Wednesday, November 06, 2013

សម្តេច​​តេជោ​​នាយក​រដ្ឋមន្ត្រី​ បង្ហាញ​​ជំហរ​​របស់​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ទាក់​ទង​​នឹង​កិច្ច​​​ការ​ពារ​ប​រិ​ស្ថាន​

សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពីគោល​នយោបាយ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ថា «​នៅក្នុង​អាណត្ដិ​ថ្មី​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ដ​យកចិត្ដទុកដាក់​ខ្ពស់​បន្ថែមទៀត លើ​កិច្ច​ការពារ​បរិស្ថាន ដែល​ជា​វិធានការដ៏​ចាំបាច់​បំផុត ហើយ​ចាត់​ទុក​និរន្ដរភាព​បរិស្ថាន​ជា​អាទិភាព​នាំ​ផ្លូវ​ដ៏​ត្រឹមត្រូវ សម្រាប់​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព និង​ការលុបបំបាត់​ភាព ក្រីក្រ​» ។

​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​វិមានសន្តិភាព ក្នុង​ពិធី​បើក​វេទិកា​ជាតិ​លើក​ទី​៣ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ក្រោមប្រធានបទ «​ធ្វើ​សកម្មភាព​ឆ្ពោះ​ទៅ​ការអភិវឌ្ឍ​ដោយ​ចីរភាព ក្នុង​បរិបទ​ប្រែប្រួល អាកាសធាតុ​» សម្ដេច​តេជោ​មាន​ប្រសាសន៍បញ្ជាក់​ថា «​រាជរដ្ឋាភិបាល នឹង​ប្រឹងប្រែ​ងអនុវត្ដ​គំនិត​ផ្ដួចផ្ដើម​នៃ​ការអភិវឌ្ឍ​បៃតង​ជាតិ ដែល​អាច​ពង្រឹង​នូវ​កំណើន សេដ្ឋកិច្ច, ការប្រើប្រាស់, ការផលិត និងធុរកិច្ច ដែល​មាន​លក្ខណៈ​បៃតង ដើម្បី​រក្សា​តុល្យភាព​នៃ​ការអភិវឌ្ឍ​ឱ្យ​ប្រកបដោយ ចីរភាព​លើ​ទិដ្ឋភាព​ធំ​ទាំង​បួន គឺ​សង្គម វប្បធម៌ បរិស្ថាន និងសេដ្ឋកិច្ច​»។
​​
ទាក់ទិន​នឹង​ប្រធានបទនៃ​វេទិកា​ជាតិ​បរិស្ថាន​នេះ ​សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា «​ជា​ការពិត ការប្រែប្រួល​អាកាសធាតុ​លែង​ជា​អ្វីដែល ស្ថិតនៅ​ឆ្ងាយ​ពី​យើង​ទៀតហើ​យ ហើយ​កំពុង​បង្ក​ឥទ្ធិពល​មកលើ​យើងទាំងអស់គ្នា ក្នុងពេល​បច្ចុប្បន្ន និង​ជា​បញ្ហា​ប្រឈម​មួយ ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំៗ​បំផុត​ដែល មនុស្ស​ជាតិ​ត្រូវ​ប្រឈម​នៅ​ក្នុង​សតវត្សរ៍​​ទី​ ២១​នេះ​ដោយសារ​តែ​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ​ហើយ​មាន​វិសាលភាព​កាន់តែធំ​ជាង​មុន​»​។ សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា «​បើ​ពិនិត្យ​តាម របកគំហើញ​ពី​ការស្រាវជ្រាវ​ថ្មីៗ បាន​អះអាងយ៉ាងច្បាស់​អំពី​កំណើន​នៃ​ផល​ប៉ះពាល់​ពីការប្រែប្រួល​អាកាស​ធាតុ​គឺ​កាន់តែ​ខ្លាំងក្លា និង​ញឹកញាប់​ជាង​មុន​ខណៈ​ដែល​កំណើន នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​បន្ដ​ធ្វើឱ្យ​សីតុណ្ហ​ភាព​មធ្យម​លើ​ពិភពលោក​កើនឡើង​ជា​ខ្លាំង។ ជាក់ស្ដែង​នៅ​ក្នុង​ឆ្នាំនេះ ពិភពលោក​ត្រូវ​បាន​សង្កេតឃើញថា កំ​ហាប់ឧស្ម័ន​កាបូ​និក​នៅ​ក្នុង​បរិយាកាស​កើន​ដល់ ៤០០​ភាគ​លាន​ដែល​ជា​កម្រិត​ខ្ពស់​បំផុត លើកដំបូង​គិត​ចាប់តាំងពី​ពេល​មានការវា​ស់​ដោយ​ប្រើប្រាស់​ឧបករណ៍​​ទំនើប​មក​។ នៅ​ចំពោះមុខ​កំហាប់​ឧស្ម័ន​កាបូនិច​ក្នុងបរិយាកាស​កម្រិត​ខ្ពស់​បំផុត​ជា​ប្រវត្ដិសាស្ដ្រនេះ​បាន​បង្ហាញថា យើង​កំពុង​ឈានចូលទៅក្នុង​ស្ថានភាព​មួយ​ប្រកបដោយ​គ្រោះថ្នាក់​។ ក្នុងនោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន ពើបប្រទះ​នូវ​និន្នាការ​ដែល​ត្រូវ​ប្រកាស អាសន្ន​​នៃ​ទឹកជំនន់, គ្រោះរាំងស្ងួត និង​ព្រឹត្ដិការណ៍​អាកាសធាតុ​មិន​ប្រក្រតី​ដែល​កើត មាន​កាន់តែ​ញឹកញាប់ និង​ធ្ងន់ធ្ងរ​ជាង​មុន ជាពិសេស​ក្នុង​អំឡុង​នៃ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ លើសពីនេះ​ទៀត​ភាព​ងាយ​រងគ្រោះ នៃ​ទឹកជំនន់​នៅ​អាស៊ី​នឹង​បន្ដ​កើន​ឡើង​ហើយ រហូតដល់​ឆ្នាំ​២០២៥​ប្រជាជន​ច្រើន​ជាង ៤១០​លាន​នាក់​ដែល​តំណាង​ឱ្យ​លើសពី ៨៥​ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ជន់​លិច នៅតាម​តំបន់ឆ្នេរ​ដោយសារ​ប្រឈម​នឹង ផលប៉ះពាល់​នៃ​ព្យុះ​ស៊ីក្លូន និង​តំបន់​ទំនាប លិច​ទឹក​ដែល​ងាយ​ពើបប្រទះ​នឹង​ព្យុះ​ទី​ហ្វុង​។ គ្រោះមហន្ដរាយ​ជា​ញឹកញាប់ទាំងនេះ រួមផ្សំ​ជាមួយ​ឥទ្ធិពល​ដទៃទៀត ដែល​បណ្ដាល​ពី​ការប្រែប្រួល​អាកាសធាតុ​ដូច​ជា​ការ​ជ្រាបចូល​នៃ​ទឹកប្រៃ​ នៅតាម​តំបន់ឆ្នេរ ឬ​ផលប៉ះពាល់​បណ្ដាល​ពី​សត្វ​ចង្រៃ និង​ការ​រាតត្បាត​នៃ​ជំងឺ​បានធ្វើឱ្យ​ការប្រែប្រួល​អាកាសធាតុ​ក្លាយជា​បញ្ហា ​ប្រឈម​ដែល​ទាមទារ​ឱ្យ​មាន​ការ​យកចិត្ដទុកដាក់​ជាប​ន្ទា​ន់​។ ទន្ទឹម​នេះ​ទឹក ជំនន់​នាពេល​ថ្មីៗ នេះ​នៅ​កម្ពុជា​ក៏​បាន​បង្ក​ឱ្យ​មាន​ការបាត់បង់​អាយុជីវិ​តមនុស្ស,​ផល ប៉ះពាល់​ដល់​ដំណាំ កសិកម្ម, ហេ​ដ្ឋា​រចនា សម្ព័ន្ធ និង​ការ​ចិញ្ចឹមជីវិត​របស់​ប្រជាជន​នៅ​សហគមន៍​ដែល​បញ្ហា​នេះ​ជា​ភស្ដុតាង​ថ្មី​បន្ថែម​ទៀត​បង្ហាញ​ពី​សញ្ញា​បន្ទាន់ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ។
​​​
សម្ដេច​តេជោនាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍ផ្តល់​ជាអនុសាសន៍​ ដោយ​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ធ្វើការ​ពិចារណា​ជា​លក្ខណៈ​ប្រព័ន្ធ​អំពី​ ការងារ​ប្រែប្រួល​អាកាសធាតុ​នៅពេល​លើក​ផែនការ​អន្ដរាគមន៍​លើ​ការងារ អភិវឌ្ឍ​ដើម្បី​ធានាថា ការចំណាយ​វិនិយោគ នានា​មាន​ប្រសិទ្ធភាព និង​ផ្ដល់​ផល​ក្នុង​បរិការណ៍​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ។ ក្នុង​នេះ​សម្ដេច​ជំរុញ​ឱ្យ​ផ្ដោត​ការយកចិត្ដ ទុកដាក់​ខ្លាំង​ថែម​ទៀត​លើ​ការប្រើប្រាស់​ប្រភព​ថាម​ពល​​កកើត​ឡើងវិញ​ដូចជា​ ថាមពល​វា​រី​អគ្គិសនី,​សំណល់​កំដៅ​ពី​ឧស្សាហកម្ម, សំណល់​កសិកម្ម និង​សំណល់​ពី​ការចិញ្ចឹម សត្វ​ជាដើម​។ ទន្ទឹម​នេះ​សម្ដេច​ក៏​ជំរុញ​ឱ្យបន្ដ​អនុវត្ដ​នូវ​គំនិត​ផ្ដួចផ្ដើម​ការអភិវឌ្ឍ​បៃតង​ជាតិ​នៅ​កម្ពុជា​ ដើម្បី​គាំទ្រ​បន្ថែមទៀត​ដល់ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ហើយ​បន្ដ​យកចិត្ដទុកដាក់​លើ​ការអនុវត្ដ​បណ្ដាគ​ម្រោង យន្ដការ​អភិវឌ្ឍ​ស្អាត, ​ការ​ជំរុញ​​យុទ្ធនាការ​សន្សំសំចៃ​ថាមពល​អគ្គិសនី និង​ប្រេងឥន្ធនៈ, សកម្មភាព​ការពារ និង​អភិរក្ស​ព្រៃឈើ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ, ព្រៃ​បម្រុង និងព្រៃ​ការពារ​ជាដើម​។ បន្ថែម​លើ​នេះ​សម្ដេច តេជោ​បាន​ស្នើ​ឱ្យ​ក្រសួង​អប់រំយុវជន និងកីឡា​គួរ​ពិនិត្យ​ពិចារណា​ដាក់បញ្ចូល​មុខវិជ្ជា ការប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​កម្មវិធីអប់រំ និង​បណ្ដុះបណ្ដាល​នានា​ទាំង​កម្មវិធីសិក្សា​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ។
សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​​បញ្ជាក់​អះអាងថា រាជរដ្ឋាភិបាល​នឹង​បន្ដ​បង្កើត​​​បរិយាកាស​អំណោយ​ផល និង​លើក​ទឹកចិ​ត្ដ​សម្រាប់​ការចូ​ល​រួម​របស់​វិស័យ​ឯកជន​នៅ ក្នុង​ការវិនិយោគ​ដែល​នឹង​ជួយ​ដោះស្រាយ​ដល់​ការងារ​ប្រែប្រួល​អាកាសធាតុ​ ទាំង​លើវិធាន​ការ​​​បន្ស៊ាំ និង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាដើម។
សម្រាប់​ក្របខ័ណ្ឌ​ពិភពលោក​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រីបានមាន​ប្រសាសន៍​បញ្ជាក់ថា «​ពិត​មែន​​តែ​សមត្ថភាព និង​ធនធាន​មាន​កម្រិត ក៏​ប៉ុន្ដែ​កម្ពុជា​បាន​ប្ដេជ្ញា​ក្នុង​ឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុងការត្រៀមខ្លួន និងរួមចំណែក​ជា​និច្ច​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ក្នុង​ ការទទួល​ខុស​ត្រូវ​ចំពោះ​ជោគវាសនានៃ​មនុស្សជាតិ ក្នុង​ការរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ ដោយ​ឈរ​លើ​ស្មារតីនៃ​គោលការណ៍​ចម្បងៗ របស់​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ។
ទាក់​ទង​ទៅនឹង​ការ​បម្រែ​បម្រួល​ធាតុ​អាកាស​នេះ ឯកឧត្តម សាយ សំ​អាល់  រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ការប្រែប្រួល​អាកាសធាតុ​បានបញ្ជាក់​ថា​៖ តាម​ការព្យាករណ៍​បានឱ្យដឹង ថា កំដៅ​ភពផែនដី​នឹង​កើនឡើង​ពី​១,៥ °C ដល់​២°C នៅ​ចុង​សតវត្សរ៍​ទី​២១ បើ​ធៀប នឹង​សីតុណ្ហភាព​នៅ​ចុង​សតវត្សរ៍​ទី​១៩​។ ​
ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​កម្ពុជា​អាច​នឹង​ងាយ​រង​ផល ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ដោយសារ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ប្រទេស ​យើង​មាន​ភាព​អាស្រ័យ​យ៉ាង​ផ្ទាល់​លើ​វិស័យ​កសិកម្ម​ហើយ​ធន​ធាន​មនុស្ស និងហិរញ្ញវត្ថុ​ក៏​នៅមានកម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ក៏​នៅ​មិនទាន់​ ឆ្លើយតប​តាម​តម្រូវ​ការ​ជាពិសេស​យើង​ក៏​នៅ​ខ្វះខាត​បច្ចេកវិទ្យា​សម​ស្រប​ សម្រាប់​ដោះស្រាយ​បញ្ហា​ប្រែ​ប្រួល​​អាកាសធាតុ​នៅឡើយ​។ ​​​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ​នេះ​ទឹកប្រាក់ប្រមាណ ២៥០លាន​ដុល្លារ​អាមេរិក ​ត្រូវបាន​កៀរគរ​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង ​ប្រែ​ប្រួល​អាកាសធាតុ​នានា។

សូម​បញ្ជាក់​ថា វេទិកា​ជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ត្រូវបាន​រៀបចំឡើង នៅ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ដោយ​ក្រសួង​បរិស្ថាន និង​ដោយ​សហការ​ជាមួយ​ស្ថាប័ន និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​ អាកាសធាតុ​។ ឆ្នាំ​នេះ​វេទិកា​ជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ប្រារព្ធ ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៣៕

No comments:

Post a Comment