Thursday, April 02, 2015

សម្តេច​តេជោ​ ប្រកាស​​ថា ​មិន​យូរ​ទេ​កម្ពុជា​នឹង​មាន​ច្បាប់​គ្រប់​គ្រង​អង្គការ​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន និង​ផ្លូវ​ជាតិ​លេខ​៩ នាថ្ងៃទី ០១ ខែ​មេសា ឆ្នាំ២០១៥ ម្សិល​មិញ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា ច្បាប់​ស្តី​ពី​ការគ្រប់​គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ​នេះ។

សម្តេចតេជា ហ៊ុន សែន បាន​ថ្លែង​ថា គោល​បំណង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ខិត​ខំ​ជំរុញ​ឲ្យ​មាន​ច្បាប់​នេះ គឺ​ដើម្បី​កំណត់​សិទ្ធិ​អំណាច អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ "សូមអ្នក​ទាំង​ឡាយ​ដឹង​ខ្លួន​ឲ្យ​បាន​ច្បាស់ តួនាទី​ខ្លួន កម្រិត​ណា។ ហើយ​ខ្ញុំសូម​ប្រកាស​ទុក​ជា​មុនច្បាប់​គ្រប់​គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល នឹង​ចេញ​នាពេល​ខាង​មុខ កុំ​ឲ្យ​គេ​ថា ធ្វើ​ការតាម​ចិត្ត​ចង់​។ ព្រោះ​ឥលូវ​អ្នក​ឯង​កំពុង​ឋិត​នៅ​ក្រៅ​ច្បាប់​ហើយ​បើចង់​មាន​បញ្ជី​ជាតិ​ ទាល់​តែ​ធ្វើ​អាច្បាប់ហ្នឹង​បាន​ចុះ​បញ្ជី​ជាតិ​បាន។ អញ្ជឹង​ច្បាប់​គ្រប់​គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រូវ​តែ​ចេញ"។

សម្តេចតេជោ បាន​ថ្លែង​ថា​ច្បាប់​គជប​ថ្មី​ត្រូវ​បាន​រដ្ឋសភា​ដែល​តំណាង​ឲ្យ​ប្រជាជនជា អ្នក​អនុម័ត រួច​ឆ្លង​ទៅព្រឹទ្ធ​សភា​ត្រួត​ពិនិត្យ និង​ត្រូវ​បាន​ឡាយ​ព្រះហស្ថលេខា​ដោយ​ព្រះមហាក្សត្រ​ ប៉ុន្តែ​បើយល់​ថា​ច្បាប់ គ.ជ.ប ថ្មី​មិន​ល្អ នោះ​គួរ​តែ​ប្រើច្បាប់​ចាស់​វិញ។ សម្តេច​បញ្ជាក់​ទៀត​ថាទោះ​ជាយ៉ាង​ណា​រដ្ឋសភា​ជាតិ​មិន​នឹង​ធ្វើ​បែប​នេះ តាម​តែការរិះគន់​របស់​សង្គម​ស៊ី​វិលនោះ​ទេ។ សម្តេច​ក៏បាន​រិះគន់​អង្គការ​សង្គម​ស៊ីវិល​ដែល​តាំង​ខ្លួនថា​អព្យា​ក្រឹត តែ​ដើរ​ហែ​គណបក្ស និង​ជេរ​គេឯង​។

គួរ​រំលឹក​ថា នាពេល​កន្លង​មក សមា​គម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ធ្លាប់​បាន​ធ្វើការ​រិះគន់ និង​សំដែង​ការមិន​ពេញ​ចិត្ត រួម​ទាំង​បាន​ធ្វើការ​ជំទាស់​ចំពោះ​រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​គ្រោង​រៀប​ចំ​ឲ្យមាន​ច្បាប់​គ្រប់​គ្រង​អង្គការ ក៏​ដូច​ជាសមាគមក្រៅ​រដ្ឋាភិបាលនេះ ដោយ​ពួក​គេចាត់​ទុក​ថា ការ​ធ្វើ​ច្បាប់​នេះនឹង​រឹត​បន្តឹង​សិទ្ធិ​សេរី​ភាព​របស់​ពួក​គេ គឺ​ក្នុង​ន័យ​ថា ពួក​គេ​ចង់​ជិះសេះ​លែង​ដៃ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ប្រមុខ​រាជ​រដ្ឋាភិបាល​ធ្លាប់​បាន​អះអាង​ថា ច្បាប់​គ្រប់​គ្រង​អង្គការ គឺ​គ្រាន់​តែធ្វើ​ឡើង​ដើម្បី​ការពារ​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​អង្គការ​សមាគម​តែប៉ុណ្ណោះ វាមិន​មានផល​អាក្រក់​អ្វី​ឡើយ​បើអង្គ​ការសមាគម​ទាំង​នោះ​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ខុស​នឹង​ច្បាប់នោះ​៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment