Wednesday, November 06, 2013

គោល​ដៅ​​របស់​​ឯកអគ្គ​រដ្ឋ​ទូត​ថ្មី នៃសហព័ន្ធ​អាល្លឺម៉ង់​ គឺជំរុញ​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរ

ឯកឧត្តម Jaochim Baron Von Marschall ឯកអគ្គរដ្ឋទូតថ្មីរបស់សហព័ន្ធអាល្លឺម៉ង់ ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ បានជម្រាប​ជូន​សម្តេច​តេជោអំពី​ជំហរ​រដ្ឋាភិបាល​​នៃសហ​ព័ន្ធអាល្លឺម៉ង់​តាម​រយៈបេសកកម្ម​ការទូត​ថា ​ទិស​ដៅនៃអាណត្តិ​បេស​ក​​កម្ម​របស់​ឯកឧត្តម​នៅ​ពេល​នេះ គឺដើម្បីពង្រឹង​បន្ថែមទៀតនូវទំនាក់ទំនងនៃប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹ​ងមាំថែមទៀត ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​សំដែង​ការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ឯកឧត្តម Jaochim Baron Von Marschall បានជម្រាបជូនសម្តេចតេ ជោដែរថា កម្ពុជា និង​សហ​អាល្លឺម៉ង់​មានជំនួយសហប្រតិបត្តិការលើវិស័យជាច្រើន ប៉ុន្តែអ្វីដែល​រូប​លោក​មើល​ឃើញ ដែលជាសក្តានុពលដ៏សំខាន់បំផុតនៅកម្ពុជានាពេលនេះ គឺយុវវ័យរបស់កម្ពុជា ហើយ​ការ​ដាក់ទុនវិនិយោគបណ្តុះបណ្តាលយុវវ័យកម្ពុជា គឺអាចធ្វើឲ្យកម្ពុជាមិនមានការលំបាក និង​ការ​​ព្រួយបារម្ភអំពីអនាគត របស់កម្ពុជានោះឡើយ។

ឯកឧត្តម Jaochim Baron Von Marschall បានថ្លែងថា ឪពុកម្តាយរបស់ឯកឧត្តម​បានមកកាន់ ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៦១ ដោយបានយកទៅប្រទេស​អាល្លឺម៉ង់​វិញជាមួយ​នឹង​រូប​ភាព​ដ៏ល្អ​ៗ​​ពី​ប្រទេសកម្ពុជា និងចាប់តាំងពីនោះមកឈ្មោះកម្ពុជា គឺជាពាក្យដ៏ពិរោះ និងកន្រ្តាក់ អារម្មណ៍​​សម្រាប់រូបលោកជានិច្ច។ ឯកឧត្តមមានប្រសាសន៍បន្តថា នៅពេល​ត្រូវ​បាន​តែង​តាំង​ជា​​ឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់ប្រចាំកម្ពុជា នៅពេលនេះសុបិនបានក្លាយជាការពិត​សម្រាប់​រូប​ឯកឧ​ត្តមនោះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍ចំពោះ ឯកឧត្តម Jaochim Baron Von Marschall ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ សម្តេចតេជោ​បន្តថា វត្តមាន​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋ​ទូតអាល្លឺម៉ង់ដ៏ឆាប់រហ័សបំផុតនៅ កម្ពុជា​នាពេល​នេះ​គឺ​បង្ហាញ​ពីការយក​ចិត្តទុក​ដាក់នៃទំនាក់ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ក៏បាន​ថ្លែងនូវ​អំណរគុណ​ជូនចំពោះ រដ្ឋាភិបាល និង​ប្រជា​ជន​អាល្លឺ​ម៉ង់ ដែលជានិច្ចកាល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា កាល​ពីពេល​កន្លងទៅ ដោយ​សម្តេច​​បាន​ចាត់​ទុក​ ជំនួយ​ទាំងអស់​នោះ​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​កាត់​​បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសជំនួយ​លើការ​បោស​សម្អាត​គ្រាប់មីន តុលាការ​កាត់ក្តី​អតីតមេដឹកនាំខ្មែរ​ក្រហមការ​បណ្តុះបណ្តាល​ធនធានមនុស្ស គឺសុទ្ធសឹង​តែជាការ​ចូលរួម​ចំណែក​ដល់ការអភិវឌ្ឍកម្ពុជា។

សម្តេច​បាន​ផ្តោត​នូវ​សេចក្តី​សង្ឃឹម​ថា សហព័ន្ធ​អាល្លឺម៉ង់​នឹង​បន្ត​ជួយដល់​ការអភិវឌ្ឍប្រទេស​កម្ពុជា​បន្តទៀត។ សម្តេចតេជោបន្តថា ពីដើមឡើយ​អាទិភាព​របស់​កម្ពុជា​កាលពី​ទសវត្ស៨០ គឺ​មាន​ផ្លូវ ទឹក ភ្លើង និងមនុស្ស ប៉ុន្តែ​នៅអាណត្តិ​ទី៥ នេះអាទិភាព​ចម្បង​របស់​កម្ពុជា គឺការ​អភិវឌ្ឍ​ធន​ធានមនុស្ស៕

No comments:

Post a Comment