នៅបុរីកោះពេជ្រ នៅថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤
សូមគោរព
‑ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជាទីគោរព ដ៏ខ្ពង់ខ្ពស់!
-ឯកឧត្តម លោកជំទាវអង្គទូត
-ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ!
‑ អង្គសន្និបាតទាំងមូលជាទីគោរព និងជាទីមេត្រី!
ជាបឋម ខ្ញុំបាទតាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ទាំងអស់ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមសំដែងនូវគាវរកិច្ច និងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧប-នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបសភាពការណ៍អនុវត្តន៍ការងារទេសចរណ៍ឆ្នាំ២០១២-២០១៣ និងទិសដៅអនុវត្តបន្ត “ទេស-ចរណ៍កម្ពុជាឆ្ពោះទៅសមាហរណកម្មអាស៊ានឆ្នាំ២០១៥” និងអបអរសាទរទិវាជាតិទីក្រុងស្អាត ដ៏មានសារៈសំខាន់នេះ។
ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានផ្តល់នូវកិត្តិយសដ៏ថ្លៃថ្លា អញ្ចើញចូលរួមយ៉ាងច្រើនកុះករក្នុងអង្គសន្និបាតនេះ។
‑ គណៈអធិបតី ជាទីគោរព!
‑ អង្គសន្និបាតជាទីមេត្រី!
ការរីកចំរើននៃវិស័យទេសចរណ៍កម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមូលដ្ឋានសម្រាប់ធានាចីរភាព កំណើននៃវិស័យទេសចរណ៍។ ជាការពិត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគិតបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យទេសចរណ៍កម្ពុជាមានការរីកចំរើនគួរឱ្យកត់សំគាល់ និងទទួលបានសមិទ្ធ-ផលធំៗ ហើយវិស័យទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យអាទិភាពដ៏សំខាន់មួយក្នុងការកសាងសេដ្ឋកិច្ច‑សង្គម ដោយបាននាំមកនូវចំណូលជូនជាតិផ្តល់ឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ពិសេសជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន កំពង់ផែ អាកាសយាន្តដ្ឋាន ការផ្តត់ផ្គង់អគ្គីសនី ទឹកស្អាត នៅតំបន់ទេសចរណ៍អាទិភាព ការពង្រឹងសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និង
សុវត្ថិភាពរបស់ទេសចរ ព្រមទាំងការដាក់ចេញនូវគោលនយោបាយដ៏រស់រវើកក្នុងការទាក់ទាញភ្ញៀវទេសចរ...។ល។
សុវត្ថិភាពរបស់ទេសចរ ព្រមទាំងការដាក់ចេញនូវគោលនយោបាយដ៏រស់រវើកក្នុងការទាក់ទាញភ្ញៀវទេសចរ...។ល។
ជាក់ស្តែង ក្នុងឆ្នាំ២០១៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៤.២១០.១៦៥នាក់ ក្នុងកំណើន ១៧,៥% (បើប្រៀបធៀបនឹងឆ្នាំ២០១២) ក្នុងនោះ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ៧៦% មកពីអឺរ៉ុប ១៦% មកពីអាមេរិច។ ក្នុងចំណោមទីផ្សារសំខាន់ទាំង១០របស់កម្ពុជា មានវៀតណាម ចិន កូរ៉េ ឡាវ ថៃ ជប៉ុន អាមេរិច អូស្រ្តាលី រុស្សី បារាំង ជាមួយនឹងកំណើនទេសចរក្នុងស្រុកប្រមាណ៧លាននាក់ (ដែលមានកំណើនប្រមាណ ៣%) ដោយបាននាំមកនូវចំណូលប្រមាណ ២.៥៤៧លានដុល្លា ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចកម្ពុជា (ស្មើនឹង ១៥,៥% នៃ GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ៦២ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ទៀត។ តាមការព្យាករណ៍ឆ្នាំ២០១៤នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ៤.៧ លាននាក់ ហើយនៅឆ្នាំ២០១៥ ប្រមាណ៥លាននាក់ ហើយនៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៧,៥-៨ លាននាក់ ជាមួយនឹងចំណូលជាតិសរុបប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៨៥ លាន នាក់។
ខ្ញុំបាទសូមអនុញ្ញាតជំរាបជូនអង្គសន្និបាតជ្រាបថា ក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ កន្លងមក យើងសម្រេចបានសមិទ្ធិផលទេសចរណ៍ធំៗជាច្រើន ៖
