Wednesday, November 06, 2013

បទអត្ថា​ធិប្បាយ៖ សហរដ្ឋ​អាមេរិក ធ្វើឲ្យ​បក្ស​សង្គ្រោះ​ជាតិ ចុក​ឈាម

នៅទីបំផុត សហរដ្ឋអាមេរិក បានឆ្លើយតបចំពោះគណបក្សប្រឆាំងនៅកម្ពុជា យ៉ាងជូរចត់​បំផុត និង ជាការកាច់បំបាក់អំណួតអួតអាងបរទេសនិយមរបស់បក្សនេះ។ ជាក់ស្តែងកាលពីថ្ងៃទី០៤​ ខែវិច្ឆិកានេះ លោក Scot Marciel ឧបការីរងជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកអា​ស៊ីខាងកើត និង អាស៊ីប៉ា​ស៊ីហ្វិក បានថ្លែងបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិកថា “រដ្ឋាភិបាលអាមេរិក មិនលូកដៃ​ចូលក្នុងកិច្ចការដោះ​ស្រាយ​វិបត្តិ​នយោ​បាយរបស់កម្ពុជាឡើយ”។

មូលហេតុដែលនាំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ថ្លែងបញ្ជាក់បែបនេះ យើងអាចកត់សំគាល់​ឃើញ​នូវ​គោលនយោបាយ​ការ​បរទេស​របស់គេ ចំពោះកម្ពុជា លើ៥ ចំណុចគឺ ១.គោរពអធិបតេយ្យ​របស់​កម្ពុជា ២.គោរព​ស្វ័យ​សម្រេច​​របស់​ប្រជាពលរដ្ឋខ្មែរ លើបញ្ហាខ្មែរ ដោយខ្មែរខ្លួនឯង ៣.ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុ​​បក្ស និង ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានភាពរីកចំរើន និង ទទួល​យក​បានជាទូទៅ ៤.សហ​រដ្ឋ​អាមេ​រិក បានយកកម្ពុជា ជាដៃគូស្មើមុខ ស្មើសិទ្ធិ និង ៥. បង្ហាញឲ្យប្រជា​ពល​រដ្ឋខ្មែរ បានជ្រាបថា គោល​ជំហរ​​របស់​​រដ្ឋាភិបាលសហរដ្ឋអាមេរិក ខុសគ្នាពីអ្នកនយោបាយ​អាមេរិកាំងមួយចំនួន ចំពោះប្រទេសកម្ពុជា ក៏ដូច​ជា​គណ​​បក្សប្រឆាំងនៅកម្ពុជា ដែលតែងតែយក “អាមេរិក” ធ្វើជាបង្អែកនយោបាយរបស់ខ្លួននោះ។

នេះ ជាការវាយបំបាក់ត្រង់ៗតែម្តង និង យ៉ាងចាស់ដៃបំផុត ចំពោះនយោបាយ និង សកម្មភាព​ប្រកប​ដោយ​ភាពក្រអើតក្រទម និងអំនួត របស់គណ​បក្ស​សង្គ្រោះ​ជាតិ គឺនយោបាយបរទេសនិយម។ បរទេស​និយម នៅត្រង់ថា គណ​បក្ស​មួយ​នេះ តែងតែ​ធ្វើ​សកម្មភាព និង ថ្លែងសារនយោ​បាយ ទាំង​មុន និង ក្រោយ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណ​ត្តិទី៥ ខែ​កក្កដា ឆ្នាំ២០១៣​នេះ ថា សហរដ្ឋអាមេរិក និង ប្រទេស​​មហាអំណាច​ប្រជាធិបតេយ្យ​សេរីដ៏ដៃទៀត បានគាំទ្រ គណបក្សរបស់ខ្លួន។

