Friday, April 24, 2015

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​​ទៅ​ចូល​​រួម​កិច្ច​​ប្រជុំកំ​ពូល​​រំ​លឹក​​ខួប​អនុស្សវ​រីយ៍​លើក​​ទី​៦០ នៃស្និសីទ​​ទីក្រុង​​បាន់​ឌុង​


នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញ​ធ្វើ​ដំណើរចាកចេញពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងដំណើរអញ្ជើញ​ទៅចូល​រួមកិច្ច​ប្រជុំ កំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង ដែលប្រារព្ធធ្វើ​ឡើង​នៅទីក្រុងបាន់ឌុង ជាទីក្រុងដែលមានវ័យចំណាស់ជាងគេ របស់សាធារណរដ្ឋ​ឥណ្ឌូ​នេស៊ី។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូ​នៃប្រទេសអាស៊ី‑ អាហ្រ្វិក ទាំង១០៩ប្រទេស ត្រូវបាន ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកត់ក្តៅ និង​ស្និតស្នាលរ៉ាក់ទាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទីក្រុងបាន់ឌុង ពិសេសការ​ធ្វើគារវកិច្ចយ៉ាងស្និតស្នាលបំផុត ពីសមណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពី គ្រប់​ស្រទាប់ជាន់ថ្នាក់ ចាប់តាំងពីចំណតអាកាសយានដ្ឋានអន្តរជាតិបាន់ឌុង រហូត​ដល់​សណ្ឋាគារ និង​ទីកន្លែងដែលគណៈប្រតិភូទាំងអស់ អញ្ជើញចូលរួមក្នុងពិធីរំលឹក​ខួប​អនុ​ស្សាវរីយ៍​៦០ឆ្នាំ នៃសន្និសីទទីក្រុង បាន់ឌុង។
សូមបញ្ជាក់ដែរថា សាធារណរដ្ឋឥណ្ឌូនេស៊ី គឺជាប្រទេសប្រជាធិបតេយ្យធំលំដាប់ទី៣ បន្ទាប់​ពី ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក និងជាប្រទេសដែលមានកោះច្រើនជាងគេ និងមាន​ប្រជា​ជនកាន់​សាសនាឥស្លាមច្រើនជាងគេ នៅក្នុងពិភពលោក។ ស្ថានភាពសេដ្ឋកិច្ច​ឥណ្ឌូ​នេស៊ី ជាប្រទេសមានសេដ្ឋកិច្ច ធំជាងគេនៅអាស៊ីអាគ្នេយ៍ និងមានការរីកលូត​លាស់ខ្លាំង​នៅ​ក្នុងពិភពលោក។ ឥណ្ឌូនេស៊ី ជាសមាជិកនៃ ក្រុមប្រទេស G-20 និងត្រូវបានរាប់បញ្ចូល​ជាប្រទេសឧស្សាហកម្មថ្មីថ្មោង ដែលពឹងអាស្រ័យលើទីផ្សារក្នុង ស្រុក។ 


គណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ី‑ អាហ្រ្វិក សរុប១០៩ប្រទេស អ្នកអង្កេតការណ៍​ចំនួន​១៦​ប្រទេស និងអង្គការអន្តរជាតិចំនួន២៩ ត្រូវបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ នៃការ​ប្រារព្ធខួបលើក​ទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី។ គោលបំណង​ចម្បង​នៃការប្រារព្ធពិធីនេះ គឺ​ដើម្បីលើកកម្ពស់កម្រិតទំនាក់ទំនងរវាងប្រជាជាតិក្នុងទ្វីបអាស៊ី និង​ទ្វីបអាហ្រ្វិក ឲ្យក្លាយទៅជាដៃគូកាន់តែ​រឹង​មាំជាងមុននិងដើម្បីចែករំលែកបទពិសោធន៍ ក្នុងការ​ពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទ្វីបទាំងពីរ។  
រយៈ​​ពេល៦០ឆ្នាំកន្លងទៅ ថ្មីត្បិតតែសន្និសីទអាស៊ី អាហ្រ្វិក មានវឌ្ឍនភាពគួរឲ្យកត់​សំគាល់​ក៏ពិតមែន ប៉ុន្តែ​បណ្តាអ្នកតាមសភាពការណ៍ និងការវិវត្តន៍របស់តួអង្គមួយនេះ បានវាយ​តម្លៃ​ថា នៅមានកង្វះខាតផ្ទៃក្នុង​ជាច្រើនដែលវាកំពុងប្រឈម ជាពិសេសគឺកង្វះខាតយន្តការ​ដំណើរ​ការជាក់លាក់។
នៅក្នុងព្រឹត្តិការណ៍នៃ ការប្រារព្ធរួបអនុស្សាវរីយ៍លើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង បណ្តា​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូទាំងអស់ នៃបណ្តាប្រទេសក្នុងទ្វីបទាំងពីរ គឺ​អាស៊ី​​និងអាហ្រ្វិក បានធ្វើដំណើរដោយថ្មើរជើង តាមរុក្ខវិថីអាស៊ីអាហ្រ្វិក ក្នុងទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា សន្និសីទអាស៊ី អាហ្រ្វិក ឬសន្និសីទទីក្រុងបាន់ឌុង បាន​ប្រារព្ធធ្វើ​ឡើងពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២៤ ខែមេសាឆ្នាំ១៩៥៥ នៅ​ទីក្រុងបានឌុង សាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី ដែល​មាន​ប្រទេសចំនួន២៩ ចូលរួមក្នុងនោះ ព្រះរាជា​ណា​ចក្រ​កម្ពុជា ត្រូវបានយាងចូលរួម​ពី​អតីត​ព្រះ​ករុណា ព្រះបរមរតនកោដិ។
ទ្វីបទាំងពីរគឺអាស៊ី និងអាហ្រ្វិក មានផ្ទៃដីសរុបប្រមាណ ១ភាគ៤នៃផ្ទៃដីពិភពលោកទាំងមូល និង​មានប្រជាជនស្មើនិង ៧៥,៣% នៃប្រជាជន ពិភពលោក និងមាន GDP សរុប​ស្មើនិង​២៨,៥% នៃ GDP ពិភពលោក និងក៏ជាទីផ្សារដ៏ធំសម្បើម ហើយក៏ជាប្រភព​ធនធាន​ដ៏សំបូរផងដែរ។ នៅក្នុងការប្រារព្ធពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង។ នៅក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃសន្និ​សីទទីក្រុងបាន់ឌុងនេះដែរ បណ្តាមេដឹកនាំទាំងអស់ បានឯកភាពគ្នាក្នុងការជំរុញ កិច្ចសហ​ប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ រវាងប្រទេសនៅទ្វីបអាស៊ី និងអាហ្រ្វិក ពិសេសប្រឆាំងនិង​អាណា​និគមនិយមចាស់ថ្មី។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន សន្និសីទទីក្រុងបានឌុងនេះដែរ បណ្តាមេដឹកនាំទាំងអស់ បានធ្វើការគូស បញ្ជាក់នូវភាពជាដៃគូយុទ្ធសាស្រ្តថ្មី អាស៊ី អាហ្រ្វិក ជាស្ពានផ្សារភ្ជាប់រវាងប្រទេសអាស៊ី និងអាហ្រ្វិក ដោយផ្អែកលើមូលដ្ឋានកិច្ច​សហប្រតិ​បត្តិការ​ទូលំទូលាយ ប្រកបដយចិរភាព ភាពជាដៃគូស្មើភាព គោរពគ្នាទៅ​វិញទៅមក និងរួមគ្នា​ដោះស្រាយបញ្ហាប្រឈម។ គាំទ្រអង្គការសហប្រជាជាតិ វេទិកាតំបន់ និងពហុភាគ​ផ្សេងៗ​ទៀត ក្នុងការបំពេញការងារកាន់តែមានប្រសិទ្ធភាព