ទី១. អំពីការអភិវឌ្ឍផលិតផលទេសចរណ៍៖ យោងលើទស្សនទាន “ការអភិវឌ្ឍបម្រើឲ្យការអភិរក្ស និងការអភិរក្សបម្រើឲ្យការអភិវឌ្ឍ” និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបៃតង និងយុទ្ធសាស្រ្តពិពិធកម្ម កន្លងមកក្រោមកិច្ចសហការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុត លើសកលលោក យើងបានរៀបចំកិច្ចប្រជុំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកល លោកលើកទី៩ប្រកបដោយជោគជ័យ កាលពីថ្ងៃទី៦-១០ ខែធ្នូ ឆ្នាំ២០១៣ និងបានដាក់ចេញនូវសេចក្តី ថ្លែងការណ៍បូកគោស្តីពី “ការអភិវឌ្ឍទីក្រុងតំបន់ឆ្នេរប្រកបដោយនិរន្តរភាព”។ យើងបានរៀបចំពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ ហើយឆ្នាំ ២០១៣ កន្លងមកនេះ យើងបានរៀបចំពិធីបុណ្យសមុទ្រលើកទី២ នៅខេត្តកែប ក្រោមប្រធានបទ “ផ្ទៃសមុទ្រខៀវស្រងាត់ ទីក្រុងបៃតង” ប្រកបដោយជោគជ័យ រីឯការរៀបចំបុណ្យសមុទ្រនៅឆ្នាំ២០១៤ នឹងប្រព្រឹត្តទៅនៅខេត្តកោះកុង។ ព្រមជាមួយនេះ យើងបានសហការជាមួយក្រុមហ៊ុនផលិតកម្ម Adventure Line Productions របស់បារាំង ថតកម្មវិធី Koh Lanta នៅកោះរុង ដែលជាប្រភេទខ្សែភាពយន្តផ្សងព្រេងរួមមាន០៩ភាគ ហើយដែលត្រូវបានបញ្ចាំងផ្សាយនៅកម្មវិធីទូរទស្សន៍បារាំង TF1 ប្រកបដោយជោគជ័យ។ បច្ចុប្បន្ន មានក្រុមហ៊ុនផលិតកម្មប៊ុលហ្គារី បាននិងកំពុងថតកម្មវិធីផ្សងព្រេង Bulgaria Survivor នៅកោះរុង ខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ នៅឆ្នាំ២០១២ ២០១៣ យើងបានបង្កើតផលិតផល និងព្រឹត្តិការណ៍ទេសចរណ៍នានាជាច្រើន រួមមានព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌និងកីឡា ជាអាទិ៍ព្រឹត្តិការណ៍រត់ប្រណាំង Interna- tional Half Marathon នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ការប្រណាំងរថយន្ត India-ASEAN Car Rally នាខែធ្នូ ឆ្នាំ២០១២ និងការប្រជុំសន្និសីទជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៣៧ កិច្ចប្រជុំអន្តររាជរដ្ឋាភិបាលលើកទី៣ សន្និសីទអន្តរជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោកជាច្រើនទៀតនៅភ្នំពេញនៅសៀមរាបអង្គរ និងនៅក្រុងព្រះសីហនុ។
នៅខែកញ្ញាឆ្នាំ២០១៤ យើងនឹងរៀបចំពិព័រណ៍ទេសចរណ៍ PATA Travel Mart នៅរាជធានីភ្នំពេញ ដែលមានប្រតិបតិ្តករទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធនានាប្រមាណជាង ១ពាន់នាក់ ចូលរួម ព្រមជាមួយនឹងការរៀបចំវេទិកាវិនិយោគទេសចរណ៍អាស៊ាន (ASEAN Tourism Investment Forum) និងសន្និសីទអន្តរជាតិស្តីពីសហគមន៍ទេសចរណ៍។ នៅឆ្នាំ២០១៥ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការ UNESCO នឹងរៀបចំព្រឹត្តិការណ៍សន្និសីទអន្តរជាតិស្តីអំពីទេសចរណ៍ និងវប្បធម៌ ដែលមានថ្នាក់ដឹកនាំជារដ្ឋមន្រ្តីទេសចរណ៍ រដ្ឋមន្រ្តីវប្បធម៌ ផ្នែកឯកជន និងឥស្សរជនល្បីៗជុំវិញពិភពលោក ប្រមាណ ១ពាន់នាក់ ចូលរួម នៅខេត្តសៀមរាប។
សហគមអេកូទេសចរណ៍ និង ធម្មជាតិជាច្រើន ត្រូវបានបង្កើតឡើងដែលសរុបមកដល់បច្ចុបន្នយើងមានសហគមទេសចរណ៍ ប្រមាណ ៥០ មូលដ្ឋាន។
ដើម្បីចូលរួមអនុវត្ត “សេចក្តីប្រកាសក្រុងព្រះសីហនុស្តីពីកិច្ចសហការពហុភាគីដើម្បីអភិវឌ្ឍអេកូទេសចរណ៍” ដែលបានអនុម័តដោយអង្គការទេសចរណ៍ពិភពលោក (UNWTO) កាលពីឆ្នាំ២០១១ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពរួមគ្នាជំរុញ និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដោយបង្កើតក្រុមការងារបច្ចេកទេសចម្រុះរួមគ្នាធ្វើកិច្ចការនេះ។ យើងបានដាក់ចេញនូវប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបតិ្តវិជ្ជាជីវៈទេសចរណ៍ ដើម្បីឲ្យប្រតិបតិ្តករទេសចរណ៍អនុវត្ត។
