Thursday, February 05, 2015

ព្រះម​ហា​ក្សត្រ​៖ កម្ពុជា​ពិតជា​មាន​​មោទន​​ភាព​​ខ្លាំង​ណាស់ ដែលបុព្វ​បុរសបាន​បន្សល់​ទុកនូវ​កេរ្តិ៍​មរតក​វប្បធម៌ យ៉ាង​ច្រើន និង​​អារ្យធម៌​​ដ៏រុងរឿង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូល អំពីមោទនាភាពរបស់កម្ពុជា ពិសេសតំបន់ប្រាសាទអង្គរ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ អំពីតម្លៃដែលលេចធ្លោជាសកល គឺដោយសារបុព្វបុរស ខ្មែរបានបន្សល់ទុកនូវ កេរ្តិ៍មរតកវប្បធម៌យ៉ាងច្រើន និងអារ្យធម៌ដ៏រុងរឿង ពិសេសតំបន់ប្រាសាទ អង្គរដែលត្រូវ បានទទួលស្គាល់ជាអន្តរជាតិ អំពីតម្លៃដែលលេចធ្លោរជាសកល និងបានទាក់ទាញ បំផុត ខាងវិស័យទេសចរណ៍។
​ព្រះរាជបន្ទូលលើកឡើង របស់ព្រះមហាក្សត្រ ត្រូវបានធ្វើឡើងនៅក្នុងព្រះរាជពិធីលៀងសាយភោជន៍ និងទតការ សម្តែងសិល្បៈ នាឱកាសសន្និសីទពិភពលោក អង្គការទេសចរណ៍ពិភពលោក និង យូណេស្កូ ស្តីពីទេសចរណ៍ និងវប្បធម៌ការកសាងភាពជាដៃគួរថ្មី នៅទីព្រះ​​លានជល់ដំរី ស្ថិតក្នុងក្រុងសៀមរាបអង្គរ កាលពីរាត្រីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមានការអញ្ជើញ ចូលរួមពីបណ្តាអង្គការ និងគណៈប្រតិភូអន្តរជាតិ ជាង ៨០ ប្រទេស។

​ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមាន ព្រះរាជ បន្ទូលរំលឹកពីព្រះរាជកិច្ចត្រូសត្រាយរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដ៏គូរឱ្យគោរពសរសើរ ដែលព្រះអង្គ ទ្រង់បានអំពាវនាវរកការគាំទ្រ ចំពោះស្ថានភាព ប្រកបដោយគ្រោះថ្នាក់របស់ប្រាសាទអង្គរ នៅឆ្នាំ១៩៨៩ ដែលក្នុងពេលនោះ ប្រទេសកម្ពុជា ក្នុងកំពុងស្ថិតក្នុងជម្លោះ និងសង្រ្គាម ស៊ីវិលនៅឡើយ។ បន្ទាប់មកតំបន់អង្គរ ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការ យូណេស្កូ នៅឆ្នាំ១៩៩២ និងនៅក្នុងឆ្នាំ ១៩៩៣ គណៈកម្មការអន្តរជាតិសម្របសម្រូល ដើម្បីការពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិ សាស្រ្តអង្គរ (ICC-Angkor) ក៏ត្រូវបានបង្កើតឡើង នៅឯសន្និសីទនាទីក្រុងតូក្យូ ដោយ ផ្តោតលើការថែរក្សាប្រាសាទ ដែលកំពុងប្រឈមគ្រោះថ្នាក់ ដំណាលគ្នានឹងពេលដែល បានបើកឱ្យទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនា។

​ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមាន ព្រះរាជ បន្ទូលទៀតថា ប្រាង្គប្រាសាទតំបន់អង្គរ ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវ ទេសចរថា បង្កប់ដោយភាពអាថ៌កំបាំង ដែលពុំទាន់មានឯកសារបញ្ជាក់ឱ្យបានពិស្តារ នៅឡើយ និងប្រកបដោយពលានុភាព នៃការទាក់ទាញដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់គ្នា ដោយប្រាង្គប្រាសាទ ទាំងនេះ មានអានុភាពរបស់ខ្លូនទាក់ទងទៅនឹងភាពវិជ្ជមាន ភាពស្ងប់ស្ងៀម ភាពរឹងមាំ និងថាមពលរីកចម្រើន។ ដូច្នេះ អង្គរ នឹងមិនបាត់បង់នូវភាពអស្ចារ្យ របស់ខ្លូនឡើយ។

ក្នុងន័យនេះ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា ការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ ត្រូវផ្សារភ្ជាប់ជាមួយការអភិរក្សបេតិកភណ្ឌ។