ក្នុងការពង្រឹងសន្តិភាព និងវិបុលភាព​នៅ​អាស៊ី និងអាហ្រ្វិក និងនៅក្នុងតំបន់ផ្សេងទៀត។ ប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹង​ប្រែងក្នុង​ការ​ជម្រុញ​ឲ្យមានការរីក​ចម្រើន ក្នុងវិស័យផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគទុន តាមរយៈ​កិច្ច​សហប្រតិបត្តិការអន្តរតំបន់ ការធ្វើ​ឲ្យ​ប្រសើរឡើងនូវការតភ្ជាប់ក្នុងតំបន់រវាងតំបន់និង​ក្រៅ​តំបន់ និងការធ្វើឲ្យកាន់តែរស់រវើកនៃវិស័យកសិកម្ម សន្តិសុខស្បៀង កិច្ចសហ​ប្រតិបត្តិ​ការ​ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខថាមពល។ លើកទឹកចិត្តឲ្យមាន​ការ​ផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការពង្រឹងទំនាក់ទំនងរវាងធុរៈជន ស្រ្តី និងយុវជន។ ជាមួយនិង​ការធ្វើឲ្យរីកចម្រើននូវភាពជាដៃគូ បណ្តាមេដឹកនាំទាំងអស់ បានធ្វើការអំពាវនាវឲ្យ​មានការ​ចូលរួមយ៉ាង​សកម្មពីដៃគូអភិវឌ្ឍន៍ ក្នុងការផ្តល់នូវការគាំទ្រនិងការចែករំលែកនូវបទ​ពិសោធន៍​និងការផ្ទេរបច្ចេកវិទ្យា ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរ នូវកិច្ចសហប្រតិបត្តិការត្បូង ត្បូង ដោយឈរលើមូលដ្ឋានគោលការណ៍ផលប្រ យោជន៍ទៅវិញទៅមក គ្មានលក្ខខណ្ឌ ស្មើភាព គោរពអធិបតេយ្យភាពជាតិ និងការមិនជ្រៀតចូលបញ្ហាផ្ទៃក្នុង។
ជាមួយគ្នានេះមេដឹក​នាំ​ទាំងអស់ ក៏បានធ្វើការអំពាវនាវចំពោះបណ្តារដ្ឋមន្រ្តី និងមន្រ្តីនៃ​ក្រុមប្រទេស ទាំងពីរអាស៊ី អាហ្រ្វិក បំពេញការងារឲ្យកាន់តែសកម្ម ដើម្បីធ្វើឲ្យសំរេចនូវកិច្ច​សហប្រតិបត្តិការក្នុង៨វិស័យ ដែលកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ ចានផ្តល់អនុសាសន៍នៅទីក្រុង​ហ្សាកាតាកាលពីឆ្នាំ២០០៩ ក្នុងនោះរួមមាន​ការ​ប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម​ឆ្លងដែន សន្តិសុខស្បៀង សន្តិសុខថាមពល សហគ្រិនតូច​និងមធ្យម ទេសចរណ៍ បណ្តាញ​សកលវិទ្យាល័យអភិវឌ្ឍន៍អាស៊ី‑ អាហ្រ្វិក សមភាពយ៉េនឌ័រ និងការលើកកម្ពស់ស្រ្តី។
ជាមួយគ្នានេះក្នុងភាពជាដៃគូយុទ្ធសាស្រ្តនាពេលអនាគត បណ្តាមេដឹកនាំទាំងអស់ បានឯក ភាពគ្នា ក្នុងការពិចារណាក្នុងការបង្កើតបណ្តាញ​មជ្ឈមណ្ឌលរក្សាសន្តិភាព​នៅក្នុងតំបន់​ទាំង​ពីរ ដើម្បីសំរួល កិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាព តាមរយៈការចែក​រំលែកបទ​ពិសោ​ធ​ន៍ មេរៀនដែលទទួល បានការអនុវត្តដ៏ល្អ និងកម្មវិធីបណ្តុះបណ្តាល។ ភាពចាំបាច់​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការក្នុងវិស័យ កសិកម្ម ដែលជាផ្នែកមួយនៃរបៀបវារៈអនាគត