ទី២. ការពង្រឹងគុណភាពផលិតផលទេសចរណ៍៖ ទន្ទឹមនឹងការអនុវត្តយ៉ាងត្រឹមត្រូវនូវច្បាប់ស្តីពីទេសចរណ៍ យុទ្ធនាការឃោសនាផ្សព្វផ្សាយទេសចរណ៍ “កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ” និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ” ពិតជាធានាបាននូវការលើកកម្ពស់កិត្យានុភាពជាតិ និងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីប្រែក្លាយកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរក្នុងតំបន់ និងសកលលោក។ យើងនឹងធ្វើការបូកសរុបជាលើកទីពីរ ដើម្បីផ្តល់ជូនបណ្ណសរសើរដល់រមណីយដ្ឋានស្អាត សេវាល្អ នៅក្នុងសន្និបាតនេះផងដែរ។ ដោយឡែកសម្រាប់ចលនាប្រឡងប្រណាំងទីក្រុងស្អាត គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានធ្វើការវាយតម្លៃដំណាក់កាលបឋម នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត (ក្នុងនោះ ជាលទ្ធផលបឋម គឺក្រុងបាត់ដំបង ជាក្រុងឈានមុខគេ បន្ទាប់មកក្រុងសៀមរាប ក្រុងកែប និងក្រុងពោធិ៍សាត់)។ ព្រមជាមួយនេះ គណៈកម្មាធិការជាតិបានរៀបចំនូវសៀវភៅស្តីពីកម្មវិធីការងារអនុវត្តឆ្ពោះទៅទទួលជ័យលាភីផ្ការំដួល ២ ឬ៣ទងដល់ក្រុង/ខណ្ឌបេក្ខភាព ក្នុងនោះចំនុច០៤ធំៗជាយុទ្ធសាស្រ្ត៖ ១).ការគ្រប់គ្រងសំណល់រឹងនិងសំណល់រាវ ២).ការពង្រឹងការផ្តល់សេវាកម្មទេសចរណ៍និងសេវាសាធារណៈ ៣).ការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង ៤).ការរៀបចំឱ្យមានសង្កាត់គំរូ ដើម្បីឆ្ពោះទៅទទួលជ័យលាភីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នាឱកាសប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៣។
ទន្ទឹមនឹងចលនាប្រឡងប្រណាំងនេះ ក្រោមពន្លឺនៃច្បាប់ស្តីពីទេសចរណ៍ វិស័យទេសចរណ៍កម្ពុជាបាននឹងកំពុងមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព និងធានាលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ផ្តល់សេវាសាធារណៈជូនដល់អាជីវករទេសចរណ៍ប្រកបដោយតម្លាភាព ប្រជាធិបតេយ្យ និងយុត្តិធម៌។
យើងក៏បាននិងកំពុងរៀបចំការសម្រួលនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណទេសចរណ៍ តាមប្រព័ន្ធ Online ចូលរួមដល់ការកាត់បន្ថយរបាំងមិនចាំបាច់មួយចំនួនក្នុងការផ្តល់អាជ្ញាបណ្ណទេសចរណ៍ឱ្យបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍បានកំពុងរៀបចំនូវស្លាកសញ្ញាពិសេស “អេកូឡាបិល” ដោយផ្អែកលើស្តង់ដាសម្រាប់សេវាកម្មនីមួយៗ ដូចជា ស្តង់ដាសណ្ឋាគារបៃតង ស្តង់ដារផ្ទះស្នាក់បៃតង ស្តង់ដារទីក្រុងទេសចរណ៍ស្អាត ស្តង់ដារ SPA and Wellness ស្តង់ដារបង្គន់សាធារណៈ និងស្តង់ដារទេសចរណ៍សហគមន៍ ដែលក្នុងនោះកម្ពុជាត្រូវបានអាស៊ានប្រគល់ ភារកិច្ចនាំមុខអំពីស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាសាន និងស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន។
