នារាត្រីថ្ងៃទី០៤ ខែវិច្ឆការ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្តែងសិល្បៈបើកសប្តាហ៏សិល្បៈប្រទេសចិន នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរទិវាមិត្តភាពកម្ពុជាចិន និងខួបអនុស្សាវរីយ៏ ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(កម្ពុជា ចិន)។
លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៏ចាត់ទុកការរៀបចំសប្តាហ៏សិល្បៈចិននៅកម្ពុជាគឺជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្តូរបទពិសោធន៏លើវប្បធម៌ និងសិល្បៈរវាងប្រទេសទាំងពីរ(កម្ពុជា ចិន)។ លោកជំទាវ ភឿង សក្កណា បានមានប្រសាសន៏ឲ្យដឹងថា យោងតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរទិវាមិត្តភាពកម្ពុជា ចិន និងខួបលើកទី៥៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរគណៈប្រតិភូសិល្បះកម្ពុជាមួយក្រុមចំនួន៣៦នាក់នឹងទៅចូលរួមក្នុងទិវាវប្បធម៌ចិនដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ វិច្ឆការ ឆ្នាំ២០១៣ ក្នុងប្រទេសចិន។
លោកជំទាវ ពូជៀងហ្គ័រ ឯកអគ្គរដ្ឋទូតនៃសាធារណៈប្រជាមានិតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៏ឲ្យដឹងថាការប្រារព្ធសប្តាហ៏សិល្បះចិននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រៅពីការបង្ហាញឲ្យប្រជាជនកម្ពុជាបានឃើញ និងយល់ដឹងអំពីភាពសម្បួរបែបនៃវប្បធម៌របស់ប្រជាជនចិន ក្នុងការកសាង និងអភិវឌ្ឍនប្រទេសដោយសន្តិវិធី សប្តាហ៏សិល្បៈចិននៅកម្ពុជា គឺជាការជួយជំរុញ និងលើកកំពស់នៃទំនាក់ទំនងមិត្តភាពជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពី(កម្ពុជា ចិន)។ លោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណៈប្រជាមានិតចិន បានអះអាងថា រវាងទំនាក់ទំនងមិត្តភាពកម្ពុជា ចិននឹងស្ថិតស្ថេរចិរកាលយូអង្វែង។
តំណាងគណៈប្រតិភូសិល្បៈនៃសាធារណៈរដ្ឋប្រជាមានិតចិន បានឲ្យដឹងថាសប្តាហ៏សិល្បៈប្រទេសចិនបច្ចុប្បន្នគឺជាសកម្មភាពនៃការដាក់បង្ហាញ និងការសម្តែងខាងផ្នែកសិល្បៈ និងវប្បធម៏ចិនបច្ចុប្បន្នដែលរៀបចំដោយសហព័ន្ធមជ្ឈដ្ឋានសិល្បៈ និងអក្សរសាស្ត្រប្រទេសចិន ហើយជាសកម្មភាពដែលមានលក្ខណៈចំរុះ និងមិនយកកម្រៃ ក្នុងគោលបំណងធ្វើការផ្លាស់ប្តូរខាងផ្នែកសិល្បៈ និងវប្បធម៏សម្រាប់ជំរុញឲ្យទស្សនិកជនបរទេសមានការស្វែងយល់ពីទស្សនៈនៃការច្នៃប្រឌិតផ្នែកសិល្បៈ និងវប្បធម៏ចិនបច្ចុប្បន្ន ព្រមទាំងចែករំលែកសមិទ្ធផលច្នៃប្រឌិត និងកំលាំងទាក់ទាញនៃសិល្បៈ និងវប្បធម៏នៅក្នុងអរិយធម៏ប្រជាជនចិន ដើម្បីបង្កើនចំណងមិត្តភាព និងការស្វែងយល់រវាងគ្នា និងគ្នានៃប្រជាជន និងសិល្បៈករមកពីប្រទេសទីទៃគ្នា។
តំណាងប្រតិភូសិល្បៈចិនបានថ្លែងអំណរគុណចំពោះរាជរដ្ឋភិបាលកម្ពុជា និងអគ្គស្ថានទូតនៃសាធារណៈចិនប្រចាំកម្ពុជាដែលបានជួយសម្រួល និងរៀបចំកម្មវិធីសប្តាហ៏សិល្បៈចិនលើកដំបូង២០១៣នេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីអបអរសាទរទិវាមិត្តភាពកម្ពុជា និងខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(កម្ពុជា ចិន)។
No comments:
Post a Comment