ដើម្បីធ្វើឲ្យ​ប្រសើរ​​ឡើងនូវសន្តិសុចស្បៀង។ ផ្តល់សារៈសំខាន់ លើកិច្ចសហ​ប្រតិបត្តិការ​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច ការពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន​។ ប្តេជ្ញាពង្រឹងឲ្យ​កាន់តែ​សកម្មខ្លាំងក្លាថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ នៅក្នុងការអភិ​វឌ្ឍ ការ​បង្កើនការតភ្ជាប់ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និងកិច្ចសហប្រតិ​បត្តិការនាវាចរណ៍។ ផ្តល់សារៈសំខាន់ដល់ការផ្សារភ្ជាប់តំបន់ទាំងពីរ ឲ្យកាន់​តែ​ជិតស្និតថែមទៀត តាមរយៈ ការផ្តួចផ្តើមគំនិតដែលមានស្រាប់ (សន្និសីទអន្តរជាតិទីក្រុង​តូក្យូ​ស្តីពីការអភិវឌ្ឍអាហ្រ្វិក វេទិកាកិច្ចសហប្រតិបត្តិការចិន អាហ្រ្វិក កិច្ចសហប្រតិ​បត្តិការ​ឥណ្ឌា‑ អាហ្រ្វិក មជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសត្បូង ត្បូង នៃចលនា​មិនចូលបក្សសម្ព័ន្ធ ឧបត្ថម្ភដោយប្រទេសឥណ្ឌូនេស៊ី និងប្រុយណេ វេទិកា​វៀតណាម អាហ្រ្វិក វេទិកាកូរ៉េ អាហ្រ្វិក ភាពជាដៃគូអាហ្រិ្វក តួគី)។


ជាមួយគ្នានេះមេដឹកនាំទាំងអស់ បាន អះអាងជាថ្មីក្នុងការអនុវត្តទិសដៅ នៃអនុសញ្ញាអង្គការ​សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ ជា​មួយគ្នានេះ មេដឹកនាំទាំងអស់ បាន​ស្វាគមន៍​ចំពោះប្រទេសឥណ្ឌូនេស៊ី ដែលទទួលបាននូវតំណែងជាប្រ​ធាន សមាគមនៃ​ជាយ​មហាសមុទ្រឥណ្ឌា និងគាំទ្រឥណ្ឌូនេស៊ី ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​អាទិភាព៦ រួមមាន សុវត្តិភាពនិងសន្តិសុខនាវាចរណ៍ ការសំរួលការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម និង​វិនិយោគទុន ការគ្រប់គ្រងជលផល ការគ្រប់គ្រងហានិភ័យ​ដោយគ្រោះ​មហន្តរាយ កិច្ចសហ​ប្រតិ​បត្តិការបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត និងការផ្លាស់ប្តូរទេសចរណ៍និងវប្បធម៌។ ជាមួយគ្នា​នេះមេដឹកនាំទាំងអស់ ក៏បានគូស បញ្ជាក់ពីការធ្វើឲ្យកាន់តែរស់រវើកនូវភាពជាដៃ​គូយុទ្ធ​សាស្រ្ត​ថ្មី អាស៊ី អាហ្រ្វិក ដោយធ្វើឲ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការ​នៃការរៀប​ចំប្រារព្ធ​ខួប កិច្ចប្រជុំកំពូលអាស៊ី អាហ្រ្វិក រៀងរាល់១០ឆ្នាំម្តង។ ផ្លាស់ប្តូរ សហប្រធាន​ភាពជា​ដៃគូ​យុទ្ធសាស្រ្តថ្មីអាស៊ី អាហ្រ្វិក រៀងរាល់៤ឆ្នាំម្តង។ រៀបចំឲ្យមានការផ្លាស់ប្តូរមតិ ថ្នាក់រដ្ឋមន្រ្តី នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងការប្រារព្ធ​រៀបចំកិច្ចប្រចាំឆ្នាំរបស់សហប្រធាន៕  

No comments:

Post a Comment