ទី៣. ចំពោះការអភិវឌ្ឍធនធានមនុស្ស៖ ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា និងដើម្បីត្រៀមបំលាស់ទីអ្នកជំនាញទេសចរណ៍ក្នុងអាស៊ាននៅឆ្នាំ២០១៥ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (ដែលជាដៃគូការងារជាមួយលេខាធិការដ្ឋានអាស៊ានក្នុងការធ្វើបំលាស់ទីអ្នកជំនាញទេសចរណ៍អាស៊ាននៅឆ្នាំ២០១៥) បានរៀបចំ និងសម្រេចបាននូវឯកសារទ្រទ្រង់ការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកនៃអ្នកជំនាញទេសចរណ៍ (MRA) ជាច្រើន ដូចជាប្រអប់បណ្តុះបណ្តាល (Toolboxes) សម្រាប់ផ្នែកសេវាកម្មសណ្ឋាគារចំនួន ១៤៤ និងបណ្តុះបណ្តាលគ្រូបង្គោល (Train of trainer) និងអ្នកវាយតម្លៃបង្គោល (Master Assessor) ចំនួន ២១០រូប។ កន្លងមក អាស៊ានបានបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតំលៃបង្គោលអាសាន បានចំនួន ៦០ រូបក្នុងនោះកម្ពុជាមាន៦រូបហើយមួយរូបបានទទួលចំណាត់ថ្នាក់ឆ្នើមរបស់អាស៊ានផ្នែកសេវាកម្មសណ្ឋាគារ។ ទន្ទឹមនឹងនៅក្នុងការប្រលងប្រណាំងជំនាញទេសចរណ៍អាស៊ានកាលពីឆ្នាំ២០១២ យុវនារីកំព្រាមួយរូប បានទទួលជ័យលាភីមេដាយឆ្នើមអាស៊ានផ្នែកចុងភៅ។ ដោយយោងលើសមិទ្ធិផលរបស់កម្ពុជា លេខាធិការដ្ឋានអាស៊ានបានសិក្សាពីភាពជោគជ័យដ៏ល្អរបស់កម្ពុជា ហើយបានចែករំលែករបាយការណ៏នេះដល់ប្រទេសជាសមាជិក។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍បានពង្រឹងភាពជាដៃគូជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ឯកជនដូចជាសាលាប៉ូលឌុយប្រ៊ុល អង្គការដើម្បីភាពញញឹមនៃកុមារ(សាលា PSE ) វិទ្យាស្ថានជាតិពហុបចេ្ចកវិទ្យា (NPIC) ក្នុងការបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍។ ចំពោះមុខ ដើម្បីដាក់អនុវត្តអនុក្រឹត្យស្តីពីមគ្គុទេ្ទសក៍ទេសចរណ៍ ឱ្យមានប្រសិទ្ធភាព យើងបានដាក់ចេញនូវឯកសារយុទ្ធសាស្ត្រស្តីពីការពង្រឹងការបណ្តុះបណ្តាល និងគុណភាពមគ្គុទ្ទេសក៍ទេសចរណ៍ផងដែរ។ បច្ចុប្បន្ន យើងកំពុងរៀបចំស្តង់ដាសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ថ្នាក់ពិសេស ថ្នាក់តំបន់ និងថ្នាក់ជាតិ និងបន្តពង្រឹងយន្តការគ្រប់គ្រងមគ្គុទ្ទេសក៍ ដោយប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាទំនើប (ថ្ងៃខាងមុខ យើងនឹងមានប្រព័ន្ធចុះបញ្ជីមគ្គុទ្ទេសក៍ទេសចរណ៍ និងការប្រើប្រាស់QR Code សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍)។ ដោយឡែកសម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេស- ចរណ៍ យើងបាននិងកំពុងសហការជាមួយទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) លើការរៀបចំបង្កើតសាលា ជាតិជំនាញវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ព្រមទាំងបាននិងកំពុងបំផុសលើកទឹកចិត្តដល់ផ្នែកឯកជនដើម្បីចូលរួមបង្កើត សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ឲ្យបានច្រើន ។
ទី៤. ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរដឹកជញ្ជូន៖ មកដល់បច្ចុប្បន្នយើងមានក្រុមហ៊ុនអាកាសចរក្នុងស្រុកចំនួន២ក្រុមហ៊ុន និងក្រុមហ៊ុនអាកាសចរអន្តរជាតិចំនួន ២៤ក្រុមហ៊ុន ដោយបានហោះហើរត្រង់ ពីតំបន់អាស៊ាន កូរ៉េ ចិន Quatar មកសៀមរាប និងភ្នំពេញ។
-ចំពោះទំនាក់ទំនងការដឹកជញ្ជូនកម្ពុជា-វៀតណាម គឺត្រូវបានពង្រីកឲ្យកាន់តែល្អប្រសើរឡើងនៅតាមច្រកទ្វារទាំង១0 ដោយមានការព្រមព្រៀងគ្នាបង្កើនចំនួនរថយន្តដល់៣០០គ្រឿងក្នុង១ថ្ងៃ ដោយ ក្នុងនោះរថយន្តដឹកអ្នកទេសចរណ៍មានចំនួន៧៨គ្រឿង (៣៩ គ្រឿងពីកម្ពុជា និង៣៩គ្រឿងពីវៀតណាម)។
-ជាមួយភាគីឡាវ តាមច្រកត្រពាំងគ្រៀលដែលបានរៀបចំសម្បទាល្អ មានចំណតរថយន្ត កន្លែងធ្វើការ និងសេវាដឹកជញ្ជូនភាគីឡាវ និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនដោយ អនុញ្ញាតឲ្យរថយន្តដឹកអ្នកទេសចរណ៍១០ក្រុមហ៊ុន(៥ ក្រុមហ៊ុនមកពីកម្ពុជា និង៥ ក្រុមហ៊ុនមកពីឡាវ ប៉ុន្តែ បច្ចុប្បន្ន ទើបតែមាន១ក្រុមហ៊ុន កំពុងដំណើរការ)
