Friday, April 24, 2015

វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នឹង​អាច​លេចចេញ​ជា​រូប​រាង​ក្នុង​ពេល​ឆាប់​ៗនេះ​

គណៈកម្មការ​សម្រាប់​សិក្សា និង​រៀបចំ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ‑ ឈ្នះ និង​ការបញ្ចប់​សង្គ្រាម​ស៊ី​វី​ល​នៅ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ‑ ឈ្នះ របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​សិក្ខា​សាលា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ​២០១៥ម្សិល​មិញ​នេះ ដើម្បី​ព្វ​ផ្សាយ​ការប្រកួត​ប្រជែង ជ្រើស រើស​វិចិត្រករ​អ្នកមាន​ស្នាដៃ​ក្នុងការ​រចនា​រូបសំណាក​វិមាន​អនុស្សាវរីយ៍​​នយោបាយ​ឈ្នះ‑ ឈ្នះ​​ និង​ការបញ្ចប់​សង្គ្រាម​ស៊ី​វី​ល​នៅ​កម្ពុជា​។​
​ឯកឧត្តមបណ្ឌិត ស៊ន សំណាង អ្នក​ប្រវត្តិវិទូ និង​ជា​វាគ្មិននៅក្នុង​សិក្ខាសាលា បាន​មាន​ប្រសាសន៍ថា គោលបំណង​នៃ​ការសាងសង់​វិមាន​នយោបាយ​ឈ្នះ‑ ឈ្នះ គឺ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​អតីតកាល និង​បច្ចុប្បន្នកាល ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទៅ​អនាគតកាល​។ គោលបំណង​សិក្ខាសាលា​នេះ ដើម្បី​ជ្រើសរើស​វិចិត្រករ​មាន​ស្នាដៃ​ល្អ​ក្នុងការ​រចនា​រូបគំនូរ​សម្រាប់​កសាង​រូបចម្លាក់​នៅ​វិមាន​ឈ្នះ‑ ឈ្នះ ហើយក៏​ដើម្បី​បង្ហាញ​មូលដ្ឋាន​ទស្សន​​វិទ្យា​សុខដុម​នីយកម្ម​ខ្មែរ​នៅ​បុរាណសម័យ ដើម្បី​ផ្តល់នូវ​គោល​គំនិត​ឈានទៅ​ធ្វើការ​សម្រេច​គោលបំណង​។​
​ឯកឧត្តម​បណ្ឌិត​ ស៊ន សំ​ណាង​ ​បាន​បញ្ជាក់ថា គំរោង​សាងសង់​វិមាន​នយោបាយ​ឈ្នះ​‑ឈ្នះ នេះ មិនមែនជា​លើក​ទី​១​​ទេ គឺ​កន្លង​មក​កម្ពុជា​ក៏យើង​ធ្លាប់បាន​កសាង វិមាន​ព្រះ​បរម​រូប និង​ព្រះ​បរម​បដិមា​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម​សីហនុ ដើម្បី​ទុក​ឲ្យ​កូនចៅ​គោរពបូជា ហើយ​ក្រៅពី​នេះទៀត ក៍មាន​រូបសំណាក​ផ្សេងទៀត​។ ដោយ​ឡែក​ វិមាន​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ដែល​គ្រោងបង្កើតឡើង​នេះ គឺជា​វិមាន​រំលឹក​គុណ​វីរបុរស​ជាតិ ដូចដែល​មាននៅ​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​ជាច្រើន​៕
ឯកឧត្តម​បណ្ឌិត ស៊ន សំណាង បាន​មានប្រសាសន៍​បន្តថា រូប​វីរបុរស​នានា និង​ប្រវត្តិ​នៃ​ការកសាង​ប្រជាជាតិ​ខ្មែរ តាំងពី៣​សតវត្ស​មុន​គ្រឹ​ស្ត​សករាជ នឹង​យកទៅ​ឆ្លាក់​នៅតាម​ជញ្ជាំង​នានា នៃ​វិមាន​នោះ ហើ​សិក្ខាសាលា​នេះ រៀបចំឡើង​ដើម្បី​ឲ្យ​កូនចៅ​ខ្មែរ​សម័យ​បច្ចុប្បន្ន ចេះ​បន្ត​ការកសាង​ស្នាដៃ ជូន​ដូនតា​ខ្មែរ​សម័យ​មហានគរ​ផង​ដែរ។​

​សូមជម្រាបថា ការបញ្ចប់​សង្គ្រាម​ដោយ​នយោបាយ​ឈ្នះ‑ ឈ្នះរបស់​សម្តេច​តេជោ បាន​បញ្ចប់​នូវ​សង្គ្រាមស៊ី​វិល​ដ៏​រាំ​រ៉ៃនៅ​ចុង​ឆ្នាំ​១៩៩៨ បន្ទាប់​ពី​អង្គការ​ចាត់​តាំង​ខ្មែរ​ក្រហម​បាន​ដួល​រលំ​រលាយ​​អស់​ គឺពិត​ជា​បាន​កើត​ចេញ​ពី​ទស្សនៈ​វិទ្យា​សន្តិភាព និង​មានការ​បេ្ត​ជ្ញា​ចិត្ត​ខាង​នយោ​បាយ​ដ៏​មុតមាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

No comments:

Post a Comment