Tuesday, February 06, 2018

ក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាល និងកសាងសមត្ថភាព ភាពជាអ្នកដឹកនាំដល់មន្ត្រីវ័យក្មេង

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្មវិធីអភីវឌ្ឍន៍ភាពជាអ្នកដឹកនាំ។ ថ្លែងក្នុងឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងថា កម្មវិធីនេះ មានបំណងធានាឱ្យសកម្មជនយុវជន ដែលត្រូវបានជ្រើសរើសឱ្យយល់ដឹងអំពីទិដ្ឋភាពសង្គម មានសមត្ថភាពវិភាគ វាយតម្លៃព្រឹត្តិការណ៍សង្គម និងយល់ដឹងច្បាស់លាស់ អំពីស្ថាប័ន ដើម្បីកសាងសង្គមពិតប្រាកដ និងក្លាយជាថ្នាក់ដឹកនាំនាពេលអនាគត។

នាឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងពីសមិទ្ធផល ដែលរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ មានកំណើន៧%ក្នុងរយៈពេល២០ឆ្នាំ ដែលបានប្រែក្លាយកសិករ មកជាកម្មករជាច្រើននាក់ហើយកំណើននេះ បានបង្កើតឱ្យមានប្រជាជនវណ្ណៈកណ្តាលដែលជាភាពរីកចម្រើន និងជាចំណុចជាយុទ្ធសាស្ត្រដើម្បីរក្សាស្ថេរភាព និងសន្តិភាពនៅកម្ពុជា។

លោកបន្តថា សេរីភាពនៃព័ត៌មាននៅកម្ពុជា ដែលមានលក្ខណៈសេរីនេះ បានធ្វើឱ្យប្រជាពលរដ្ឋអាចសិក្សាស្វែងយល់ បានទូលំទូលាយតាមរយៈប្រព័ន្ធអ៊ីនធឺណែត និងប្រព័ន្ធសង្គមផ្សេងៗទៀតជាដើម។ បន្ថែមពីនេះលោក សាយ សំអាល់ បានស្នើឱ្យមន្ត្រីវ័យក្មេងដែលជាយុវជនទាំងអស់ប្រឹងប្រែងសិក្សា និងក្រេបជញ្ជប់ចំណេះដឹងពីវាគ្មិន ដែលបានមកបណ្តុះបណ្តាលដើម្បីមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បន្តវេន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលនឹងបណ្តុះបណ្តាល១២៩នាក់នេះ ផ្តោតលើវិធីសិក្សា វិធីវិភាគ និងវិធីបកស្រាយបំភ្លឺ ពិភពគំនិតនយោបាយ ស្ថាប័ននយោបាយ ស្ថាប័នសង្គម ទំនាក់ទំនងសង្គម និងប្រព័ន្ធនយោបាយកម្ពុជាបច្ចុប្បន្នជាដើម៕




វេទិកាការងារប្រចាំខែរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារ និងកម្មសិក្សាការងារដល់យុវជន

កិច្ចប្រជុំកំពូលវិនិយោគិនសាកលលើកទី១ នៅរដ្ឋអាសាមប្រទេសឥណ្ឌាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍

(រដ្ឋអាសាម-ឥណ្ឌា)៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបង្ហាញលទ្ធផលសម្រេចបានមួយចំនួនពីការចូលរួមកិច្ចប្រជុំកំពូលវិនិយោគិនសាកល (Global Investors Summit 2018) លើកទី១ នៅរដ្ឋអាសាមនៃសាធារណរដ្ឋឥណ្ឌា។

លទ្ធផលការងារទាំងនោះរួមមាន៖

១- ថ្ងៃទី០៣ ខែកុម្ភៈ កិច្ចប្រជុំកំពូលវិនិយោគិនសាកលលើកទី១ បានចាប់ផ្តើមបើកជាផ្លូវការក្រោមអធិបតីភាពលោក ណារិនត្រា ម៉ូឌី នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋឥណ្ឌា និងនាយករដ្ឋមន្ត្រីប្រទេសប៊ូតាន់ ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់​នានា មកពីក្នុងតំ​បន់ និងជុំវិញ​ពិភពលោកចំនួន១៧ប្រទេសដែលមានប្រតិភូចូលរួមចំនួនប្រមាណ ៤,៥០០នាក់ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើននាក់។