-ជាមួយភាគីថៃៈ ក៏បានចុះកិច្ចព្រមព្រៀងដឹកជញ្ជូនរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន នៃ ប្រទេសទាំងពីរ ដោយអនុញ្ញាតឲ្យរថយន្តដឹកជញ្ជូនទំនិញ និងអ្នកធ្វើដំណើរចំនួន ៨០គ្រឿង (៤០ គ្រឿង ពីកម្ពុជា ក្នុងនោះ ១០គ្រឿង ជារថយន្តដឹកទំនិញ និង៣០ គ្រឿង រថយន្តដឹកអ្នកទេសចរណ៍ និង៤០គ្រឿងពីថៃ ក្នុងនោះ ១០គ្រឿង ជារថយន្តដឹកអ្នកទេសចរណ៍ និង៣០គ្រឿងរថយន្តដឹកទំនិញ) និងមានក្រុមហ៊ុនដឹកជញ្ជូន០២ទៀត បានដឹកជញ្ជូនភ្ញៀវផ្ទាល់ពីទីក្រុងបាងកក មកទីក្រុងសៀមរាប។
បច្ចុប្បន្ន កម្ពុជាមានច្រកទ្វារអន្តរជាតិជាមួយប្រទេសជិតខាង សរុបចំនួន ២៤ ក្នុងនោះផ្លូវគោកមាន ចំនួន១៧(ដោយមិនទាន់រួមបញ្ចូលទាំងច្រកទ្វារអន្តរជាតិដែលបើកថ្មីចំនួន០៣) ផ្លូវទឹកមានចំនួន០៤ និងផ្លូវអាកាសមានចំនួន ៣។
គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការដឹកជញ្ជូននិងធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ បានធ្វើការប្រជុំជាប្រចាំ ហើយបានកាត់បន្ថយនូវរបាំងមិនចាំបាច់ដើម្បីសម្រួលការធ្វើដំណើររបស់ទេសចរបានយ៉ាងច្រើន។
យើងបានសហការជាមួយក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងការយកចិត្តទុកដាក់ពង្រឹង សន្តិសុខ សុវត្ថិភាពទេសចរណ៍ ពិសេសនៅតំបន់ទេសចរណ៍សំខាន់ៗដោយបានចាត់តាំងរៀបចំឲ្យមាន សន្តិសុខឯកជន និងយុវជនស្មគ្រចិត្តដែលជាបណ្តាញរបស់នគរបាលទេសចរណ៍។
‑ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ជាទីគោរពដ៏ខ្ពង់ខ្ពស់!
‑ អង្គសន្និបាតជាទីមេត្រី!
ទន្ទឹមនឹងលទ្ធផលដែលយើងទទួលបានប្រកបដោយមោទនៈ យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវរួបរួមគ្នាដើម្បីដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពិសេសក្នុងបរិបទដែលកម្ពុជាកំពុងធ្វើសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ ខាងមុខ។ យើងឃើញថា វិស័យទេសចរណ៍កម្ពុជាកំពុងជួបប្រទះនូវបញ្ហាប្រឈម ដូចខាងក្រោម៖
ទី១. ខណៈដែលកម្ពុជាសំបូរទៅដោយធនធាន និងសក្តានុពលធនធានធម្មជាតិ និងវប្បធម៌ កម្ពុជាមានសក្តានុពលក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពសំបូរបែបបំរើឱ្យភ្ញៀវទេសចរ ដែលទាមទារឱ្យមានការវិនិយោគឯកជន និងវិនិយោគសាធារណៈឱ្យបានសមស្របសម្រាប់ការអភិវឌ្ឍផលិតផលទេសចរណ៍ទៅថ្ងៃអនាគត។
ទី២. កង្វះខាតលើការងារផ្សព្វផ្សាយ៖ បច្ចុប្បន្នយើងបានខិតខំយ៉ាងសកម្ម និងចូលរួមពីគ្រប់ផ្នែកដើម្បីជំរុញការផ្សព្វផ្សាយ“កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ” ដើម្បីទាក់ទាញទេសចរតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយនានា ដូចជាផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍ជាតិ និងទូរទស្សន៍ក្នុងស្រុកដែលផ្សាយទៅក្រៅ ប្រទេស ទូរទស្សន៍CNN តាមគេហទំព័រ ការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនានា ការផលិតស្ប៉តផ្សព្វផ្សាយ ចំរៀងទេសចរណ៍ ការផលិតសំភារៈផ្សព្វផ្សាយ ការធ្វើ Fam-Trip ។ល។ ប៉ុន្តែ ដើម្បីរក្សាស្ថេរភាពនៃកំណើនក្នុងរយៈពេលវែង យើងត្រូវការភាពប្រកួតប្រជែងខ្លាំង ទាមទារការផ្សព្វផ្សាយច្រើន និងចូលរួមក្នុងទីផ្សារទេសចរណ៍សំខាន់ៗជាគោលដៅដែលតម្រូវឱ្យមានយន្តការស្ថាប័នគាំទ្រច្បាស់លាស់ (ទាំងថវិកា មធ្យោបាយ និងធនធានមនុស្ស)។ ឆ្លៀតឱកាសនេះ ក្នុងនាមឱ្យក្រសួងទេសចរណ៍ ខ្ញុំសូមថ្លែងអំណរគុណចំពោះទូរទស្សន៍និងវិទ្យុក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលតែងតែគាំទ្រ និងជ្រោមជ្រែងដល់ការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា។
