Wednesday, November 06, 2013

ឯកអគ្គ​រដ្ឋ​ទូត​​ថ្មី​​សិង្ហ​បុរី​ស​រសើ​ចំពោះ​ការ​​រីក​​ចម្រើន​​របស់​​កម្ពុជា​

នៅ​ក្នុង​ជំនួប​សំដែង​ការគួរសម​ចំពោះ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ឯកឧត្តម Kevin Cheok ឯកអគ្គរដ្ឋទូត​ថ្មី​ប្រទេស​សិង្ហ​បុរី បានមានប្រសាសន៍​ ស​សើរ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​សោភ័ណភាព​ដ៏​ត្រចះត្រចង់ និង​ពោរពេញ​ដោយ​ភាពកក់ក្តៅ ហើយក្នុង​នេះដែរ លោក​ក៏​បាន​ជូនពរចំពោះសម្តេច​តេជោ ហ៊ុន សែន ដែល​ត្រូវបាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​សាជាថ្មី។

ឯកឧត្តម Kevin Cheok ឯកអគ្គ រដ្ឋទូត​ថ្មី​ប្រទេស​សិង្ហ​បុរីក៏​បាន​ឲ្យ​ដឹង​អំពី​មនោសញ្ចេតនា​របស់​ឯកឧត្តម​ថា ឯកឧត្តម​មាន​កិត្តិយស​ខ្លាំង​ណាស់ ដែល​ត្រូវ​បានតែងតាំង​ជា​ឯកអគ្គ​រដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​ព្រះរាជាណាចក្រ​កម្ពុជា​នោះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ឯកឧត្តម Kevin Cheok មាន​ប្រសាសន៍​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​សោភ័ណភាព​ដ៏​ល្អ​ត្រចះត្រចង់ និង​ពោរពេញ​ទៅ​ដោយ​ភាព​កក់​ក្តៅ​បំផុត ហើយ​លោក​សូម​គោរព និង​ចូលរួម​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​សាជាថ្មី​ម្តង​ទៀត​ក្នុងការ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា សឹង្ហ​បុរី កំពុង​តែ​មាន​ការវិវត្តន៍​​​រីកចម្រើន​ជា​រៀងរាល់ថ្ងៃ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​ក៏មាន​កំណើន​ខ្លាំង​ណាស់​ដែរ។ ឯកឧត្តម​បន្ត​ថា ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​នៅកម្ពុជា ឯកឧត្តម នឹង​ជំរុញ​យកចិត្តទុកដាក់​ឲ្យ​កាន់​តែ​ខ្លាំង​ថែមទៀត លើ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​កម្ពុជា ដើម្បី​ជា​កត្តា​ជំរុញ​នូវ​ទំនាក់ទំនង នៃ​ប្រទេស​ទាំង​ពីរ​​ឲ្យ​កាន់តែ​រឹងមាំ​និង​ស៊ី​ជម្រៅ​ថែមទៀត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​យល់ស្រប​ទៅនឹង​ឯកឧត្តម Kevin Cheok ពាក់ព័ន្ធ ទៅ​នឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ។ ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​​ក៏បាន​សំដែង​នូវ​ការ​រីករាយ​ផង​ដែរ​ចំពោះ​ការ ​កើនឡើង​លើ​វិស័យ​វិនិយោគ​របស់​សិង្ហ​បុរី​ក្នុង​ប្រទេស​កម្ពុជា ពិសេស​បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សិង្ហ​បុរី ដែល​​បាន​ជួយ​ដល់​កម្ពុជា​លើ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស។ សម្តេច​តេ​ជោ​មាន​ប្រសាស​ន៍​​​សង្កត់ធ្ងន់​ថា សិង្ហ​បុរី​គឺជា​តួអង្គ​ដ៏​មាន​សារៈសំខាន់​មួយ នៅក្នុង​ការអភិវឌ្ឍន៍​ធន​ធានមនុស្ស ក្នុង​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ៕

No comments:

Post a Comment