ជាក់ស្តែង លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងមួយនេះ ក៏តែង​តែ​​​ចេញ​ចូលស្ថានទូតសហរដ្ឋអាមេរិកនៅ​ទី​ក្រុង​ភ្នំពេញ យ៉ាងទៀងទាត់ ថ្ងៃខ្លះ ក្នុងមួយថ្ងៃពីរ ឬបីដង​ក៏​មាន នេះនៅ​មិន​​ទាន់​និយាយដល់ស្ថានទូតនៃប្រទេសនានា របស់សហគមន៍អ៊ឺរ៉ុបប្រចាំនៅ​កម្ពុជា​ឡើយ​។ សកម្មភាព​ទាំង​នេះ គឺដើម្បី​សម្ញែងប្រជាជន និង អ្នកគាំទ្ររបស់ខ្លួន ថា គណបក្សនេះ មានសហរដ្ឋ​អាមេរិក និង សហគមន៍​អ៊ឺរ៉ុប​ដែល​គេអះអាងថា ជាបិតាប្រជាធិបតេយ្យនោះ ពិតជា​ប្រទេស​បង្អែក​ប្រាកដ​មែន។

នេះជាមេរៀនមួយសម្រាប់លោក សម រង្ស៊ី និង លោក កឹម សុខា ក៏ដូចជាប្រជាពលរដ្ឋខ្មែរ​និយម​បស្ចឹម​ប្រទេសដែរ ហើយវាក៏ជាមេរៀនចាស់មួយ សម្រាប់ប្រជាពលរដ្ឋខ្មែរ​ ដែលបានកើត​មាន​នៅ​​ក្នុង​របប​សាធា​រណៈរដ្ឋខ្មែររបស់លោក លន់ នល់ និង បក្ខពួក ដែលបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៧០។ នៅពេលរបបនេះ ត្រូវបានរលត់នៅឆ្នាំ១៩៧៥ មុនពួកខ្មែរក្រហម ចូលក្រុងភ្នំពេញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាសម័យនោះ បានសរសេរ​លិខិតថ្វាយ ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ ដើម្បីយាងចេញពីប្រទេស តែត្រូវបានព្រះអង្គម្ចាស់ សិរិមតៈ ឆ្លើយ​តប​ដោយ​សម្តែង​​ការ​សោក​ស្តាយ និង ខកចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលបក្ខពួកគាត់ បានជឿ និង មានទំនុកចិត្តលើ​សហរដ្ឋអា​មេ​រិក។ ខកចិត្តក៏ព្រោះតែសហរដ្ឋអាមេរិក សម្រេចចិត្តទុកឲ្យរបបសាធារ​ណៈរដ្ឋដួលរលំ និង ប្រជា​ជនខ្មែរទាំង​មូល​រស់​ក្នុងរបប​ប្រល័យពូជសាសន៍ខ្មែរខ្លួនឯង របស់របបកម្ពុជា​ប្រជាធិបតេយ្យ ដែលដឹកនាំ​ដោយ ប៉ុល ពត។

ដូច្នេះ គណបក្សសង្គ្រោះជាតិ ជាពិសេស លោក សម រង្ស៊ី លោក កឹម សុខា និង ប្រជាពលរដ្ឋខ្មែរ​ដែល​និយម​​​​អាមេរិកនោះ គួរគិតពិចារណា និង រៀនដោះស្រាយបញ្ហាប្រទេសជាតិ បញ្ហានយោបាយ​ ដោយ​ខ្មែរ​ខ្លួន​ឯង ដើម្បីបង្ហាញវីរភាពក្នុងការជួយពូនជ្រុំមហាសាមគ្គីខ្មែរ សេចក្តីថ្លៃថ្នូរ និង កិត្យានុភាព​នៃប្រជាជាតិខ្មែរ ដែល​ជាជាតិសាសន៍មួយមានអរិយធម៌សម្បូរណ៍បែប និង ដែលធ្លាប់ជាចក្រភព​មួយក្នុង​លោកដែរនោះ។

ប្រសិនបើ គណបក្សប្រឆាំងមួយនេះ នៅតែបន្តប្រកាន់យកនយោបាយបរទេសនិយម​តទៅទៀត​នោះ គឺ​មាន​​ន័យស្មើនឹងការបំបែបបំបាក់សាមគ្គីផ្ទៃក្នុងជាតិ ធ្វើឲ្យខ្មែរ គ្មាន​ទំនុកចិត្តរវាងខ្មែរ និង ធ្វើឲ្យ​សាសន៍​​ដទៃ​មើល​ឃើញថា ខ្មែរមិនចេះដោះស្រាយបញ្ហាខ្លួនឯង ដោយ​ខ្លួននោះ។

ដោយ ស្វាយ សុវណ្ណរិទ្ធ
ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី
អនុប្រធានអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស

No comments:

Post a Comment