ទី៣. ការអនុវត្តច្បាប់ស្តីពីទេសចរណ៍នៅមានកំរិតនៅឡើយទាំងការផ្សព្វផ្សាយ និងអនុវត្តច្បាប់ក៏ពុំទាន់ទូលំ-ទូលាយ និងស៊ីជំរៅទាំងការកសាងបទដ្ឋានគតិយុត្តទ្រទ្រង់ក៏មានការយឺតយ៉ាវ។ មិនតែប៉ុណ្ណោះការចូលរួមរបស់ផ្នែកឯកជនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាហាក់នៅមានកំរិត ដោយរចនាសម្ព័ន្ធសមាគមទេសចរណ៍ខ្លះនៅទន់ខ្សោយ (ពុំមានអ្នកធ្វើការជាអចិន្ត្រៃយ៍ កង្វះភាពជាតំណាងដោយចំនួនសមាជិកនៅមានកំរិត ហើយក៏ពុំមានគោលការណ៍ច្បាស់លាស់ក្នុងដំណើរការរបស់ខ្លួន) កង្វះការយកចិត្តទុកដាក់ដល់និរន្តរភាពនិងទំនួលខុសត្រូវផ្នែកសង្គម។ យើងមិនទាន់បានរៀបចំឱ្យមានស្តង់ដាគុណភាពលើគ្រប់សេវាទាំងអស់នៅឡើយ។ សមាគមន៍ឧស្សាហកម្មទេសចរណ៍ខ្លះពុំទាន់មានក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈទេសចរណ៍ ប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
ទី៤. ចំពោះការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ យើងខ្វះកំលាំងពលកម្ម ពិសេសជំនាញវិជ្ជាជីវៈទាំងលើបរិមាណ និងគុណភាព ដែលជាកត្តាគន្លឹះក្នុងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពប្រកួតប្រជែងតាមរយៈការបំពេញសេចក្តីត្រូវការរបស់ភ្ញៀវជាតិនិងអន្តរជាតិ។ ខណៈពេលដែលការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់អ្នកជំនាញទេសចរណ៍ (MRA) លើការបំលាស់ទីអ្នកជំនាញទេសចរណ៍នៅក្នុងតំបន់អាស៊ានកាន់តែខិតជិតមកដល់ យើងត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានសមស្រប ហើយបច្ចុប្បន្ន យើងពុំទាន់មានសាលាជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងការពង្រឹង និងបណ្តុះបណ្តាលជំនាញគ្រប់កំរិតនិងគ្រប់ប្រភេទជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលអាចផ្តល់លទ្ធភាពឲ្យសិស្សបានចូលរៀនក្នុងតម្លៃសមរម្យ។
ទី៥. ការតភ្ជាប់តាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស៖ ក្នុងនោះការតភ្ជាប់តាមផ្លូវអាកាសមកកម្ពុជា ភាគច្រើន ជាលក្ខណៈតំបន់ រីឯការហោះហើរត្រង់ពីគោលដៅឆ្ងាយៗពុំទាន់មានច្រើន។ ការដឹកជញ្ជូនទេសចរណ៍ តាមនាវាសមុទ្រ ទោះបីជាត្រូវបានសម្រួលជាបន្តបន្ទាប់ ប៉ុន្តែយើងក៏នៅខ្វះខាតកំពង់ផែទេសចរណ៍ខ្នាត តូចនៅតាមបណ្តាខេត្តតំបន់ឆ្នេរ។ រីឯ ការដឹកជញ្ជូនទេសចរណ៍តាមនាវាទន្លេ(River Based Tourism) ដែលកម្ពុជាមានសក្កានុពលខ្ពស់ ក៏នៅពុំទាន់បានអភិវឌ្ឍឲ្យបានខ្លាំងក្លា។ កំពង់ផែទេសចរណ៍តាមដងទន្លេមេគង្គក៏នៅមានការខ្វះខាត។ ប្រព័ន្ធសន្តិសុខ សុវត្ថិភាព ពិសេសដំណោះស្រាយខាងផ្នែកធានារ៉ប់រង នៅ ពេលទេសចរមានគ្រោះថ្នាក់ នៅមានការយឺតយ៉ាវ។
ទី៦. ការទប់ស្កាត់ការធ្លុះធ្លាយផ្នែកសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍៖ ជាមធ្យមការធ្លុះធ្លាយសេដ្ឋកិច្ចនៃវិស័យទេសចរណ៍កម្ពុជាមានប្រមាណ២៥% ដែលកិច្ចការនេះតម្រូវឱ្យមានការរៀបចំផែនការ និងយន្តការច្បាស់លាស់ ពិសេសទាមទារឱ្យមានកិច្ចសហការស្អិតរមួតរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីទាញយកប្រយោជន៍ ជាអតិបរមានូវតំលៃបន្ថែម (Value added) ពីវិស័យទេសចរណ៍។
ខ្ញុំបាទសង្ឃឹមថា តាមរយៈសន្និបាត យើងនឹងបានទទួលនូវបទពិសោធន៍ និងយោបល់ល្អៗជាច្រើន ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ចូលរួមកាត់បន្ថយរបាំងដែលរាំងស្ទះដល់ការអភិវឌ្ឍទេសចរណ៍កម្ពុជា ពិសេសដល់ការធ្វើសមាហរណកម្មទេសចរណ៍កម្ពុជាទៅក្នុងអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពោលគឺឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ៥លាននាក់ នៅឆ្នាំ២០១៥និង៧.៥-៨លាននាក់ ឆ្នាំ២០២០ ខណៈដែលតំបន់ ASEANទាំងមូល ទទួលបានទេសចរ៩០.២ លាននាក់ និងមានផែនការនឹងទទួលភ្ញៀវទេសចរ ឲ្យបានប្រមាណ ១០៧លាននាក់ នៅឆ្នាំ២០១៥ ស្របទៅនឹងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន (ATSP-2011-2015)។
