Thursday, April 02, 2015

ជប៉ុនផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់កម្ពុជា​ចំនួន ២៣០​លានដុល្លារ​អាមេរិក

នៅថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០១៥​កន្លងទៅ​ នៅទីស្តីការ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ​បានរៀប​ចំពិធី​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ ហិរញ្ញប្បទាន​ឥតសំណង​របស់​រាជរដ្ឋា​ភិបាលជប៉ុន​ ដល់​កម្ពុជា​សម្រាប់​អភិវឌ្ឍន៍​លើ​គម្រោង​ចំនួនប្រាំ។

ពិធីចុះ​ហត្ថលេខា​ខាងលើ ​គឺធ្វើ​ឡើង​ដោយ ​ឯកឧត្តម​ អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​និង​លោក អ៊ីតស៊ុ អាដាជិ (​Itsu Adachi​) ប្រធាន​ JICA ថ្មីប្រចាំ​កម្ពុជា​។​ រាជរដ្ឋា​ភិបាល​ជប៉ុន ​តាមរយៈ​ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរ​ជាតិ​ជប៉ុន​ (JICA) ប្រចាំ​កម្ពុជា ​ បាន​ផ្តល់​ហិរញ្ញ​ប្បទាន​ឥត​សំណង​ ដល់​កម្ពុជា​ ដែល​ចុះកិច្ច​ហត្ថលេខា​នេះ​ គឺ​មាន​ចំនួន​ទឹកប្រាក់​ ២៣០​លាន​ដុល្លារ​អាមេរិក​ ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បានឲ្យដឹងថា ​កិច្ច​ព្រមព្រៀង​ចំនួន៥ ​ដែល​ជប៉ុនសន្យា​ផ្តល់​នោះ​រួមមាន៖

១-គម្រោង​ធ្វើ​ឲ្យប្រសើរ​ឡើង​នូវកំណាត់​ផ្លូវជាតិ​លេខ៥ ​មានប្រវែង​ សរុប១៤៩​គីឡូ​ម៉ែត្រ។​ ២-​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែបញ្ជូន​ និង​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​ជំហាន​ ទី២​ ជាមួយ​ស្ថានីយថ្មី ​និង​រៀបចំ​ប្រព័ន្ធ​ទូរគមនាគមន៍​សម្រាប់ ​ប្រតិបត្តិ​ការ​បណ្តាញ​បញ្ជូន​ អគ្គិសនី ​ជាដើម​។
៣-​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់​គ្រង​ ចរាចរណ៍​នៅទី​ក្រុងភ្នំពេញ​ ដោយ​បំពាក់​តម្លើង ឧបករណ៍​ថ្មី​ ចំនួន១០០​ឧបករណ៍​នៅតាម​ទីតាំង​ផ្លូវ​ឆ្លងកាត់។
៤-គម្រោង​កែលម្អ​មន្ទីរ​ពេទ្យ​បង្អែក​ ដោយ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវគុណ​ភាព​សេវា​សុខា​ភិបាល​ និង​ការ​ថែរក្សា ​សុខភាព​ នៅ​ខេត្ត​ស្វាយ​រៀង​។
៥-គម្រោង​សាងសង់​ និង​កែលម្អ​រោងចក្រ​វារីអគ្គិសនី​ខ្នាតតូច ​នៅខេត្ត​រតនគីរី​ដោយ​សាង​សង់​ រោងចក្រ​ផលិត​ចរន្ត​អគ្គិសនី​ខ្នាត​តូចថ្មី​មួយ ​នៅអូរជុំ​ និង​ធ្វើឱ្យ​ល្អ​ឡើងវិញ ​នូវរោងចក្រផលិត​ចរន្តអគ្គិ​សនី​ ដែល​មាន​ស្រាប់​នៅអូរជុំ​ ២៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment