Wednesday, February 26, 2014

បរិយាយ​ថ្ងៃនេះ​ សកម្មជនអស់ជំ​នឿលើ​គណបក្ស​សង្គ្រោះ​ជាតិ​​!

​ក្នុង​នាម​ខ្ញុំ​ជាសមាជិកសកម្ម​​ថ្នាក់​ទាប​​មួយ​រូប​នៃ​គណបក្ស​​សង្គ្រោះជាតិ​ និង​បាន​ចូល​រួមយ៉ាង​​សកម្មភាព​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​កន្លង​មក ហើយ​ពេល​នេះ​ ​មាន​ការ​តឹង​ចិត្ត​ និង​តូច​ចិត្ត​​ជាខ្លាំង និងសូម​បន្ធូរអារម្មណ៍​ខ្លះតាម​រយៈសារព័ត៌មាន​​ ទាក់​ទង​ទៅ​នឹង​​​ ​គោល​ជំហរ​ និង​សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ​នៃ​គណបក្សនេះ​ ដែល​តែងតែ​ប្រព្រឹត្ត​​​ខុស​ម្តង​ហើយ​ម្តង​ទៀត ទាំង​ខាង​ផ្នែកគោល​នយោ​បាយ​ដឹក​នាំ​ និង​ចរឹតអាត្មា​និយម​ មាន​តែ​អញ​ ពួកអ្នក​ដែល​ជា​​កូន​ចៅ​ត្រូវ​តែ​ធ្វើ​តាម​អញ​ ព្រោះ​អញ​​ជាអ្នក​ទៅរក​លុយ​ពី​បរទេស ជាដើម​។

ពាក់​ព័ន្ធ​ទៅ​នឹង​គោល​នយោបាយ​បាយដឹក​នាំ​​របស់​គណបក្ស​ គឺ​នៅ​តែ​មាន​ការ​បែង​ចែក​ជាពីរ​ក្រុម​ដដែល​ គឺ​រវាង​ក្រុម​ដែល​ស្និត​នឹង​លោក​ប្រធាន​ សម​ រង្ស៊ី និង​​ក្រុម​ដែល​ស្និត​នឹង​លោក​អនុ​ប្រធាន​ កឹម សុខា​។​  ទាំង​សមាស​ភាព​ នៅក្នុង​ជួរ​គណៈ​កម្មាធិការ​នាយក​​​​​​​ គណៈកម្មាធិការ​វិន័យ​ និង​ឃោសនា​ការ​ គឺ​នៅ តែ​មិនទាន់​ចូល​ធ្លុង​គ្នា​នៅ​ឡើយ​។ ចំណែក​ឯគណៈកម្មាធិការ​ហិរញ្ញ​វត្ថុ​ គឺ​ជាក្រុម​ដែល​ស្និត​ខ្លាំង​នឹង​លោក​ប្រធាន​​ សម​ រង្ស៊ី​ និង​ចេះ​ធ្វើ​បញ្ជី​ចំណាយ​បាន​ស្អាត​ជូន​លោក​ប្រធាន ដើម្បី​​បាន​ចំណេញ​ជូន​លោក​ប្រធាន​ផង​ និង​បាន​ចំណេញ​ដល់​ខ្លួន​ឯង​ផង​។

ជាក់​ស្តែង​ ក្រុម​ដែល​មាន​មុខ​ មាន​មាត់​ចេញ​ទៅ​ចរចា​ ដែល​គេ​ហៅ​ថា​ក្រុម​ការ​ងារ​ចរចា​របស់​គណបក្ស​នោះ ក៏​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​សមាសភាព​នៃ​ក្រុម​​ដែល​ស្និត​នឹង​អតីតប្រធាន​បក្ស​ចាស់​ទាំង​ពីរ​ផង​ដែរ​។​

ទាក់​ទង​ នឹង​រឿង​ចរចានេះ​ ធ្វើ​ឲ្យ​រូប​ខ្ញុំ​ដែល​ជា​សកម្មជនថ្នាក់​ទាប​​ គិត​ឡើង​វិល​ក្បុង​ ហើយ​មិន​​ដឹង​អនុវត្ត​​​តាម គោល​នយោបាយ​មួយ​ណា​ ពី​ព្រោះ​បើ​ស្តាប់​ប្រសាសន៍​លោក​អនុ​ប្រធាន​ កឹម សុខា​ លោក​ថា​ ៖ « នៅ​ពេល​ណា​ស្ថាន​ការណ៍​វិល​មក​រក​ភាព​ប្រក្រតី​វិញ​នោះ​ មហាបាតុកម្ម​​នឹង​ផ្ទុះ​ឡើង​ម្តង​ទៀត ហើយ​ពេល​កំពុង​ចរចារ​​នេះ​ លោក​អំពាវ​នាវឲ្យ​ប្រជា​ពលរដ្ឋ​​ចិញ្ចឹម​ចិត្ត​​ធ្វើ​បាតុកម្ម ក្នុង​បេះដូង​ជាប្រចាំ​​​​​ » ។ ចំណែក​ឯ​សម្តី របស់​លោក សុន ឆ័យ​ ​ប្រធាន​ក្រុម​ចរចា​ ថា​ « ​​​​ក្នុង​ស្ថានភាព​ដែល​កំពុង​មាន​ការ​ចរចា​ត្រូវ​គ្នា​នេះ​ ការ​ធ្វើ​បាតុកម្ម​​​​ត្រូវ​​ផ្អាក​សិន។ គេ​មិន​អាច​ ធ្វើ​បាតុកម្មផង​ និង​ធ្វើ​ការ​ចរចាផង​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ទេ​​ »។​

ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ សុទ្ធ​តែ​ដឹង​ជាមុន​ថា​​ រាល់​ការ​ចរចា​ គឺ​មិន​អាច​មាន​ប្រៀប​លើ​បក្ស​កាន់អំណាច​នោះ​ទេ​ ដូច្នេះ​រាល់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចរចានយោបាយ​ គឺ​ត្រូវ​តែ​មានការ​ហ្មត់​ចត់ មិន​មែន​ក្រោយ​ពីស៊ីញ៉េ​​ព្រម​ព្រៀង​គ្នា​ហើយ​ បែរ​ជា​​មិន​ទទួល​ស្គាល់​ ឬ​ស្នើ​សុំ​កែ​តម្រូវ​ សារ​ចុះ​សារ​ឡើង​ តាម​ចិត្ត​នឹក​ឃើញ​នោះ​ទេ។​ បើធ្វើ​របៀប​នេះ​​ វា​នឹង​​បញ្ជាក់​​អំពី​ភាព​​ខ្សោយ​​របស់​​ខ្លួន​​។​

តាម​ពិត​ទៅ​ « កំណែទម្រង់​ការ​បោះ​ឆ្នោត​ » គឺជារបៀប​វារៈ​ដែល​គណបក្ស​ដាក់​ចេញ​ ដើម្បី​ធ្វើ​ការ​តថ្លៃ​គ្នា​រឿង​បែង​ចែក​អំណាចនៅក្នុង​ស្ថាប័ន​នីតិ​បញ្ញត្តិ​នេះ​តែ​ប៉ុណ្ណោះ​ ពីព្រោះ​​​ថ្នាក់​ដឹក​នាំ​​គណបក្ស​​សង្គ្រោះ​ជាតិ​ សុទ្ធ​តែ​ដឹង​ថា​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​លើក​នេះ​ ត្រូវ​ចាញ់​គេ​រួច​ទៅ​ហើយ​​។​ ចំណុច​​នេះ​ ខ្ញុំ​យល់​ថា​ សមាជិក​គណៈ​កម្មាធិការនាយក​ និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ ក៏​មិនមែន​ល្ងង់​ និង​មិនយល់​នោះ​ទេ​ សូម្បី​តែ​ក្រុម​យុវជន​ និង​យុវនារី​ក្មេងៗ​​ ដែល​គាំ​ទ្រ​គណបក្ស​​ក៏​​បាន​ជ្រួល​ច្របល់​ អំពី​ការ​ធំក្លិន​នៃ​ការ​បែង​ចែក​​​តួនាទី​ជាមុន​ ចេញ​ពី​ក្នុង​រង្វង់​ថ្នាក់​ដឹក​នាំ​គណបក្សសង្គ្រោះ​ជាតិ​ រួច​ទៅ​ហើយ​ដែរ​ ប្រសិន​បើ​នៅពេល​​ដែល​ការ​ចរចា​​បាន​សម្រេច​ ក្នុង​ការ​សុំ​តំណែង​ប្រធាន​រដ្ឋ​សភា​ ប្រធាន​គណៈកម្មការ​រដ្ឋ​សភា​ តំណែង​​ចៅហ្វាយ​ក្រុង​ភ្នំពេញ​ និង​តំណែង​ចៅហ្វាយ​ខេត្ត​មួយចំនួន ជាដើម​នោះ។​​​​

ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​បាតុកម្ម​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ លោក​ប្រធាន និង​ លោក​​អនុប្រធាន​ បាន​ស្រែក​អាក្រោស​ហៅសមាជិក និ​ង​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​គ្រប់​ទិស​ទី​ឲ្យ​មក​ចូល​រួម​ធ្វើ​បាតុកម្ម​។ អ្នក​ខ្លះ​ខំ​លក់​មាន់​ លក់​ទា​ រហូត​ដល់​អ្នក​ខ្លះ​ លក់​ឆ្កែ លក់​ឆ្មា​ទៅ​ទៀត​ ខ្លះ​ខ្ចប់​បាយ ខ្ចប់​ទឹក​ ធ្វើ​ដំណើរ​មក​ដេក​ហាល​ភ្លៀង​ ហាល​ខ្យល់​ នៅទី​លាន​ប្រជាធិបតេយ្យ​ ដោយ​ជឿ​លើ​ការ​ប្រកូក​ប្រកាស​ និង​ជឿ​លើ​សម្តី​ របស់​លោក​ទាំង​ពីរ​ដែល​​ហ៊ាន​​ប្រកាស​ថា​ « ស៊ូស្លាប់​​ទាំង​ពីរ​នាក់​ » ដើម្បី​ឲ្យ​មាន​​ការ​​ផ្លាស់​ប្តូរ​។ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​​ដែល​ ក្រុម​អាជ្ញាធរ​ ចុះ​ទៅ​បណ្តេញ​​វីរៈបាតុករ​​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៤ ​មិន​​បាន​ឃើញ​មុខ​លោក​ទាំង​ពីរ​ចេញ​មក​ការ​ពារ​បាតុករ​ ដូច​ការ​សន្យា​​នោះ​ឡើយ​។

ជាក់​ស្តែង​ កាល​ណោះ​រូប​ខ្ញុំ​នៅ​ក្នុង​ទី​ស្នាក់​ការ​គណបក្ស​ ចាក់​អង្រែ​ បាន​ឃើញ​​រូប​លោក​​ទាំង​ពីរ​ឡើង​ឡាន​ថា​មក​ជួយ​បាតុករ​ តែ​ផ្ទុយ​ទៅ​វិញ​ លោក​ទាំង​ពីរ​បាន​បង្វែរ​ដាន​ ដោយ​ជិៈឡាន​យក​ទៅ​ផ្លុង​ចោលនៅក្នុង​វត្ត​មួយ​ក្បែរ​ព្រះ​បរម​រាជ​វាំង​ ហើយ​ឡើង​ឡាន​​ផ្សេង​ទៀត​រត់​ចូល​ស្ថាន​ទូត​អាមេរិក​យក​រួច​ខ្លួន​ទៅ​វិញ​។​ លោក​ប្រធាន និង​អនុប្រធាន​ ពិត​ជាក្អេងក្អាង​ ដូច​ក្អាត់​ក្នុង​ក្អម​ ដូច​លោក ហ៊ុន សែន​ និយាយមែន​។​

បើ​និយាយ​អំពី​ លទ្ធ​ផលនៃ​ចំនួន​អសនៈ​ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ រូប​ខ្ញុំ​ផ្ទាល់​ រឹត​តែ​តាម​លែង​ទាន់ទៅ​ទៀត​។ ប៉ុន្មាន​ថ្ងៃ​មុន​នេះនៅកំពង់​ឆ្នាំង​​ លោក​ប្រធាន​ សម រង្ស៊ី​ បាន​ប្រើ​វោហារស័ព្ទប្លែក​ៗតែ​ម្តង​​។ លោក​ថ្លែង​ថា​ ៖ « បើ​មាន​ការ​រៀប​ចំ​គណៈ​កម្មា​ធិ​​ការ​ជាតិ​​​រៀប​ចំ​ការ​បោះ​ឆ្នោត​ ( គ ជ ប ) បាន​ត្រឹម​ត្រូវ​ គណបក្ស​សង្គ្រោះ​ជាតិយើង​​ មុខ​ជា​ទទួល​​បាន​​​ដល់​​ទៅ​ ៧៦ អសនៈ​ ឯណោះ​។ រូប​ខ្ញុំ​នឹក​ក្នុង​ចិត្ត​សែន​ចម្លែក​ ថា​មិនដឹង​ជា​លោក​ប្រធាន​ ​ទើប​ទទួល​បានតួលេខ​ថ្មីនេះ​ពីណាមក​ទេ​ ពីព្រោះ​កាល​ពី​មុន​នេះ​បន្តិច​ លោក​ប្រធាន​​​​ធ្លាប់​​​បាន​អះអាង​ថា​ គណបក្ស​របស់​យើង​​ឈ្នះ​បាន​​​​៦៣ អសនៈ​។ តួលេខ​នេះ​ លោក​​ប្រធាន​មាន​ការ​​ច្បាស់​ក្នុង​ខ្លួន​ខ្លាំង​ណាស់ ហើយ​លោក​ថែម​ទាំង​ប្រមូល​ពួក​អ្នក​តំណាង​រាស្ត្រ​​យើង​​ទាំង​៦៣រូប​ ទៅ​ឈរ​ស្បថស្បែរ​​នៅខាង​មុខ​​ប្រាសាទ​អង្គរ​វត្ត​ យ៉ាង​អាធិក​អធម​ ថែម​ទៀត។​ ប៉ុន្តែ​ឥឡូវនេះ​ តួលេខ​អ្នក​តំណាង​រាស្ត្រ​យើង​បាន​កើន​ឡើង​រហូត​ជាង​១០​អសនៈ​បន្ថែម​ទៀត​ឯណោះ​ ដែល​ធ្វើ​ឲ្យ​រូប​ខ្ញុំ​ និង​សមាជិក​គណបក្ស​ដែល​បាន​​ចូល​រួម​​មាន​ការ​ងឿង​​ឆ្ងល់​​​ ហើយ​លួច​លាន់​មាត់​តិចៗ​ថា​ « ម៉េចអញ្ចឹងៗៗ » ។​

នៅ​មាន​រឿង​ជាច្រើន​ទៀតដែល​ត្រូវ​សម្តែង​​ ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​នយោបាយ​ឃ្លេង​ឃ្លោង​ របស់​លោក​ប្រធាន​ និង​លោក​អនុប្រធាន​ ព្រម​ទាំង​ភាព​អាក់​អន់​ស្រពន់​ចិត្ត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​ដ៏ទៃ​ទៀត​ដូច​គ្នា​​ ដែល​មិន​ហ៊ាន​កម្រើក​មាត់​ ហើយ​ស៊ូទ្រាំ​ស៊ីអត់​ស៊ី​ឃ្លាន​ មើល​ភាព​ហឺហា​របស់​លោក​ប្រធាន​ និង​លោក​អនុប្រធាន​ ជាបន្ត​ទៅ​ទៀត​ ក្រែង​លោ​បន្តិច​ទៀត​ការ​ចរចា​ត្រូវរ៉ូវ​គ្នា​ នឹង​ទទួល​បាន​នូវ​ការ​សើម​មាត់​ សើម​ក និងគេ​ អំពី​ប្រាក់​បៀរវត្ស​​​រំលឹក​របស់​​អ្នក​តំណាង​រាស្ត្រ និង​តួនាទី​ខ្លះៗ​ដែល​ទទួល​បាន​ពីការ​ចរចា​។ ប៉ុន្តែ​ពេល​នេះ​ សុំ​ស្លេះ​ត្រឹម​ប៉ុណ្ណេះ​សិន​ អេវ៉ាំង​៕​

ដោយ​ការ​គោរព​

ពី​ខ្ញុំ​បាទ​សួន ចំ​រើន​ (អ្នក​ធ្លាប់​​គាំ​ទ្រគណបក្ស​សង្គ្រោះ​ជាតិ​)

No comments:

Post a Comment