Thursday, February 05, 2015

កម្ពុជា​ទទួល​ធ្វើម្ចាស់​ផ្ទះក្នុង​ការរៀប​ចំសន្និ​សីទ​ពិភព​លោក ស្តីពី​ទេសចរណ៍ និង​វប្បធម៌ នៅទឹកដី វប្បធម៌​ប្រវត្តិ​សាស្រ្ត​របស់កម្ពុជា

សន្និសីទពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌ ក្រោម​ប្រធានបទៈ បង្កើត​ភាពជា ដៃគូថ្មី ត្រូវបានបើកជាផ្លូវការហើយ នាព្រឹកថ្ងៃទី ០៤ កុម្ភៈនេះ នៅលើទឹកដី សៀមរាបអង្គរ ទឹកដីនៃបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា។​

​​សន្និសីទ​ថ្នាក់​​​ពិភពលោក ​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៤​ដល់ថ្ងៃទី៦ កុម្ភៈ​ ឆ្នាំ២០១៥ ដែលមានអ្នកចូល​រួម​ចំនួន ១១០៧រូប មកពីថ្នាក់ដឹក​នាំ​គណៈ​​ប្រតិភូ នៃ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ និងមានវាគ្មិន​​អន្តរជាតិល្បីៗមកពី៩៩ប្រទេស។ ក្នុង​នោះ​រដ្ឋ​មន្ត្រី​ចំនួន៤១រូប មក​ពី​៣៨ប្រទេស ដែលមានរដ្ឋមន្ត្រីទេសចរណ៍១៧រូប រដ្ឋ​មន្ត្រី​​​​វប្បធម៌១៥រូប រដ្ឋមន្ត្រី​​ទេស​​ចរណ៍ និង​វប្បធម៌៧រូប ថ្នាក់អគ្គនាយក២រូប ។ សន្និ​សីទ​នេះ ក៏មានដែរ ការចូលរួម ពីសាស្ត្រាចារ្យ និស្សិតនិង ផ្នែកឯកជន ។​

​​ថ្លែងបើកក្នុងសន្និសីទពិភពលោក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាសន្និសីទ​ដែល​ត្រូវបាន ប្រារព្ធ​ឡើង​ជា​ប្រវត្តិសាស្ត្រ លើកដំបូងរបស់ខ្លួននៅថ្ងៃនេះ មិនត្រឹមតែឆ្លុះ​បញ្ចាំងពីកាអភិវឌ្ឍ ដែលផ្សារភ្ជាប់ ជាមួយនឹង វិស័យទេសចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និត រវាងអង្គការ​ទេសចរណ៍ពិភពលោក និងអង្គការយូណេស្កូ ក្នុងបុព្វហេតុរួម  តែ​មួយគត់គឺរួមគ្នា ចូលរួម សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងការត្រៀមខ្លួន សម្រេច ឱ្យបាននូវគោលដៅអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ របស់អង្គការសហ​ប្រជា​ជាតិ ។ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យ អង្គសន្និសីទទាំងមូល យកចិត្តទុក​ដាក់​លើ​មូលដ្ឋានសំខាន់ពីរ ដែលត្រូវដើរទន្ទឹមគ្នាគឺ ការបង្កើនឧត្តមភាព ប្រកួតប្រជែង នៃគោលដៅទេសចរណ៍ វប្បធម៌ និងការ ធានាឱ្យបាននូវ ចិរភាព ដែលកើតចេញ​ពីការ​អភិវឌ្ឍ វិស័យទេសចរណ៍ វប្បធម៌នេះ ។

​​សម្តេចតេជោ នាយករដ្ឋមន្ត្រី​បាន​​​ផ្តល់ជាសារគន្លឹះដល់អង្គសន្និសីទ ដែលចាំ​​បាច់បន្តខិតខំជំរុញឱ្យវិស័យទេសចរណ៍ និងវប្បធម៌ ឱ្យប្រតិបត្តិការរួមគ្នា សម្រាប់​​ជំរុញ កំណើន និងការបែងចែក ផ្លែផ្កានៃកំណើន ប្រកបដោយសមធម៌ ។ ក្នុងនោះ ដែរវិស័យទេសចរណ៍ និងវប្បធម៌ ត្រូវបំរើឱ្យការថែរក្សាបេតិកភណ្   វិស័យ​​ទេស​​​ចរណ៍ និងវប្បធម៌ ត្រូវរួមគ្នា ដើម្បីឧត្តមភាព ប្រកួតប្រជែង គោល​ដៅ​ទេស​ចរណ៍ និង​ ការកសាងនូវវប្បធម៌សន្តិភាព។

​សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងទេសចរណ៍ និងក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដោយសហការជាមួយ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំង ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវយកចិត្តទុកដាក់ បង្កលក្ខណៈ​ងាយ​ស្រួល ជូនប្រជាជន ដោយដាក់ចេញ នូវកម្មវិធីថ្នាក់ជាតិមួយ​​សំដៅជំរុញ​​​លើកទឹក​​​ចិត្ត  បណ្តុះនូវគំនិត ផ្តួចផ្តើម  និងការច្នៃប្រឌិត ដើម្បីបង្កើតឱ្យចេញជា​​ផលិត​​​ផល​​ទេសចរណ៍ វប្បធម៌ថ្មីៗ ជាលក្ខណៈ វត្ថុអនុស្សាវរីយ៍ទេសចរណ៍ ដែលបង្ហាញនូវ​​​វប្បធម៌ និងប្រពៃណីរស់នៅ របស់ប្រជាជនតាមតំបន់ផ្សេងៗគ្នា និងប​ង្ហាញពី​​​សិល្បៈ របាំ , ចម្រៀងប្រពៃណី , ម្ហូមខ្មែរ ,ផ្លែឈើ។ល។ រាជរដ្ឋាភិបាលកម្ពុជា មាន​​​ជំនឿ​​​យ៉ាងមុតមាំថា ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយការ​ទទួលខុស​​ត្រូវ និងប្រកបដោយបរិយាប​ន្ន នឹងចូលរួមដល់ការអភិរក្ស ថែរក្សា នូវ សម្បត្តិ បេតិក​​​ភណ្ឌ និងលើកតំកើង នូវតម្លៃ នៃគោលដៅ ទេសចរណ៍ ហើយប្រការទាំងនេះ នឹង ធ្វើឱ្យវិស័យទេសចរណ៍ និងវប្បធម៌ ចូលរួម ដល់ការអនុវត្តនូវគោលដៅ អភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥ របស់អង្គការសហប្រជាជាតិ។

