Thursday, April 02, 2015

ក្រសួងមហាផ្ទៃ​ចេញសេចក្តី​ណែនាំ ​ឲ្យជនបរទេស ​ដែលធ្វើការងារ​នៅកម្ពុជា ​រួសរាន់​បំពេញ​បែបបទ​ឲ្យបាន​គ្រប់គ្រាន់​តាមច្បាប់​ស្តីពីការងារ

តាមរយៈសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា ដោយឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ជាទូទៅជនបរទេសដែលកំពុងប្រកបមុខរបរ និងធ្វើការនៅព្រះរាជាណាចក្រកម្ពុជា បានគោរព និងអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ បានយ៉ាងល្អប្រសើរ។ ពលករបរទេសទាំងនោះមានលិខិតឆ្លងដែន មានសុពលភាពត្រឹមត្រូវ មានប្រភេទទិដ្ឋាការសំរាប់ធ្វើការ និងមានប័ណ្ណការងារ។ ក៏ប៉ុន្តែនៅមានសហគ្រាស គ្រឹះស្ថាន និងពលករបរទេសមួយចំនួនតូច ពុំទាន់យកចិត្តទុកដាក់ ក្នុងការបំពេញកាតព្វកិច្ចឲ្យបាន ត្រឹមត្រូវតាមច្បាប់កំណត់នៅឡើយ ទោះបីជាក្រុមអធិការកិច្ចបានណែនាំធ្វើកិច្ច សន្យាទុករយៈពេលឲ្យ ទៅបំពេញ បែបបទឲ្យបានស្របច្បាប់ជាញឹកញាប់ណាស់ទៅហើយក្តី។
សេចក្តីណែនាំដដែលបានបន្តថា ឆ្លើយតបទៅនឹងសភាការណ៍ជាក់ស្តែងខាងលើនេះ សំដៅអោយម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថាន និងពលករបរទេស បានស្វែងយល់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការអនុវត្តបានត្រឹមត្រូវតាមច្បាប់។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូន ដំណឹងដល់គ្រប់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងរាល់ពលករបរទេសដែលមានបំណង និងកំពុងប្រកបមុខរបរ ឬធ្វើការក្នុង ព្រះរាជាណាចក្រកម្ពុជាជ្រាបថា៖ ត្រូវរួសរាន់បំពេញបែបបឲ្យបានគ្រប់គ្រាន់ តាមច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍ សេចក្តីណែនាំ បានបន្តថា ជាទូទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងចុះត្រួតពិនិត្យតាមគោលដៅ សហគ្រាស គ្រឹះស្ថាននានា ក្នុងពេលរកឃើញថា ពលករបរទេសណាម្នាក់ ដែលកំពុងប្រកបមុខរបរ ឬធ្វើការគ្មាលិខិតឆ្លងដែន ដែលមានសុពលភាពត្រឹមត្រូវ គ្មានប្រភេទទិដ្ឋាការសំរាប់ធ្វើការ គ្មានប័ណ្ណការងារ ក្រុមចំរុះអធិការកិច្ចហត្ថពលកម្មបរទេស នឹងធ្វើការផាកពិន័យតាមច្បាប់ជាធរមាន។

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment