Thursday, April 02, 2015

ពិធីបូជាសពលោក ប៉ែន សមិទ្ធិបានប្រព្រឹត្ត ក្រោមទិដ្ឋភាពដ៏ក្តុកក្តួល នឹងអាឡោះអាល័យជាទីបំផុត

សពលោក ​ប៉ែន ​សមិទ្ធិ ​ ប្រធានក្លឹប​អ្នកកាសែតកម្ពុជា​ និពន្ធនាយកកា​សែតរស្មីកម្ពុជា​ និងជាអគ្គនាយក​គេហទំព័រ​ cen ​ព្រមទាំង​ គេហទំព័រ ​thecambodiaherald ត្រូវបាន​ដង្ហែពីគេហដ្ឋាន​របស់លោក ​ទៅកាន់វត្ត​លង្ការនៅ​ ព្រឹកថ្ងៃ២ ​ខែមេសា ​ឆ្នាំ២០១៥នេះ ​ដើម្បីប្រារព្ធពិធីបូជា​តាមប្រពៃណី ​នៃព្រះពុទ្ធសាសនា​ បន្ទាប់ពីបាន​តម្កល់​ប្រារព្ធបុណ្យទក្ខិណានុប្ប​ទាន​ អស់រយៈពេល​បីថ្ងៃកន្លង​មកនេះ។
មរណភាព ​របស់លោក​ ប៉ែន ​សមិទ្ធិ ​ត្រូវបាន​ប្រមុខដឹកនាំ​រាជរដ្ឋាភិបាល​ មហាជន​នានា ​ជាពិសេស​ក្រុមអ្នក​ធ្វើការនៅ​លើវិស័យ​សារព័ត៌​មាន​ចាត់ទុកថា ​ជាការ​បាត់បង់​អ្នកសារ​ព័ត៌មាន ​និង​ជា​មេដឹកនាំ​សារព័ត៌មាន​ម្នាក់​ប្រកប​ដោយ​សមត្ថភាព ​និង​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​មានការ​ទួលខុស​ត្រូវខ្ពស់​និង​ព្រហ្ម​វិហារធម៌​ ហើយ​បាន​ចូលរួម​សកម្មភាព​ជាច្រើន​ ដើម្បី​ផល​ប្រយោជន៍​អ្នកកាសែត​និង​សង្គម​ទាំងមូល ​និង​ជាការ​បាត់បង់​ធនធាន​មនុស្ស​ដ៏សំខាន់​ម្នាក់នៅ​ក្នុង​វិស័យ​ព័ត៌មាន​នៅ ​ក្នុង​ប្រទេស​កម្ពុជា។
ក្រុមអ្នកធ្វើ ​ការផ្នែក​ព័ត៌មាន​បាន​និយាយថា ​លោក​ ប៉ែន​ សមិទ្ធិ ​ជាអ្នក​ដឹកនាំ​ម្នាក់​ ប្រកប​ដោយ​សមត្ថភាព​និង​ការទទួល​ខុស​ត្រូវ​និង​គួរ​អោយ​គោរព​បំផុត​។ ​លោកបាន​ចំណាយ​ពេលវេលា​មួយជីវិត​របស់លោក ​នៅក្នុង​វិស័យ​សារព័ត៌មាន​។​ មាន​មនុស្ស​ជាច្រើន​នាក់​ដែលបាន​រីកធំ​ធាត់​ក្នុង​អាជីព​ជាអ្នក​កាសែត ​រហូត​មកទល់​ពេលនេះ​ដោយសារ​បានការ​តម្រង់​ណែនាំ ​និង​បណ្តុះ​បណ្តាល​ពីរូប​លោក​ទោះជា​ដោយផ្ទាល់ ​ឬដោយ​ប្រយោល ​ទោះជា​អ្នកនោះ​បាន​ដឹងខ្លួន​ ឬមិន​បាន​ដឹង​ខ្លួន​ក៏​ដោយចុះ។​​
គួរបញ្ជាក់ថា​ លោក​ ប៉ែន ​សមិទ្ធិ ​បានទទួល​មរណៈភាព ​កាលពីថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០១៥ ​ដោយរោគាពាធ​ក្នុងជន្មាយុ​៥៥ឆ្នាំ ​ដោយ​បន្សល់​ទុកនូវ​ ភរិយា​ រួមទាំង​បុត្រា​បុត្រី​ចំនួន​បីនាក់។
ប្រភព ​ពីគ្រួសារ​សពលោក​ ប៉ែន​ សមិទ្ធិ ​បានឲ្យដឹងថា​ ប្រាំពីរ​ខែ​នៃជីវិត​ចុងក្រោយ ​របស់​លោក ​គឺ​ត្រូវទ្រាំ​ទ្រ​នឹងការ​ឈឺចាប់​ឥតស្រាក​ស្រាន្ត​នៃ​ជំងឺ​មហារីក ​ប៉ុន្តែ​លោកបាន​តស៊ូ​ប្រឈមមុខ​ នឹង​ជំងឺ​ដ៏កាច​សាហាវ​នេះ​យ៉ាង​ក្លាហាន​។​ ក្រោយ​ពេល​ផឹកថ្នាំ​ បំបាត់​ការ​ឈឺចាប់ម្តង​ៗ​ លោក​តែង​ខិត​ខំបំពេញ​ការ​ងារ​របស់ខ្លួន​ សូម្បី​តែកំពុង​ស្ថិត​នៅលើ​គ្រែ​ពេទ្យ​ក៏ដោយ​  ក៏​លោក​ខិតខំ​ធ្វើការ​ងារ​សារព័ត៌មាន ​ដែល​លោក​បាន​ធ្វើអស់​រយៈពេល​ ៣៤ឆ្នាំ​ កន្លងមក​។​ នៅ​ពេល​ដឹងថា​ ខ្លួន​មិនអាច​រស់​នៅ​យូរត​ទៅទៀត​បាន​ លោក​បាន​ខិតខំ​រៀបចំ​ការងារ​របស់ខ្លួន​ ដើម្បី​ឲ្យក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ដំណើរការ ​មហា​សន្និបាត​ បោះឆ្នោត​ ជ្រើស​រើស​គណៈ​នាយកថ្មី​ រក្សាបាន​នូវ​ជំហរ​ដ៏រឹង​មាំមួយ​ ក្រោយ​អត់​ពី​រូបលោកទៅ។ ចំពោះ​កាសែត​រស្មី​កម្ពុជា​ នោះគឺ​ជាកង្វល់​ដ៏ធំ​មួយ​របស់​លោក ​មុនពេល​លោកបាត់​បង់ជីវិត​ប៉ុន្មានថ្ងៃ ​លោក​បានខិតខំ​ធ្វើផែនការ​ ការងារ​មួយចំនួន​ដើម្បី​ភាព​រីកចំរើន​ របស់​កាសែត​នេះ​។​ មុន​ពេល​ស្លាប់ ​លោកបាន​ខិតខំ​និយាយ​ពាក្យ​បណ្តាំ​ចុង​ក្រោយ ​សំរាប់​មិត្ត​ភក្តិរួម​អាជីព​ សារពត៌មាន​ទាំងអស់ ​ជាពិសេស​អ្នករួម​ការងារ​នៅកាសែត​រស្មីកម្ពុជា ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ នឹង​គេហទំព័រ​ CEN ថា ​សុខភាព​សំខាន់​ណាស់ ​ត្រូវខិត​ខំ​ថែរក្សា ​សុខភាព​ឲ្យបាន​ល្អ ​កុំឲ្យ​ មាន​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ​

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment