Wednesday, February 26, 2014

សុន្ទរកថា ឯកឧត្តម សុខ អាន, ក្នុងពិធី​បើកសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ទេសចរណ៍ ឆ្នាំ​២០១២-២០១៣ និងទិសដៅ​អនុវត្ត​បន្ត «ទេសចរណ៍​កម្ពុជា​ឆ្ពោះ​ទៅ​សមាហរ​ណកម្ម​អាស៊ាន ឆ្នាំ២០១៥» និងអប​អរ​សាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤

​​​- ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍
 ឯកឧត្ដម លោកជំទាវ  អស់លោក លោកស្រី  ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ  
 - អង្គសន្និបាតទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុង​ពិធីបើកសន្និបាតបូកសរុបលទ្ធផល​ការងារទេសចរណ៍ ឆ្នាំ២០១២-២០១៣ និងទិសដៅអនុវត្តបន្ត «ទេសចរណ៍កម្ពុជាឆ្ពោះ​ទៅ​ស​មាហរណកម្ម​អាស៊ានឆ្នាំ២០១៥» និងអបអរសាទរទិវា​​ជាតិទីក្រុងស្អាត​។​​​ ខ្ញុំសូមវាយ​តម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និង​មន្ដ្រី​រាជ​ការ​គ្រប់​លំដាប់​​​ថ្នាក់​របស់​ក្រសួង​ទេសចរណ៍ ​ក្នុង​ការ​បំពេញ​ភារកិច្ច​កន្លង​មក ជាពិសេស​ការ​​អនុវត្ដនូវសកម្មភាព​ជា​អាទិភាព​នានា ដើម្បី​ចូលរួម​​​អភិវឌ្ឍ​ទេសចរណ៍កម្ពុជា សំដៅ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​គោល​ដៅ​​ទេសចរណ៍ដ៏​ទាក់​ទាញ​​ប្រកប​ដោយ​គុណ​ភាព និងភាពប្រកួតប្រជែងខ្ពស់ និង​ទទួល​បាន​​កំណើ​​ន​​​​គួរ​ឱ្យ​កត់​សម្គាល់​។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូម​កោត​សរសើរ​ចំពោះ​សមិទ្ធផល​ធំៗជាច្រើន ដែល​ក្រសួង​ទេសចរណ៍​ខិត​ខំ​សម្រេច​​បាននាពេល​កន្លង​មកនេះ។
សន្និបាតនេះក៏បានប្រមូលផ្តុំផងដែរនូវអ្នកដឹកនាំក្នុងវិស័យទេសចរណ៍ វាគ្មិនជាតិនិងអន្តរជាតិ សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងវិស័យទេសចរណ៍ ដែលនឹងធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន ការអភិវឌ្ឍផលិតផលទេសចរណ៍ ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ការសម្រួលនិងពង្រឹងយន្តការទ្រទ្រង់ការអភិវឌ្ឍទេសចរណ៍កម្ពុជា ការផ្សព្វផ្សាយ​និងយុទ្ធសាស្ត្រទីផ្សារ អភិបាលកិច្ចល្អក្នុងវិស័យទេសចរណ៍ រមណីយដ្ឋានស្អាត សេវាល្អ និងចលនាប្រឡងប្រណាំងទីក្រុងស្អាត។ ការជួបជុំក្នុងរយៈពេលបីថ្ងៃនេះនឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់បានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងការអនុវត្តល្អៗ ដែលអាចធានាបាននូវការគ្រប់គ្រងនិងការអភិវឌ្ឍលើវិស័យទេសចរណ៍ ប្រកបដោយចីរភាពនិងប្រសិទ្ធភាពឱ្យកាន់តែខ្ពស់ថែមទៀត។
ឯកឧត្ដម លោកជំទាវ  អស់លោក លោកស្រី !
កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន តាមរយៈការ​ដាក់​ចេញ​នូវ​​ផែនការ និង​យុទ្ធសាស្ដ្រសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់ជីវភាពរស់​នៅ និង​​កាត់​បន្ថយ​​ភាព​ក្រីក្ររបស់ប្រជាពលរដ្ឋ​ ក៏ដូចជាធានាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សុវត្ថិ​ភាព​សង្គម​ សណ្ដាប់​ធ្នាប់​សាធារណៈជូនប្រជាជននិងជាតិមាតុភូមិ។  តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ-ឈ្នះ​របស់ ​​សម្តេច​អគ្គ​មហា​​សេនាបតី​តេជោ ហ៊ុន សែន កម្ពុជា​ទទួលបាន​សុខសន្តិភាពយ៉ាង​ពេញលេញ ដែល​ពុំ​ធ្លាប់​មាន​ក្នុង​រយៈ​កាលជិត ៥០០ ឆ្នាំ​ចុង​ក្រោយ​នេះ​។  សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​គឺ​ជាមូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់​​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ ជាក់ស្តែង​ ក្នុងឆ្នាំ២០១២ កម្ពុជា​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច ៧,៣% ហើយ​ កំណើននេះ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ស្ថិតក្នុង​រង្វង់​ពី​ ៧% ទៅ ៨% នៅឆ្នាំបន្តបន្ទាប់។ ផ្អែកលើកំណើន​ដ៏ខ្ពស់នេះ  កម្ពុជា​ជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងចំណោមប្រទេសដែលសម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់លើ​​ពិភពលោកក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ និងជាប់​ចំណាត់​ថ្នាក់​ទី៥ក្នុង​ចំណោម​ប្រទេស​​​កំពុង​​អភិវឌ្ឍន៍ដែលអាច​សម្រេច​បានគោលដៅអភិវឌ្ឍសហស្សវត្សរ៍។ លើសពីនេះទៀត កម្ពុជា​នឹងក្លាយជា​ប្រទេសដែលមាន​ប្រាក់ចំណូលមធ្យម​​កម្រិត​​​ទាបក្នុងពេលអនាគត​ដ៏ខ្លីខាងមុខនេះ និង​ឈាន​ទៅជាប្រទេស​ដែលមានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០។
វិស័យទេសចរណ៍គឺជាមាសបៃតង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់​ដល់​កំណើនសេដ្ឋកិច្ចជាតិ ដោយបង្កើតបានប្រាក់ចំណូលប្រមាណជាង ២,៥ពាន់​លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣។ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៤,២លាន​នា​ក់ ក្នុងឆ្នាំ២០១៣ បើធៀប​ទៅនឹង​ឆ្នាំ​២០១២ មានការកើនឡើងជាង ១៧,៥% ហើយបើ​ធៀបនឹងតួលេខឆ្នាំ១៩៩៣ គឺមាន​ការ​ហក់​ឡើង​យ៉ាង​ខ្លាំង ព្រោះពេលនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​តែប្រមាណ ១២ម៉ឺននាក់ ប៉ុណ្ណោះ​។
កំណើនភ្ញៀវទេសចរនេះបានមកដោយសារ កម្ពុជាមានមរតក​បេតិកភណ្ឌ​វប្បធម៌ ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ជាច្រើន គួបផ្សំជាមួយនឹងស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ ដែលយើងទទួលបានតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ។ ក្រៅពីរមណីយដ្ឋានអង្គរ កម្ពុជា​មាន​​រមណីយដ្ឋាន​​ជាច្រើនទៀត ​ដែលជាគោលដៅដ៏មាន​សក្ដានុពល​សម្រាប់​ទេសចរណ៍​វប្បធម៌។ លើសពីនេះទៀត យើងក៏មានបរិស្ថាន​ធម្មជាតិ​ដ៏ស្រស់ត្រកាលរួមមាន​ ព្រៃ ស្ទឹង​ ទន្លេ បឹង​បួរ ឆ្នេរ​សមុទ្រ​ដ៏ល្អខ្នាត​អន្តរជាតិ​ កោះ​ និង​សត្វ​ព្រៃ ជាពិសេស​សត្វ​ផ្សោតមេគង្គ​ដ៏កម្រ ដែលទាំងនេះជាកត្តាទាក់ទាញដល់អេកូទេសចរណ៍នៅកម្ពុជា។ ប្រទេស​យើង​មាន​ប្រវត្តិ​យូរអង្វែង ប្រកបដោយ​វប្បធម៌ និង​អរិយធម៌ដ៏មហស្ចារ្យ។ បុព្វ​បុរស​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ​យើង​នូវ​បេតិកភណ្ឌ​រូបីយនិង​អរូបីយជាច្រើន ​ជាអាទិ៍ ប្រាង្គប្រាសាទ សិល្បៈ និង​របាំ​បុរាណ។ ជាមួយនឹងសម្បត្តិ​ទាំងនេះ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីគ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ ជាពិសេសក្មួយៗ​យុវជនក្នុងការលើកស្ទួយវិស័យទេសចរណ៍វប្បធម៌ កម្ពុជា​នឹងបង្កីន​ឧត្តមភាព​ប្រៀបធៀបរបស់ខ្លួនកាន់តែខ្លាំងថែមទៀត​​ក្នុង​វិស័យ​​នេះ​ ក្នុងការ​រួម​ចំណែក​ដល់​កិច្ច​អភិវ​ឌ្ឍឧស្សាហកម្មសេវាកម្ម ការបង្កើតបន្ថែ​មទៀតនូវ​កាលានុវត្តភាពការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និង​ការកាត់បន្ថយ​ភាពក្រីក្រ។
ឯកឧត្ដម លោកជំទាវ  អស់លោក លោកស្រី !
ទន្ទឹមនឹងកាលានុវត្តភាព​ខាងលើ ​​វិស័យទេសចរណ៍​កម្ពុជាក៏​មានបញ្ហាប្រឈមមួយចំនួន ជាអាទិ៍ ការបន្តបង្កើនការតភ្ជា​ប់​ ការ​ពង្រឹង​ក្របខណ្ឌច្បាប់និង​​យន្តការ​ស្ថាប័ន និងការធានាគុណភាព​នៃផលិតផលទេសចរណ៍​​​​ ដើម្បី​លើកកម្ពស់ឧត្តមភាពថែមទៀតក្នុងវិស័យទេសចរណ៍ ជាពិសេស នៅពេលដែលសហគមន៍អាស៊ានត្រូវបានបង្កើតឡើង​នៅឆ្នាំ២០១៥​។ ក្នុងន័យនេះ យើង​ត្រូវដោះស្រាយ​បញ្ហា​ប្រឈមទាំង​នេះ ព្រមទាំងបង្កើន​សមត្ថភាពធនធានមនុស្សនិង​ស្ថាប័ន ព្រមទាំងកែ​ទម្រង់​រចនាសម័្ពន្ធផ្ទៃក្នុង​នានា​ ជាពិសេស​ការពង្រឹង​សមត្ថភាពឧស្សាហកម្មទេសចរណ៍​ឱ្យ​មាន​​​ប្រសិទ្ធភាពខ្ពស់ និង​ទាន់ពេលវេលា ដើម្បីទាញយក​ផល​ប្រយោជន៍ថែមទៀតពីសហគមន៍នេះ។
ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមទាំងនេះ ខ្ញុំសូមផ្ដល់ជាគំនិតខ្លះៗ ដែលជា​ធាតុចូលសម្រាប់ការពិភាក្សាក្នុងអង្គសន្និបាតរយៈពេលបីថ្ងៃនេះ ដូចខាងក្រោម៖
ទី១-ឈរលើ​សក្តានុពល​នៃធនធានធម្មជាតិនិងវប្បធម៌​ដ៏សម្បូរបែបរបស់​កម្ពុជា ក្រសួងទេស-​ចរណ៍គួរពង្រឹងថែមទៀត នូវប្រសិទ្ធភាព​យុទ្ធ​សាស្ដ្រ​ធ្វើពិពិធ​កម្មផលិតផល​ទេស​ចរណ៍ ជាពិសេសការបង្កើតផលិតផលទេសចរណ៍​ថ្មីៗ ប្រកបដោយ​ភាពទាក់ទាញ ច្នៃ​ប្រ​ឌិ​ត និងផ្តល់​នូវ​បទពិ​សោធន៍​​ដ៏ល្អ​ដល់ភ្ញៀវទេសចរ​។
ទី២-ជាមួយនឹងការដាក់ចេញនូវ​ចលនាប្រឡងប្រណាំង​ “ទីក្រុងស្អាត រមណីយ​ដ្ឋា​ន​​ស្អាត សេវា​ល្អ” ក្រសួងទេសចរណ៍ គួរពង្រឹងគុណភាពផលិត​ផលទេសចរណ៍ឱ្យបាន​ប្រសើរឡើងថែមទៀត​ ដោយមាន​ការចូលរួម​ពីប្រជាពលរដ្ឋ​​ ប្រតិបត្តិករទេសចរណ៍ និងអ្នកពាក់ព័ន្ធដទៃទៀត។
ទី៣-ក្រសួង​ទេសចរណ៍​គួរ​បង្កើន​កម្មវិធី​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ថែមទៀត ជាពិសេស​ជំនាញវិជ្ជាជីវៈក្នុង​វិស័យទេស​ចរណ៍ ដើម្បីផ្ដល់សេវាក្នុងវិស័យនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកប​ដោយ​វិជ្ជាជីវៈពិតប្រាកដ។ លើសពីនេះទៀត ក្រសួងទេសចរណ៍គួរសហការជាមួ​យ ​សាកលវិទ្យាល័យនានា ដើម្បីជំរុញឱ្យមាន​ការសិក្សាស្រាវជ្រាវបន្ថែមទៀត ទាំងផ្នែកទ្រឹ​ស្តី ទាំងការអនុវត្ត ព្រមទាំងការវិវត្តនៃវិស័យទេសចរណ៍ក្នុងប្រទេស ក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក និងក្នុងពិភពលោក។
ទី៤-ក្រសួងទេសចរណ៍គួរពង្រឹងការងារសិក្សាទីផ្សារ និង​ផ្សព្វ​ផ្សា​យ​​​​ទេសចរណ៍កម្ពុជា ឱ្យបានទូលំទូលាយថែមទៀត។
ទី៥-ក្រសួងទេសចរណ៍គួរពង្រឹងការអនុវត្ដច្បាប់ស្ដីពីទេសចរណ៍ និង​ការពង្រឹង​សមាគមទេសចរណ៍ដែលជាដៃគូដ៏​សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកប​ដោយ​និរន្ដរភាព។
ទី៦-​ក្រសួងទេសចរណ៍​គួរ​​ពង្រឹង​ការផ្តល់​សេវាសាធារណៈ​ ក្នុង​ឧស្សាហ​កម្មទេសចរណ៍ឱ្យកាន់តែប្រសើរថែមទៀត។ ក្នុងន័យនេះ ក្រសួងគួរបន្ត​ជំរុញ​វិធី​សាស្រ្ត​គ្រប់គ្រង និងផ្ដល់​សេវាសាធារណៈក្នុងវិស័យទេសចរណ៍តាមប្រព័ន្ធបចេ្ចកវិទ្យា។
ទី៧-ក្រសួងទេសចរណ៍គួរបន្តលើកកម្ពស់​ការតភ្ជាប់ ការសម្រួល​ការ​​​ធ្វើ​​ដំណើរ  និង​ការ​ដឹក​ជញ្ជូន​ភ្ញៀវទេសចរ​ ក្នុង​បរិបទនៃការធ្វើ​សមាហរណកម្ម​អាស៊ាន ឱ្យ​កាន់តែស៊ីជម្រៅថែមទៀត​។
ទី៨-ក្រសួងទេសចរណ៍គួរធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋមូលដ្ឋានទទួលបានផលប្រយោជន៍​ឱ្យកាន់តែច្រើនថែមទៀតពី​វិស័យ​ទេសចរណ៍ សំដៅចូល​រួម​​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់ប្រជាជន។

ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី!
ជាថ្មីម្ដងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន អង្គការជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែល​បានចូល​រួមចំណែកក្នុង​កិច្ច​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា។​ ​ខ្ញុំក៏សូម​កោតសរសើរផងដែរ​​ដល់​​គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលខិតខំបំពេញ​ភារកិច្ច​របស់ខ្លួន។ ហើយខ្ញុំ​សង្ឃឹម​ថា ​នឹងមាន​ការចូលរួមយ៉ាង​សកម្មពីក្រុង/ខណ្ឌ​ទាំង​អស់ ក្នុងការចូលរួម​ប្រកួត​ប្រជែងចលនាទីក្រុងស្អាត ដើម្បីទទួលបានជ័យ​លាភី​ផ្ការំដួល ២ ឬ ៣ទង គ្រប់ៗគ្នានៅឆ្នាំ​២០១៥។​ ទន្ទឹមនឹងនេះ ខ្ញុំក៏សូម​​អំពាវនាវផងដែរដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្ស-និសិ្សត ព្រះសង្ឃ វិស័យ​ឯកជន ជាពិសេសក្មួយៗយុវជន បន្តរួមចំណែកក្នុង​យុទ្ធនាការ​ប្រឡង​ប្រណាំង​ “ទីក្រុងស្អាត​ រមណីយដ្ឋានស្អាត​ សេវា​ល្អ” ដើម្បីធ្វើឱ្យវិស័យ​ទេសចរ​ណ៍​​កម្ពុជាកាន់តែមានភាពទាក់ទាញបន្ថែមទៀតដល់ភ្ញៀវជាតិនិងអន្តរជាតិ។
ខ្ញុំសង្ឃឹមថា អង្គសន្និបាតលើកនេះនឹងទទួលបានលទ្ធផលល្អ ជាពិសេស​នឹង​ទទួល​បាន​អនុសាសន៍​ណែ​នាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ក្នុង​ពិធី​បិ​ទ​​សន្និបាត​នេះ។​
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូម​ទទួលបានជោគជ័យ ​សេចក្ដី​សុ​ខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
ខ្ញុំ​សូម​ប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍ ឆ្នាំ២០១២-២០១៣ និងទិសដៅអនុវត្តបន្ត «ទេសចរណ៍កម្ពុជាឆ្ពោះទៅសមាហរណកម្មអាស៊ានឆ្នាំ២០១៥» ចាប់ពីពេលនេះតទៅ។

សូមអរគុណ!

No comments:

Post a Comment