Thursday, February 05, 2015

កម្ពុជា​និង​កូរ៉េចង់​បង្កើត​ឱ្យមាន​​សហគមន៍​វប្បធម៌អាស៊ី

ក្នុងកិច្ចជំនួបពិភាក្សា​ក្រោយពីបើកសន្និសីទពិភពលោក ស្ដីពីទេសចរណ៍​និងវប្បធម៌​របស់អង្គការទេសចរណ៍​ពិភពលោក​និង​អង្គការ​យូណេស្កូ​​រ​កាលពី​រសៀលថ្ងៃទី០៤ ខែ កុម្ភៈ​ ឆ្នាំ ២០១៥ ឯកឧត្ដម ឧបនា​យករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួល​បន្ទុកទីស្ដី​ការគណៈរដ្ឋ​មន្រ្តីបាន​ជំរាបជូន ឯកឧត្ដម គីម ខ្វាន់យ៉ុង រដ្ឋមន្រ្តីវប្បធម៌នៃ​សាធារណៈរដ្ឋកូរ៉េ​ ​  ពី​ការបង្កើតឱ្យមាន​សហគមន៍វប្បធម៌អាស៊ីដើម្បីរឹតចំណងសាមគ្គីភាពទំនាក់ទំនងគ្នា​ជាមួយនិង​ប្រទេសដែលមាន​វប្បធម៌អរិយយធម៌យូរអង្វែង​។ តាមរយៈ​វប្បធម៌​បង្កើត​ជាកម្មវិធីពិសេសៗដូចជាកម្មវិធីយុវជន​សម្ដែងរួមគ្នានូវសកម្មភាពរបស់​យុវជនរវាងប្រទេសនីមួយៗ​ទៅតាមកម្មវិធី​ប្រពៃណីទំនៀមទំលាប់​របស់ប្រទេស​នីមួយៗ ។ ជាក់ស្តែងប្រទេសកម្ពុជាមានកម្មវិធីអង្គរសង្រ្កាន្ត ​​​។​ហើយកម្ពុជាស្វាគមន៍​ចំពោះយុវជនប្រទេស​ណាដែ​លមានសិល្បះប្រពៃណីផ្សេងៗ​មកចូលរួម​ក្នុងកម្មវិធីជាមួយ​គ្នាដើម្បីផ្លាស់ប្តូរវប្បធម៌​​ប្រពៃណី​សំរាប់បង្កើនកិច្ចសហប្រតិបត្តិការ​ផ្លាស់ប្តូរពត៌មានគ្នាទៅវិញទៅមកឱ្យបានយល់ដឹង​នូវរបកគំហើញថ្មីៗនៃ​ប្រវត្តិសាស្រ្តក្នុង​តំបន់ដើម្បី​អភិវឌ្ឍន៍វប្បធម៌មួយឱ្យទៅជាវប្បធម៌មានលក្ខណៈជារបស់ អាស៊ី។

ឯក​ឧត្ដម ឧបនា​យករដ្ឋមន្រ្តី ​មានប្រសាសន៏ថាការពង្រឹងវប្បធម៌សន្ទនាដោយការដោះដូរ ទស្សនៈកិច្ចពីប្រទេសមួយទៅប្រទេសមួយតាមរយៈយុវជន​វប្បធម៌ដើម្បីឱ្យយល់ដឹង​ពីវប្បធម៌ពីប្រទេសផ្សេងៗក្នុងការរៀបចំសម្ដែងកម្មវិធីតាមវប្បធម៌រៀងៗខ្លួនជាលក្ខណៈមហាជននិងសហគមន៍។ ឱ្យវប្បធម៌នេះក្លាយជាស្ពាន​ភ្ជាប់គ្នារវាងអាស៊ីដូចគ្នា​ដែលមានវប្បធម៌ប្រពៃណីខុសគ្នា​បង្កើតជាភាសាវប្បធម៌ជាភាសាសន្តិភាពនិងចង់ឱ្យវប្បធម៌បង្ក្រាបហឹង្សាភ្លើងកំហឹងទាំងឡាយ យកជំនួសវិញដោយសន្តិភាព។

  បន្ទាប់ពីជំនួបពិភាក្សានេះដែរ អាជ្ញាធរអប្សរាបានចុះហត្ថលេខាជាមួយ អង្គការ​ទេសចរណ៍​ពិភពលោក  ​ផ្ដោតសំខាន់​​ក្នុងការជួយដល់យុវជន​ប្រជាជន​ដែលរស់នៅ​ក្នុងតំបន់​ទេសចរណ៍វប្បធម៌ឱ្យ​យល់​ដឹងពីអ្វីដែល​បង្ហាញពីអត្តសញ្ញាណ​របស់ខ្លួននិងបង្កើតចលនាកាត់​បន្ថយភាពក្រីក្រ ក្នុងផ្នែក​ទេសចរណ៍​និងបន្តកិច្ច​សហប្រតិបត្តិការ​រវាងអាជ្ញាធរ​អប្សរាជាមួយអង្គការ​ទេសចរណ៍​ពិភពលោក​និងសាធារណៈរដ្ឋកូរ៉េ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី សុខ អាន មានប្រសាសន៍ថា ការតភ្ជាប់​យុវជនក្នុង​ជំនាន់អាជ្ញាធ​រអប្សរាជាមួយ អង្គការ​ទេសចរណ៍​ពិភពលោកគឺបង្ហាញពី​ការអភិវឌ្ឍន៍​បែបថ្មី​មួយទៀត ដែលកម្ពុជាពីមុនធ្វើអ្វីតែម្នាក់​ឯងប៉ុន្តែឥឡូវនេះកម្ពុជាធ្វើការងារ​ជាមួយពិភពលោក។ កម្ពុជា​និងកូរ៉េមានប្រវត្តិប្រហាក់​ប្រហែល​គ្នា​​ពីរាជវង្សនីមួយៗ​តាំងពីសមយ័អង្គរមក ការចុះហត្ថលេខានា​ពេលនេះ​គឺជាគ្រឹះរឹងមាំបន្ថែមទៀត​កម្ពុជានិងកូរ៉េចាប់​ដៃគ្នានាំមិត្តភក្តិអាស៊ីនិយាយភាសាវប្បធម៌​។

អត្ថបទ: ខេមរា

No comments:

Post a Comment