​​តាមការឲ្យដឹងពី ឯកឧត្តម ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍ឲ្យដឹងថា គោល​បំណងនៃសន្និសិទ្ធនេះគឺដើម្បី កំណត់កាលានុវត្តភាព និង​បញ្ហា​​​ប្រឈម សំខាន់ៗ ដើម្បី​​ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិស័យទេសចរណ៍ និង​វិស័យវប្បធម៌ ឲ្យកាន់​​តែ ខ្លាំងក្លាពិភាក្សាអំពីគំរូភាពជាដៃគូថ្មី ក្នុងការពង្រឹង​​​ទំនាក់​ទំនង សេដ្ឋកិច្ច-សង្គម, ការពង្រឹង ការអនុវត្តរួមគ្នា ដើម្បីលើកកំពស់ បកស្រាយ ការពារ និងអភិរក្ស​​វប្បធម៌ ដែលរួមបញ្ចូលទាំងសម្បត្តិបេតិកភណ្ឌ និង​ឧស្សា​​​ហកម្មកែច្នៃ ព្រមទាំង​កសាងទេសចរណ៍វប្បធម៌ សម្រាប់ការអភិវឌ្ឍប្រកប ដោយ​និរន្តរភាព។  ​​​

នៅក្នុងអំឡុងពេលនៃសន្និសីទពិភពលោកនេះ និងមាន កិច្ចប្រជុំ​២សំខាន់ រួម​មាន កិច្ចសន្ទនា ថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ គំរូនៃការបង្កើតដៃគូថ្មីនិង កិច្ច​​ពិភាក្សា​​​​ថ្នាក់បច្ចេកទេស ។ អង្គសន្និសីទ នឹងដាក់ចេញសេចក្តីថ្លែងការណ៍​សៀម​​រាប​​​​ស្តីពីទេសចរណ៍ និងវប្បធម៌ ដោយរំពឹង ថាខ្លឹមសារ នៃសេចក្តីថ្លែងការណ៍​នេះ​នឹងក្លាជាធាតុចូល ដ៏មានសារៈសំខាន់បន្ថែមទៀត សម្រាប់ជា ឯកសារយោង ក្នុងការរៀបចំ​ផែនការ​អភិវឌ្ឍ និងអភិរក្សទេសចរណ៍វប្បធម៌ ប្រកបដោយ និរន្តរ​ភាព និងការទទួល​ខុស​ត្រូវ។

គួរបញ្ជាក់ថា ​​​សៀមរាប-អង្គរ ត្រូវបាន​ទទួល​ស្គាល់ និង​ចាត់​ថ្នាក់ជាជា​ទីក្រុង​​​គោលដៅទេសចរណ៍​ប្រកបដោយភាពទាក់ទាញលំដាប់ទី ៤ នៅលើសកល​លោក និង​លំដាប់ទី ២ នៅក្នុងអាស៊ី បន្ទាប់ពីទីក្រុង Kyoto បើតាមការ​វាយ​តម្លៃ​របស់​ទស្សនា​​វដ្តី Travel and Leisure ហើយអង្គរក៏បានជាប់ពានរង្វាន់​ជើងឯក​ឆ្នាំ២០១៤ ក្នុងឱកាស​​​ទិវាបុរាណ​វិទ្យាអន្តរជាតិ ផងដែរ។​ ឆ្នាំ២០១៤ កម្ពុជាបានទទួល​ទេសចរ​​អន្តរជាតិ៤,៥ លាន​នាក់ ក្នុងកំណើន៧% ព្រមជាមួយ​នឹងចំនួន​ទេសចរក្នុងស្រុក​​ប្រមាណ​ជាង៨លាននាក់ ។ វិស័យទេសចរណ៍កម្ពុជាបានរួមចំណែកប្រមាណជាង ១0% នៃផលិត​ផល​ក្នុងស្រុកសរុប (GDP) របស់កម្ពុជា នៅឆ្នាំ២០១៣ ជាមួយ​នឹងការបង្កើត​ឱកាស​ការងារដោយផ្ទាល់ប្រមាណជាង៥០ម៉ឺននាក់(​ប្រមាណ១៣%​​​នៃកម្លាំងពលកម្សរុប)​ និងការងារដោយប្រយោលរាប់ម៉ឺននាក់ថែមទៀត។ ​ជាមួយនឹងគោល​នយោបាយ​អភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ និងយុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍កម្ពុជាស្អាតនិងបៃតងនិងការ​​​ផ្តល់សេវា​​​ទេស​ចរណ៍ប្រកបដោយគុណភាព កម្ពុជានឹងទទួលទេសចរ​អន្តរជាតិ​ប្រមាណ ៥លាន​នាក់ នៅឆ្នាំ២០១៥ និង​ប្រមាណ​៧,៥លាននាក់ នៅឆ្នាំ២០២០៕

អត្ថបទ: សុវណ្ណារ៉ា

No comments:

Post a Comment