នៅមុនពិធីបិទកិច្ចប្រជុំកំពូលអាស៊ី អាហ្រិ្វក ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Whang Woo Yea ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេច ពិតជាមានការរីករាយខ្លាំងណាស់ ដោយបានជួបឯកឧត្តមឧបនាយករដ្ឋមន្រ្តី នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។សម្តេចតេជោបន្តថា ការជួបគ្នានេណពេលនេះ គឺជាផលប្រយោជន៍ល្អសម្រាប់ប្រទេសទាំងពីរ ពិសេសគឺក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីពេលកន្លងទៅ។
ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស ជូនដល់ប្រទេសកម្ពុជា ពិសេសការជួយដល់កម្ពុជាក្នុងជំរុញឲ្យមាននូវចលនាភូមិថ្មី នៅកម្ពុជា តាមរយៈការបង្កើតឡើងនូវសកលវិទ្យាល័យអភិវឌ្ឍន៍ជនបទ និងការបញ្ចូលនូវកម្មវិធីសិក្សាពី ចលនាភូមីថ្មីក្នុងគ្រឹៈស្ថានសិក្សាចំនួន៣ ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងអ្វីដែលសាធារណរដ្ឋកូរ៉េ បានទទួលយកនូវពលករកម្ពុជា ទៅបំពេញការងារនៅប្រទេសកូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្វាគមន៍ ផងដែរចំពោះលោកជំទាវប្រធានាធិបតីកូរ៉េ ដែលបានធ្វើការពិចារណាទទួលយកពលករកម្ពុជាបន្ថែមទៀត ទៅបំពេញការងារនៅសាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបពិភាក្សាគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តម Whang Woo Yea បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ចំពោះកូនកាត់ កម្ពុជា និងកូរ៉េ ក្នុងនោះគឺត្រូវធ្វើយ៉ាងណាឲ្យកុមារទាំងនោះ អាចសិក្សាទាំងភាសារខ្មែរ និងភាសារកូរ៉េ និងអាចស្នាក់នៅទាំង ក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសកូរ៉េ ក៏បានគឺតាមចំណង់ចំណូលចិត្តដែលពួកគេចង់រស់នៅ ដែលរហូត មកដល់ពេលនេះកូនកាត់ទាំងពីរមានចំនួនជាង ១ម៉ឺននាក់រួចមកហើយនោះ។ ក្រៅពីគំរោងដែលបានដេញថ្លៃរួចមកហើយ ក្នុងការកសាងកំណាត់ផ្លូវពីខេត្តកណ្តាលទៅព្រំដែនវៀតណាម ផ្លូវពីខេត្តកណ្តាលទៅកាន់ខេត្តតាកែវ និងពីខេត្តតាកែវទៅកាន់ខេត្តកំពតនោះ សម្តេចបានស្នើដល់ភាគីកូរ៉េ ជួយស្តារឡើងវិញ កំណាត់ផ្លូវពីភ្នំពេញទៅខេត្តកំពត និងពីខេត្តកំពតទៅកំណាត់ផ្លូវជាតិលេខ៤ ដើម្បីឲ្យគុណភាពល្អជាងមុន រួមទាំងការស្នើសុំកម្ចីកសាងផ្លូវពីកម្ពុជា ទៅកាន់ព្រំប្រទលើថៃ៕
No comments:
Post a Comment