Wednesday, February 26, 2014

សម្តេច​តេជោ៖ អ្នក​ដឹកនាំ ឬអ្នកញុះញង់ឲ្យមាន​បាតុកម្ម​កូដកម្ម ពិសេស​កូដកម្ម​របស់​កម្មករ​រោងចក្រ ដែល​អាច​ឈាន​ដល់​ការបិទ​រោងចក្រ​នោះ គឺ​ត្រូវ​​ទទួល​ខុស​ត្រូវ​លើក​ម្មករ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​នយោបាយ​ចេញ​ពី​ខេត្ត​ព្រះ​សីហនុ ដោយបាន​​​អំពាវនាវ​ទៅ​កាន់​អាជ្ញាធរ​រាជធានី​ខេត្ត​ ទូទាំងប្រទេស​ ឲ្យ​ផ្តល់​សិទ្ធិ​​ស្នើ​គ្នាក្នុង​ការ​ធ្វើ​បាតុកម្ម ទាំងអ្នក​គាំទ្រ​​រាជរដ្ឋាភិបាល និង​ទាំង​អ្នកប្រឆាំង​រាជរដ្ឋាភិបាល​។ ​ប៉ុន្តែ​សម្តេចតេជោក៏​បាន​​ព្រមានផង​ដែរ​ ​ដល់​អ្នក​ដឹកនាំ ឬក៏​ការ​ញុះ​​ញង់​​ឲ្យមាន​បាតុកម្ម​កូដកម្ម ពិសេស​កូដកម្ម​របស់​កម្មករ​រោងចក្រ ដែល​អាច​ឈាន​ដល់​ការបិទ​រោងចក្រ​នោះ គឺ​ត្រូវ​​ទទួលខុសត្រូវលើក​ម្មករ ដែល​មិន​មាន​ការងារ​ធ្វើ​។
​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ថានីយ​អគ្គិសនី​ដុត​ធ្យូងថ្ម​កម្លាំង​អនុភាព ១០០ ម៉េ​ហ្គា​វ៉ា​ត់ និង​ខ្សែ​បញ្ជូន​អគ្គិសនី ២៣០ គីឡូវ៉ុល ភ្នំពេញ​-កំពង់ចាម នៅ​ឃុំ​កំពេញ ស្រុកស្ទឹង​ហៅ ខេត្ត​
ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៣ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បញ្ជាក់​ថា ឥឡូវនេះ​ខ្ញុំ​មិន​សំណូមពរ​ឲ្យ​ធ្វើបាតុកម្ម​ទេ តែ​ខ្ញុំ​គ្រាន់តែ​មិន​ឃាត់ ព្រោះ​សិទ្ធិ​​មាន​ដូចគ្នា។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា​ អ្នកប្រឆាំង​ក៏មាន​សិទ្ធិ អ្នកគាំទ្រ​ក៏មាន​សិទ្ធិ ខ្ញុំ​ក៏​មិន​ធ្វើតាម​ប្រធានាធិបតី​វេ​ណា​ហ្សូ​អេ​ឡា​ដែរ ដោយ​ប្រធានាធិបតី​រូប​នេះ​ បានអំពាវ​នាវ​​​ឲ្យ​អ្នកគាំទ្រ​គាត់​ចេញមក​ធ្វើបាតុកម្ម​តែម្ដង ឯខ្ញុំ​អត់​អំពាវនាវ​ទេ ខ្ញុំ​គ្រាន់តែ​ផ្ដល់​សិទ្ធិស្មើគ្នា​តែ​ប៉ុណ្ណោះ។
សម្តេចតេជោសែន បាន​មាន​ប្រសាសន៍​ថា ​ខ្ញុំព្រះករុណាខ្ញុំ​ជា​នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណាច​ក្រ​កម្ពុជា ​ត្រូវ​ធានា​សុវត្ថិភាព​ឲ្យ​ទាំងអស់គ្នា​ ធានា​ទាំង​សិទ្ធិ​ជួបជុំ​ទាំងអស់គ្នា។ សម្តេច​តេជោបាន​លើក​ឧទាហរណ៍​បញ្ជាក់​ថា ត្រូវ​​ទៅ​ទីលាន​​ប្រជាធិបតេយ្យ​បើសិន​ទាំងសងខាង​សុំ​ទីលាន​ប្រជាធិបតេយ្យ សាលា​រាជ​ធានី​ភ្នំ​ពេញ​​ត្រូវ​ត្រៀម​ចែក​ជា​ពីរ​ឲ្យ​ហើយ​ទៅ​ ម្ខាង​អ្នកគាំទ្រ និង​ម្ខាង​អ្នកប្រឆាំង។ “ច្បាស់​ណាស់ ខ្ញុំ​ឮ​សំ​ឡេង​​ខាងមុខនេះ ​វា​នឹង​កើតមាន​ការ​ស្នើសុំ​ធ្វើ​បាតុ​កម្ម បើ​អ្នកឯង​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើបាតុកម្ម ខាង​គាំទ្រ​ក៏​សុំ​ដែរ បើ​ដូច្នេះ​ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​ត្រៀម​ចែក​ជា​ពីរ​ទៅ ព្រោះ​បើ​ឲ្យៗ​ទាំងពីរបើ​មិន​ឲ្យៗ​ទាំងពីរ ព្រោះតែ​បាតុកម្ម​មាន​ចរិត​នយោបាយ​វា​មាន​អ្នកគាំទ្រ វា​មាន​អ្នក​ប្រឆាំង​​ហើយ”។
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រីបាន​​មានប្រសាសន៍ថា ខ្ញុំ​សូម​ផ្ដាំ​ទៅ​អាជ្ញាធរ​គ្រប់​ទីកន្លែង បើ​ក្រុម​ប្រឆាំង​​មាន​សិទ្ធិ ​ក្រុម​អ្នកគាំទ្រ​ក៏​មាន​សិទ្ធិ​ដែរ ហើយ​ប្រសិនបើ​នៅភ្នំពេញ​វា​មានតែ​មួយ​កន្លែង វា​មិន​ដឹង​​ជា​បញ្ចៀស​ទៅ​ឯណា? ដូច្នេះ​មើលទៅ​ទីលាន​ប្រជាធិបតេយ្យ​ត្រូវធ្វើ​របង​ឲ្យ​ហើយ​ទៅ ខ្ញុំ​គ្រាន់​តែ​ឲ្យ​ជា​យោបល់ ហើយក៏​ឲ្យ​អ្នកដទៃ​ភ្លឺភ្នែក​ដែរ កុំ​ឲ្យ​ចេះ​ប្រើ​សិទ្ធិ​តែឯង។ សម្តេច​តេជោ​មាន​ប្រសាសន៍បញ្ជាក់​​ថា ឥឡូវ​បាតុកម្ម​វា​មាន​ពីរ​ហើយ អ្នកគាំទ្រ​ក៏​មាន​សិទ្ធិ អ្នក​ប្រឆាំង​​ក៏​មាន​សិទ្ធិ សិទ្ធិ​ដូចគ្នា សិទ្ធិ​ទល់​សិទ្ធិ ព្រោះ​នេះ​​កុំ​ឲ្យ​វា​មានតែ​ម្ខាង ឆន្ទៈ​ទល់​ឆន្ទៈ។
ពាក់​ព័ន្ធ​ទៅនឹង​អ្នក​ដឹកនាំ ឬក៏​ញុះញង់​ឲ្យមាន​បាតុកម្ម​កូដកម្ម ពិសេស​កូដកម្ម​របស់​កម្មករ​រោងចក្រ ដែល​អាច​ឈាន​ដល់​ថៅកែបិទ​រោងចក្រ​នោះ សម្តេច​តេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា យើង​ខិតខំ​ថ្នាក់ថ្នម​វិនិយោគិន​ ឲ្យមក​បណ្តាក់​ទុន​នៅ​ស្រុក​ខ្មែរ តាមរយៈ​ការបង្ក​លក្ខណៈ​វិស័យ​កាត់ដេរ និង​ស្បែកជើង​មក​ដំណើរ​ការ គេ​បាន​រើ​រោងចក្រ​ពី​បណ្តា​ប្រទេ​ស​​នានា ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ពេល​មកកាន់​ទីតាំង​យើងដែល​មាន​តម្លៃ​ពលកម្ម​សម​ល្មម។ សម្តេច​តេជោ​បញ្ជាក់​ថា យើង​បាន​ខិតខំ​ខ្លាំង​ណាស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​ដើម​ផលិត​​មាន​ភាព​អនុគ្រោះ​សម្រាប់​ឲ្យ​ម្ចាស់​រោងចក្រ​ផលិត ហើយ​ខិតខំ​ដំឡើង​បៀវត្ស​អប្ប​បរមា និង​កម្រៃ​ផ្សេងៗ​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​របស់​យើង ប៉ុន្តែ​យើង​បែរ​ក្លាយ​ខ្លួន​ជា​អ្នក​ទោស ឯ​អ្នក​ដែល​មាន​គុណសម្បត្តិ​ គឺជា​អ្នក​ដែល​ដើរ​សន្យា​ឲ្យ​ប្រាក់ខែ​ខ្ពស់​ទៅវិញ​ ​សម្តេចតេជោសែនបាន​មាន​ប្រសាស​ន៍​​បញ្ជាក់​ថា ​​​គឺ​ត្រូវ​​ទទួលខុសត្រូវ​លើ​កម្មករ ដែល​មិន​មាន​ការងារ​ធ្វើ។
សម្តេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​​ថា យើង​នឹង​រង់​ចាំ​មើល​រោងចក្រ​ណា​ដែល​បិទទ្វារ​ដោយសារ​បាតុ​កម្ម​ ឬ​កូដកម្ម​ដំឡើង​ប្រាក់ខែ នៅ​ពេល​ដែល​រោងចក្រ​ត្រូវ​បិទទ្វារ សូម​អញ្ជើញ​កម្មករ កម្មកា​រិនី​​មេត្តា​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​អ្នក​ដែល​ញុះញង់​ហ្នឹង​រក​ ការងារ​ឲ្យ​ធ្វើ​ទៅ ហើយ​នេះ​ជា តម្រិះ​ជិះ​ក​ឯង​ហើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ លើការ​សន្យា​របស់​​មេដឹកនាំ​គណបក្ស​នយោបាយ​ប្រឆាំង ​ដែល​ដើរ​ឃោសនា​លើ​ការ​បញ្ចុះតម្លៃ​ភ្លើងអគ្គិសនី​ឲ្យ​ចុះ​ថោក ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជ​រដ្ឋាភិបាល​ជា​អ្នក​ទាក់ទាញ​អ្នក​វិនិ​យោគ​​ឲ្យ​មក​បើក​រោងចក្រ​ផលិត​អគ្គិសនី ឬក៏​វារីអគ្គិសនី ​ដែល​នាំ​ឲ្យមាន​​ការ​បញ្ចុះតម្លៃ​អគ្គិ​សនី​​នៅក្នុង​ប្រទេស​កម្ពុជា។
​ឯកឧត្តម​ ស៊ុយ សែម រដ្ឋ​មន្ត្រីក្រសួងរ៉ែ​ និង​ថាមពលបានឱ្យដឹងថា ​​ក្នុង​វិស័យអគ្គិសនី ការ​អភិវឌ្ឍ ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី ក្នុងរយៈពេល​កន្លងមក មាន​ការ​រីកចម្រើន​គួរ ឱ្យ​កត់សម្គាល់ ទាំង​ប្រភព​អគ្គិសនី ទាំងអនុ​ស្ថានីយ និង​បណ្ដាញអគ្គិសនី​គ្រប់ប្រភេទ​។ បច្ចុ​ប្បន្នគោលដៅរបស់​ក្រសួង រ៉ែ​និង​ថាមពល ក្នុង​ការដឹកនាំវិស័យ​ថាមពល​អគ្គិ​សនី គឺ​មិន​ត្រឹម​តែ​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​លើ​គ្រប់​ផ្នែក នៃ​ការផ្គត់ផ្គង់​អគ្គិសនី ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា មានប្រភព​អគ្គិសនី​គ្រប់គ្រាន់ មាន​បណ្ដាញអគ្គិសនី នៅ​ទី​ណា​ក៏​ដោយ​អាច​ភ្ជាប់​ចរន្ត​ប្រើប្រាស់​បាន​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ខិតខំរៀបចំ​ធ្វើ​យ៉ាងណាឱ្យ​សេវា​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា កាន់តែ​មាន​គុណភាព មាន​ស្ថិរភាព មាន​សុវត្ថិភាព មិន​មាន​ថ្លៃ​កាន់តែ សមរម្យ​ឡើង​ផងដែរ​។ ដើម្បី​សម្រេច​គោលដៅ​នេះ ពេលកន្លងមក ក្នុង​ក្រប​ខ័ណ្ឌ​នៃ​យុទ្ធ​សាស្ត្រ​ចតុកោណរបស់​រាជ​រដ្ឋាភិ​បាល អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​ជំរុញ​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី​លើ​គ្រប់​មុខ​ព្រួញ ទាំង​ប្រភព​អគ្គិសនី អនុ​ស្ថានីយបណ្ដាញ បញ្ជូន​តង់ស្យុង​ខ្ពស់ តង់ស្យុង​មធ្យម និង​បណ្ដាញ​ចែកចាយ​អគ្គិសនី​នៅ​តំបន់​ទីក្រុង និង​តំបន់​ជនបទ ដោយ​បើក​ទូលាយ ឱ្យមាន​ការចូលរួម​វិនិយោគ​របស់​ផ្នែក​ឯកជន ទាំង​អ្នកវិនិយោគ ក្នុងស្រុក និង​ទាំង​អ្នកវិនិយោគ​ក្រៅ​ស្រុក​បន្ថែម​ពីលើ​លទ្ធភាព​វិនិយោគរបស់​រដ្ឋ​៕


No comments:

Post a Comment