តាមការឱ្យដឹងពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន  រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីកាគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរអប្សរា បានឱ្យដឹងថា សន្និសីទពិភពលោក ស្តីពី ទេសចរណ៍ និងវប្បធម៌ ត្រូវបានប្រារព្ធធ្វើឡើង ក្រោម​ប្រធានបទៈ បង្កើត​ភាពជាដៃគូថ្មី បានបើកជាផ្លូវការ កាលពីព្រឹក ថ្ងៃទី៤ កុម្ភៈនេះ នៅលើទឹកដីសៀមរាបអង្គរ ក្រោម អធិបតីភាពប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ​ដល់ថ្ងៃទី៦ ខែកុម្ភៈ​ ដែលមាន អ្នកចូល​រួម​ចំនួន ១ពាន់ ១០៧រូប មកពីថ្នាក់ ដឹក​នាំ​គណៈ​​ប្រតិភូ នៃ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ និងមានវាគ្មិន​​អន្តរជាតិល្បីៗ មកពី ៩៩ប្រទេស ក្នុង​នោះ​រដ្ឋ​មន្ត្រី​ចំនួន ៤១រូប មក​ពី​​ ៣៨ប្រទេស ដែលមានរដ្ឋមន្ត្រីទេសចរណ៍ ១៧រូប រដ្ឋ​មន្ត្រី​​​​វប្បធម៌ ១៥រូប រដ្ឋមន្ត្រី​​ទេស​​ចរណ៍ និង​វប្បធម៌ ៧រូប ថ្នាក់អគ្គនាយក ២រូប ព្រមទាំងមានចូលរួមពីសាស្ត្រាចារ្យ និស្សិត និងផ្នែកឯកជន។​

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន បានឲ្យដឹងបន្តទៀតថា គោល​បំណង នៃសន្និសិទ្ធនេះ គឺដើម្បីកំណត់កាលានុវត្តភាព និង​បញ្ហា​​​ប្រឈមសំខាន់ៗ ដើម្បី​​ពង្រឹង កិច្ចសហប្រតិបត្តិការ រវាងវិស័យទេសចរណ៍ និង​វិស័យវប្បធម៌ ឲ្យកាន់​​តែខ្លាំងក្លាពិភាក្សាអំពីគំរូភាពជាដៃគូថ្មី ក្នុងការពង្រឹង​​​ទំនាក់​ទំនងសេដ្ឋកិច្ច-សង្គម, ការពង្រឹងការ អនុវត្តរួមគ្នា ដើម្បីលើកកំពស់ បកស្រាយ ការពារ និងអភិរក្ស​​វប្បធម៌ ដែលរួមបញ្ចូលទាំង សម្បត្តិបេតិកភណ្ឌ និង​ឧស្សា​​​ហកម្មកែច្នៃ ព្រមទាំង​កសាងទេសចរណ៍វប្បធម៌  សម្រាប់ ការអភិវឌ្ឍប្រកប ដោយ​និរន្តរភាព។ 
នៅក្នុងអំឡុងពេលនៃសន្និសីទពិភពលោកនេះ និងមានកិច្ចប្រជុំ ​២សំខាន់ រួម​មាន កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ គំរូនៃការបង្កើតដៃគូថ្មីនិង កិច្ច​​ពិភាក្សា​​​​ថ្នាក់ បច្ចេកទេស។ ជាមួយគ្នានេះ អង្គសន្និសីទ នឹងដាក់ចេញសេចក្តីថ្លែងការណ៍​សៀម​​រាប​​​​ស្តីពី ទេសចរណ៍ និងវប្បធម៌ ដោយរំពឹងថា ខ្លឹមសារ នៃសេចក្តីថ្លែងការណ៍​នេះ​នឹងក្លាយជាធាតុ ចូលដ៏មានសារៈសំខាន់បន្ថែមទៀត សម្រាប់ជាឯកសារយោង ក្នុងការរៀបចំ​ផែនការ​អភិវឌ្ឍ និងអភិរក្សទេសចរណ៍វប្បធម៌ ប្រកបដោយនិរន្តរ​ភាព និងការទទួល​ខុស​ត្រូវ។

គួរបញ្ជាក់ថា ​​​សៀមរាប-អង្គរ ត្រូវបាន​ទទួល​ស្គាល់ និង​ចាត់​ថ្នាក់ជាជា​ទីក្រុង​​​គោលដៅទេសចរណ៍​ប្រកបដោយភាពទាក់ទាញលំដាប់ទី៤ នៅលើសកល​លោក និង​លំដាប់ទី២ នៅក្នុងអាស៊ី បន្ទាប់ពីទីក្រុង Kyoto បើតាមការ​វាយ​តម្លៃ​របស់​ទស្សនា​​វដ្តី Travel and Leisure ហើយអង្គរ ក៏បានជាប់ពានរង្វាន់​ជើងឯក​ឆ្នាំ២០១៤ ក្នុងឱកាស​​​ទិវាបុរាណ​វិទ្យាអន្តរជាតិផងដែរ។​
បើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា ចេញផ្សាយកាលពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥កន្លងមកថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៤ កន្លងមកនេះ ខេត្ត សៀមរាប មានភ្ញៀវទេសចរណ៍ជាតិ មកលេងកំសាន្តចំនួន ២លាន ៦សែន ៧ម៉ឺន ២ពាន់ ៩៥០នាក់ និងមានភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន ២លាន ៣សែន ៥ម៉ឺន ៩៣៧នាក់ ដែលក្នុងនោះ ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានចូលទស្សនាអង្គរ មាន ចំនួន ២លាន ៥ម៉ឺន ៩ពាន់ ៧០២នាក់ ដែលទទួលបានចំណូល បានមកពីការលក់ប័ណ្ណចូលទស្សនា អង្គរ បានចំនួន ៥៩លាន ៣សែន ៤ម៉ឺន ២ពាន់ដុល្លារអាមេរិក៕

អត្ថបទ: មៀច សំអាត

No comments:

Post a Comment