អាស៊ានបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះធំៗចំនួន ០៥ ដើម្បីឆ្ពោះទៅសមាហរណកម្មអាស៊ាន២០១៥ ដើម្បីអាស៊ានជាគោលដៅទេសចរណ៍កំរិតអន្តរជាតិ និងផ្តល់ភាពកក់ក្តៅដល់ទេសចរ (ASEAN World Class Destination , ASEAN feel the warmth)៖
(១) ជំរុញការវិនិយោគទេសចរណ៍ និងអភិវឌ្ឍផលិតផលទេសចរណ៍ ៖ ផ្តោតសំខាន់លើទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌-បេតិកភណ្ឌ ទេសចរណ៍សហគមន៍ ទេសចរណ៍តាមនាវាសមុទ្រនិងទន្លេ ទេសចរណ៍ទីក្រុង ការរៀបចំព្រឹត្តិការពិពណ៌ទេសចរណ៍ និងសន្និសីទធំៗ (MICE)។ល។
(២).ការសិក្សាទីផ្សារ និងផ្សព្វផ្សាយ៖ ដែលផ្តោតសំខាន់ទៅលើទីផ្សារក្នុងតំបន់ (ASEAN for ASEAN) អាស៊ានបូក៣ និងអាស៊ាន-ឥណ្ឌាក្នុងនោះទីផ្សារចិនជាយុទ្ធសាស្រ្តចំបង។ អង្គការទេសចរណ៍ពិភពលោកបានវាយតម្លៃថាប្រទេសចិននឹងក្លាយជាគោលដៅទេសចរណ៍និងទីផ្សារទេសចរណ៍ដ៏ធំមួយរបស់ពិភពលោកនៅឆ្នាំ២០២០។ បច្ចុប្បន្ន មានទេសចរចិនចេញក្រៅប្រទេសប្រមាណ ១០០លាននាក់ ហើយនឹងអាចកើនដល់ប្រមាណ ២០០លាននាក់ នៅឆ្នាំ២០២០។ ឆ្នាំ២០១៣ ទេសចរចិនមកទស្សនាអាស៊ាន មានប្រមាណជាង ៩លាននាក់ ក្នុងនោះមកទស្សនាប្រទេសថៃ ជាង២លាននាក់ មកទស្សនាប្រទេសម៉ាឡេស៊ី ជាង២លាននាក់។ ចំពោះកម្ពុជា ឆ្នាំ២០១៣ យើងទទួលបានទេសចរចិនប្រមាណជិត ៤៧ម៉ឺននាក់ ក្នុងកំណើន៣៨,៧%។ យើងអាចប៉ាន់ស្មានថា កម្ពុជានឹងទទួលទេសចរចិនបានប្រមាណជាង ៨០ម៉ឺននាក់ នៅឆ្នាំ២០១៥ និងប្រមាណជាង ២លាននាក់នៅឆ្នាំ២០២០។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណចំពោះមជ្ឈមណ្ឌលអាសានចិនដែលបានខិតខំជួយសហការផ្សពផ្សាយទេសចរណ៍កម្ពុជានៅលើទីផ្សារចិន ហើយកាលពីព្រឹកម្សិលមិញនេះ យើងបានបើកសម្ភោធជាផ្លូវការនូវការថតខ្សែភាពយន្តភាគចិនខ្នាតធំ ដែលមានចំណងជើងថា”ឥទ្ធិពលស្នេហ៍ / Love is Brave” នៅតាមបណ្តាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយក្រុមហ៊ុនផលិតកម្មភាពយន្តខ្នាតធំ (Beijing Junyi Celebration Culture Co.,Ltd.) ដ៏ល្បីល្បាញរបស់ចិន។
(៣) ពង្រឹងគុណភាពផលិតផលទេសចរណ៍ ដែលផ្តោតសំខាន់លើការរៀបចំស្តង់ដារសេវាកម្មទេសចរណ៍ ដូចជាស្តង់ដារអាស៊ានGreen Hotelស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ស្តង់ដារផ្ទះស្នាក់អាស៊ាន ស្តង់ដារសហគមទេសចរណ៍អាស៊ាន ស្តង់ដារSPA and Wellness និងស្តង់ដារបង្គន់សាធារណៈអាស៊ាន។
(៤). ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដើម្បីជម្រុញការអនុវត្តស្មារតីកិច្ចព្រមព្រៀងគ្នាទៅវិញទៅមកនៃអ្នកជំនាញទេសចរណ៍អាសាន (MRA) ដើម្បីបំលាស់ទីអ្នកជំនាញទេសចរណ៍នៅឆ្នាំ២០១៥។
(៥) ជំរុញការតភ្ជាប់ (Connetivity) និង សម្រួលការធ្វើដំណើរ ដែលផ្តោតសំខាន់លើលការសម្រួលការធ្វើដំណើរនិងការតភ្ជាប់តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកក្នុងតំបន់និងការតភ្ជាប់ទៅអាសានបូកបី និងអាស៊ាន-ឥណ្ឌា ការសម្រួលការធ្វើដំណើរបស់ប្រជាពលរដ្ឋក្នុងអាស៊ាន (ASEAN Travellers) តាមរយៈការជម្រុញការលើកលែងទិដ្ឋាការនិងការជម្រុញការផ្តល់ទិដ្ឋាការរួម (ASEAN Single Visa) សំរាប់អ្នកធ្វើដំណើរក្រៅតំបន់អាសាន (Non- ASEAN Travellers) ដែលបច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តគំរូជាមួយប្រទេសថៃ។
‑ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ជាទីគោរពដ៏ខ្ពង់ខ្ពស់!
