Tuesday, May 12, 2015

ការបោះពុម្ភផ្សាយនូវសៀវភៅ សាលក្រមសំណុំរឿង ០០២ វគ្គ០១ របស់សាលាក្តីខ្មែរក្រហម គឺដើម្បីពន្យល់ពីទិដ្ឋភាពច្បាប់ នៅក្នុងដំណើរការ នៃសាលាក្តីខ្មែរក្រហម

គោលបំណង​នៃការបោះពុម្ព ​និងផ្សព្វផ្សាយ ​សៀវភៅ​សាលក្រម​សំណុំរឿង​ ០០២ វគ្គ ០១ ​របស់អង្គជំនុំជម្រះ​សាលាដំបូង​ ត្រូវបាន​ លោក ​នេត្រ ​ភ័ក្រ្តា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បានឲ្យដឹងថា​ គឺដើម្បី​បង្ហាញដល់​សាធារណៈជន​ ឲ្យបានជ្រាប​កាន់តែច្បាស់​អំពីដំណើរការ​ផ្លូវច្បាប់ ​ដែលសាលាក្តី​បានធ្វើកន្លងមក​នៅក្នុង​សំណុំរឿង ​០០២ វគ្គ០១ ​ក៏ដូចជា​ដើម្បីចង​ក្រងជាឯកសារ​ប្រវត្តិសាស្ត្រ​ទុកដល់​អ្នកសិក្សា​ ជំនាន់ក្រោយ​ផងដែរ​។​
លោក​ នេត្រ​ ភ័ក្រ្តា ​បានមាន​ប្រសាសន៍​ថា ​ចំណុចទី១​ នៃគោល​បំណងបោះពុម្ព​ និង​ចែកចាយ​សៀវនេះ ​គឺដើម្បី​ឲ្យសារធារណៈជន​ បានទទួល​ព័ត៌មាន​លំអិតអំពី​សាលក្រម​ ដែលចេញ​ដោយអង្គជំនុំ​ជម្រះ​សាលាដំបូង​ ដែលសំរេច​ផ្តន្ទាទោស ​ដាក់ពន្ទនាគារ​ នួន​ ជា​ និង​ ខៀវ​ សំផន​ អស់មួយជីវិត​និង​ដើម្បីឲ្យ​សាធារណៈជន​ដឹងថា ​ដំណើរការ​នៃសំណុំ​រឿងនេះ ​តើឈរ​នៅលើមូលដ្ឋាន​អ្វីខ្លះ? ​មានអង្គហេតុ​អ្វីខ្លះ? ​មានអង្គ​ច្បាប់អ្វីខ្លះ? ​ហើយតួនាទី​របស់​ជនជាប់ចោទ​ នៅក្នុងពេល​ដែលប្រព្រឹត្ត​អំពើឧក្រិដ្ឋហ្នឹង​ គេបាន​ធ្វើយ៉ាង​ម៉េចខ្លះ​?​
ចំនុចទី២​ លោក​ នេត្រ ​ភ័ក្រ្តា ​បញ្ជាក់ថា​ ដើម្បីជាការ​ផ្តល់នូវព័ត៌មាន​ជុំវិញ​ដំណើរការ​ នីតិវិធី​របស់​តុលាការ​ ដែលប្រព្រឹត្ត​ទៅតាំង​ពីចាប់ផ្តើម​រហូតដល់​ការចេញ​សាលក្រម ​ថាតើគេមាននីតិ​វិធី​អ្វីខ្លះ​ដែលបាន​យកមក​អនុវត្ត​?​
លោក ​នេត្រ ​ភ័ក្រ្តា ​បន្តថា ​ចំណុចទី៣​ សៀវភៅនេះ ​គឺជាការចង​ក្រងការបោះពុម្ព​ទៅលើសាល​ក្រម​ ក្នុង​សំណុំរឿង​ ០០២​ វគ្គ០១​ គឺដើម្បី​ជាឯកសារ​ប្រវត្តិសាស្រ្ត ​ក៏ដូចជា​ឯកសារ​ផ្នែកច្បាប់​ផងដែរ​ សំរាប់​អ្នក​សិក្សាស្រាវជ្រាវ​ជាពិសេសគឺ ​និស្សិតច្បាប់​ អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែកប្រវត្តិ​សាស្រ្ត ​ព្រមទាំង​ចៅក្រម​ ព្រះរាជអាជ្ញា ​មេធាវី​ គឺគេអាច​និង​សិក្សាអំពី​បទពិសោធន៍​ដែលកើត​ចេញ​ពីដំណើរការ​ជំនុំជម្រះក្តី ​និងការសរសេរ​សាលក្រមនេះ ​ទៅអនុវត្ត​នៅក្នុងកិច្ច​ការរបស់​ខ្លួនបាន​។
គួរបញ្ជាក់ថា​ សៀវភៅសាលក្រម​សំណុំរឿង​ ០០២​ វគ្គ០១​ របស់អង្គ​ជំនុំជម្រះសាលា​ដំបូង​ គឺបាន​បោះពុម្ព​ជា២ភាសា ​គឺភាសាខ្មែរ​ និងអង់គ្លេស​ ដោយក្នុងនោះ ​ជាភាសាខ្មែរចំនួន​ ៤៥០០ច្បាប់​ កំរាស់​ ៩៨១ទំព័រ​ និងបោះពុម្ព​ជាភាសាអង់​គ្លេស​ចំនួន៥០០ច្បាប់​។​
សៀវភៅនេះ ​ត្រូវបានចាប់​ផ្តើម​ចែកចាយ​ជាផ្លូវការ​លើកដំបូង​នៅថ្ងៃទី ​១២ ​ខែឧសភា​ ឆ្នាំ២០១៥​នេះ​ និងបន្ត​ធ្វើការ​ចែកចាយ​ទៅដល់​ស្ថាប័នរដ្ឋ​ ស្ថាប័ន​សង្គមស៊ីវិល​ សាលារៀន​ សកល​វិទ្យាល័យ ​មហាវិទ្យាល័យ​មួយចំនួន​ និងបណ្ណាល័យ​ផ្សេងៗទៀត​។​
ក្រៅពីនេះ ​លោក​ នេត្រ ​ភ័ក្រ្តា ​បានឲ្យដឹងថា​ សាធារណៈជន​ក៍អាច​ Download ចេញ​ពីគេហទំព័រ​របស់សាលាក្តី​ខ្មែរ​ក្រហម​បានដែរ​។​ ការបោះពុម្ព ​និង​ចែកចាយ​សៀវភៅនេះ​ គឺជាថវិកា​របស់​សាលាក្តីខ្មែរ​ក្រហម​ដែលភាគី​អន្តរជាតិ ​នៃសាលាក្តី​ខ្មែរក្រហម​ជាអ្នកបោះពុម្ព​៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment