Tuesday, May 12, 2015

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន​ បង្ហាញ​​ពី​សក្តានុ​ពល​ជា​​ច្រើន​​របស់​​កម្ពុជា​ ដល់​​ក្រុ​មប្រឹក្សា​ធុរកិច្ច​​អាមេរិក​ អាស៊ាន​​

ឯកឧត្តមបណ្ឌិត ​សភា​ចារ្យ  សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី បានបង្ហាញ​សក្តានុពល​ជាច្រើនរបស់កម្ពុជា ជូនដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជាពិសេស លើសក្តា​នុពល​ផ្នែកទេសចរណ៍ សេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងកំណែទម្រង់ច្បាប់នៅកម្ពុជា ដើម្បីឱ្យអ្នកវិនិយោគ ទុកមានភាពកក់ក្តៅចូលមកវិនិយោគនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​  សុខ អាន បានលើកឡើងបែបនេះ​ ក្នុងឱកាស​​ដែលឯកឧត្តម  បានអនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមប្រឹក្សាធុរៈកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោកជំទាវ Kathleen T.Santillo នាយកគ្រប់គ្រង​ប្រចាំតំបន់ ចូលជួបសំដែង​ការគួរសមនៅ ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីរសៀល ថ្ងៃទី៨ ខែឧសភានេះ។
នៅក្នុងជំនួបនោះ ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី​  សុខ អាន បញ្ជាក់ជូនថា កម្ពុជាមានបរិយាកាស​​ល្អ​ក្នុងការអនុគ្រោះ​សម្រាប់ការទាក់ទាញ​ អ្នកវិនិយោគពីក្រៅប្រទេស ដែលកម្ពុជាបាន ចេញផ្សាយនូវ​គោក​នយោបាយ​ឧស្សាហកម្មថ្មី គឺការបង្កើតឧស្សាហកម្ម មុននឹងធ្វើការនាំ​ចេញត្រូវឱ្យមាន​ការកែច្នៃដើម្បី​​បង្កើនតម្លៃបន្ថែម ដែលសព្វថ្ងៃនេះ​សេដ្ឋកិច្ចកម្ពុជាគឺ​កំពុងជំរុញទៅលើការនាំ​ចេញ​ផលិតផលមួយ​​ ចំនួន​ដូចជាការ​នាំចេញអង្ករ ការនាំចេញ​សំលៀកបំពាក់ និងស្បែក​ជើងជាដើម ហើយគោល​​នយោបាយ​​របស់កម្ពុជា គឺចង់ឱ្យមានការ​បង្កើនឧស្សាហកម្ម ដែលមាន​ចរិតជាសកល និងចង់បាន​ការ​វិនិយោគ​បន្ថែមទៀត ។
ជាមួយនឹងការបង្ហាញពីកំណើន ​សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានក្នុង​រង្វង់ជាង៧%​ជារៀង​រាល់​​ឆ្នាំរួចមកនោះ ឯកឧត្តម  សុខ អាន បានបង្ហាញ​ពីសក្តានុពល​​ទេសចរណ៏​នៅកម្ពុជា មាន​កំណើន​​យ៉ាងគំហុក​ពីមួយឆ្នាំ​ទៅមួយឆ្នាំ។ ដូចជាក្នុងឆ្នាំ១៩៩៣ មានទេសចរណ៍​ចូលមក​កម្ពុជា​ប្រមាណ​១០​ម៉ឺន​នាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០០៣ បាន​កើនដល់ ៧០០ពាន់នាក់ក្នុង១ឆ្នាំ ក្នុងកំឡុងឆ្នាំ២០១៣បានកើនដល់ ៤លាន២សែននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០១៤​មានរហូតដល់​៤លាន៥សែននាក់ក្នុង​១ឆ្នាំនិងក្នុង​កំឡុង​ឆ្នាំ២០១៥​ កម្ពុជានឹង​កើនអ្នកទេសចរណ៍​បានចំនួន​១០% នៃឆ្នាំ២០១៤ ។
ភាគីប្រតិភូក្រុម ​ប្រឹក្សាធុរៈកិច្ចអាមេរិក-អាស៊ាន បានអប​អរចំពោះ​ការរីក​ចំរើន​នៅកម្ពុជា ហើយ​​លោកជំទាវ Kathleen T.Santillo បានចាត់ទុកថា ការធ្វើកំណែ​ទំរង់ច្បាប់​គឺជាកត្តា​សំ​ខាន់ណាស់ សម្រាប់ ការបណ្តាក់ទុន របស់អ្នក​វិនិយោទុន​សហរដ្ឋ​អាមេរិក និងអាស៊ាន មកកម្ពុជា ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋម​ន្ត្រី​ សុខ អាន ក៏បានជំរាបជូន អំពីការ​ត្រៀម​រៀបចំ ទទួល​រូប​ចម្លាក់មួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងសប្តាហិ៍នេះ គឺរូបហនុមាន ដែល​សហរដ្ឋ​អាមេ​រិក​​ នាំមកឲ្យកម្ពុជាវិញ ៕



No comments:

Post a Comment