‑ អង្គសន្និបាតជាទីមេត្រី!
ក្នុងស្មារតីនេះ អង្គសន្និបាតលើកនេះ នឹងផ្តោតពិភាក្សារិះរកនូវគន្លឹះដើម្បីចាប់យកកាល្លានុវត្តភាព និងឆ្លើយតបនូវបញ្ហាប្រឈមខាងលើ ដើម្បីជាមូលដ្ឋានទ្រទ្រង់ក្នុងការធ្វើសមាហរណកម្មអាស៊ាន ដែលក្នុងនោះយើងនឹងពិភាក្សាលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
ប្រធានបទទី១៖ ស្តីពីការអភិវឌ្ឍផលិតផលទេសចរណ៍
ប្រធានបទទី២៖ ស្តីពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ ដែលផ្តោតសំខាន់ទៅលើ :
- ស្តង់ដារសេវាកម្មទេសចរណ៍
- សុវត្ថិភាពចំណីអាហារ រាប់ទាំងសុវត្ថិភាពចំណីអាហារតាមដងផ្លូវ
- ការបណ្តុះបណ្តាលធនធានមនុស្ស ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការគ្រប់គ្រង និងពង្រឹងគុណភាពមគ្គុទ្ទេសក៏ទេសចរណ៍ និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈទេសចរណ៍
ប្រធានបទទី៣៖ ស្តីពីការសម្រួល និងពង្រឹងយន្តការទ្រទ្រង់ការអភិវឌ្ឍទេសចរណ៍កម្ពុជា ដែលផ្តោតសំខាន់
លើការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ
ប្រធានបទទី៤៖ ការផ្សព្វផ្សាយ និងយុទ្ធសាស្ត្រទីផ្សារ
ប្រធានបទទី៥៖ ស្តីពីអភិបាលកិច្ចល្អក្នុងវិស័យទេសចរណ៍ ដែលផ្តោតសំខាន់លើ:
- ការគ្រប់គ្រងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យា
- ការពង្រឹងរចនាសម្ព័ន្ធ សមត្ថភាព និងភាពជាតំណាងរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍
- ការរៀបចំបណ្តាញអ្នកស្រាវជ្រាវ និងក្រុមប្រឹក្សាយោបល់
- និងការរៀបចំប្រព័ន្ធ Intranet នៅក្រសួងទេសចរណ៍
ប្រធានបទទី៦៖ ស្តីពី “រមណីយដ្ឋានស្អាត សេវាល្អ”
ប្រធានបទទី៧៖ ស្តីពីចលនាប្រឡងប្រណាំងទីក្រុងស្អាតដែលនឹងត្រូវឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការវាយតម្លៃ
បឋមចំពោះចលនានេះ ស្របពេលនៃការប្រារព្ធពិធីទិវាទីក្រុងស្អាតលើកទី២ក្រោមប្រធានបទ
សកម្មភាពរបស់អ្នកដើម្បីទីក្រុងស្អាត ផងដែរ។
‑ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
‑ គណៈអធិបតី និងអង្គសន្និបាត ជាទីគោរព និងជាទីមេត្រី!
ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូនថា អង្គសន្និបាតលើកនេះមានការចូលរួមពីក្រសួង-ស្ថាប័ន អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ នគរបាលទេសចរណ៍ អគ្គនាយកដ្ឋានគយ និងពន្ធដារ សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកឯកជន សហគមន៍ទេសចរណ៍ ប្រព័ន្ធឃោសនាផ្សព្វផ្សាយ អង្គការក្រៅរដ្ឋាភិបាល អង្គការជាតិ និងស្ថានទូតនានា សរុបចំនួន ៨០០នាក់។
ជាទីបញ្ចប់ ខ្ញុំបាទសូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ទទួលបានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមដឹកនាំនាវាកម្ពុជាទៅកាន់ភាពសំបូររុងរឿង និងសុភមង្គលជូនប្រជាពលរដ្ឋ។
សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាយកញ្ញា ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើង។
ដើម្បីអង្គសន្និបាតទាំងមូលបានដំណើរការប្រកបដោយប្រសិទ្ធភាព គុណភាព និងទទួលបានលទ្ធផលល្អប្រសើរ ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមគោរពអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាបើកអង្គសន្និបាត។
សូមគោរពអញ្ជើញ!
No comments:
Post a Comment