើការសហការជាមួយគ្នា ជាងនេះទៅទៀតរួមមានចលនាភូមិថ្មីដែលជាទីចាប់អារម្មណ៍បំផុតរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌមេគង្គ កូរ៉េ និងអាស៊ាន កូរ៉េ។




បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតិឲ្យលោកវេជ្ជបណ្ឌិត Kim Hi Soo សាកលវិទ្យាធិការ នៃសកលវិទ្យាល័យ Konyang សាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបពិភាក្សាគ្នានោះ លោកបណ្ឌិត Kim Hi Soo មានប្រសាសន៍ថា រូបលោកបានមកកាន់ប្រទេសកម្ពុជាកាលពីខែតុលាឆ្នាំ២០០៩ និងបានជួបសំដែងការគួរសមសម្តេចតេជោ ហើយនៅពេលនេះទៀតសោត រូបលោកមានវត្តមានក្នុងប្រទេសកម្ពុជាសាជាថ្មីម្តងទៀត ក្នុងការអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា កូរ៉េ នៃមន្ទីពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្តថា មជ្ឈមណ្ឌលថ្មីនោះ នឹងអាចជួយដល់ការពិនិត្យថែទាំព្យាបាល ជូនចំពោះអ្នកជំងឺភ្នែកកម្ពុជា និងជាពិសេសទៅទៀតអាចជួយដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ លោកប្រធានមានប្រសាសន៍បន្តថា បន្ទាប់ពីការសាងសង់រួច ហើយនោះ នៅពេលនេះទៀតសោត រដ្ឋាភិបាលកូរ៉េកំពុងយកចិត្តទុកដាក់ និងធ្វើការពិចារណាក្នុងការជួយដល់មជ្ឈមណ្ឌលចក្ខុរោគ ក្នុងជំហានទី២នោះគឺ ការផលិតវ៉ែនតា។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្តថា ការអភិវឌ្ឍធនធានមនុស្សក្នុងមជ្ឈមណ្ឌលចក្ខុរោគ គឺធ្វើឡើងតាមរយៈការបញ្ជួនវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកកម្ពុជាទៅសិក្សានៅកូរ៉េ និងទី២បញ្ជួនអ្នកអ្នកទេសកូរ៉េ មកកាន់កម្ពុជាដើម្បីបង្រៀនដល់បុគ្គលិកមន្ទីរពេទ្យ តាមរយៈនេះលោកវេជ្ជបណ្ឌិតបានសន្យាដែរថា នឹងបន្តបណ្តុះបណ្តាលធនធានមនុស្សផង និងថែទាំ នូវរាល់សម្ភារៈទាំងឡាយ ដែលបំពាក់ក្នុងមជ្ឈមណ្ឌលប្រើប្រាស់បានយូរអង្វែង និងប្រកបដោយនិរន្តរភាពខ្ពស់។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយកសាងមជ្ឈមណ្ឌលចក្ខុរោគនៅកម្ពុជា ដែលនឹងរួមចំណែកជួយព្យាបាលដល់ប្រជាជនកម្ពុជាផង និងជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផង។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា បើគ្មានធនធានមនុស្សទេនោះ សម្ភារៈដ៏ទំនើបៗក្នុងមជ្ឈមណ្ឌល គឺមិនអាចយកមកប្រើប្រាស់បាននោះទេ តាមរយៈនេះសម្តេចសូមគាំទ្រ និងលើកទឹកចិត្តដល់លោកវេជ្ជបណ្ឌិតគីម សហការជាមួយនិងសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល របស់កម្ពុជា និងបន្តសហការជាមួយនិងក្រសួងសុខាភិបាល ដើម្បីរួមចំណែកជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឲ្យកាន់តែសមត្ថភាពខ្ពស់ ថែមទៀត៕



No comments:
Post a Comment