កិច្ចប្រជុំកំពូល និងវិនិយោគិនសាកល ឆ្នាំ២០១៨ លើកទី១ Assam Global Investors ក្រោមប្រធានបទ «គុណសម្បត្តិអាសាម ជាផ្លូវល្បឿនលឿនតភ្ជាប់មកកាន់តំបន់អាស៊ាន» គឺជាគំនិតផ្តួចផ្តើមលើកកម្ពស់ការវិនិយោគ និងការសម្របសម្រួលធំបំផុតមួយ ដែលមិនធ្លាប់មានបានរៀបចំឡើងដោយរដ្ឋអាសាម។ កិច្ចប្រជុំកំពូលនេះ មានគោលបំណងលើកពីគុណសម្បត្តិភូមិសាស្ត្ររបស់រដ្ឋអាសាម ដែលបានផ្តល់ជូននូវវិនិយោគិន​ ក៏ដូចជាការបង្ហាញពីសមត្ថភាព ផ​លិតកម្ម និងជាឱកាសនាំចេញផលិតផល និងសេវាកម្ម ទៅកាន់ប្រទេសបណ្តាប្រទេសអាស៊ាន និងប្រទេសដែលកំពុងលូតលាស់។

បើតាមការបញ្ជាក់របស់លោក Sarbananda Sonowal​ ប្រធានរដ្ឋ​អាសា​ម​ បានឱ្យដឹងថា រដ្ឋអាសាមមានសក្តានុពលអាចចាក់បញ្ជូលទៅក្នុងសេដ្ឋកិច្ចប្រទេសអាស៊ាន រហូតដល់ ២.៤ពាន់ពាន់លានដុល្លារ កិច្ចប្រជុំកំពូលនេះ ក៏នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់កិច្ចប្រជុំពិភា​ក្សាគ្នា រវាងដៃគូពាណិជ្ជកម្ម និងសេវាកម្មផងៗដែរ (G2B, B2B) និងបង្ហាញឱកាសវិនិយោគនៅក្នុងរដ្ឋអាសាម។ ក្នុងកម្មវិធីរាត្រីសមោស នាល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្ពុជាត្រូវបានផ្តល់កិត្តិយសចូលរួមសម្តែងសិល្បវប្បធម៌រួមគ្នាជាមួយឥណ្ឌា ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកប្រធានរដ្ឋអាសាម ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីនាយករដ្ឋមន្ត្រីប៊ូតាន់ និងឥស្សរជន អ្នកវិនិយោគិនមកពីជុំវិញពិភពលោកជាង៥០០នាក់។

២- ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងកម្មវិធីសន្និសីទប្រទេសនីមួយៗ កម្ពុជាបានរៀបចំសន្និសីទផ្សព្វផ្សាយទេសចរណ៍​ដោយមានការចូលរួមពីឥស្សរជន ប្រតិភូអន្តរជាតិ និងសារព័ត៌មានអន្តរជាតិចំនួន ២៥០នាក់។ ឱកាសនេះដែរ លោក ថោង ខុន បានថ្លែងសន្ទរកថាស្វាគមន៍បើ​កសន្និសីទ និងការធ្វើបទបង្ហាញសក្តានុពលវិស័យទេសចរណ៍កម្ពុជាជូនដល់អង្គសន្និសីទ​ ដោ​យលោក សូវិសុទ្ធី អនុរដ្ឋលេខាក្រសួងទេសចរណ៍ និងលោកស្រី ឆាយ ស៊ីលីន ប្រ​ធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ព្រមទាំងមានការសម្តែងសិល្បៈជូនភ្ញៀវទស្សនាផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលសកលចំណងសេដ្ឋកិច្ចភាគឦសានឥណ្ឌា-អាស៊ាន និងប្រទេសជិតខា​ងនៃរដ្ឋអាសាម​ លោក ថោង ខុន ត្រូវបានផ្តល់កិត្តិយសឱ្យឡើងថ្លែងសន្ទរកថាគន្លឹះជា​មួ​យបណ្តារដ្ឋមន្ត្រីនៃប្រទេសអាស៊ាន និងប្រទេសជិតខាងអាសាម (បង់ក្លាដេស ប៊ូតាន នេប៉ាល់និ​ង BBN Countries)។ កិច្ចប្រជុំកំពូលនេះ វិនិយោគិនសកលបានកោតសរសើរការរីនចម្រើនរប​ស់កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមើលឃើញឧត្តមភាពប្រកួតប្រជែងខ្ពស់ផ្នែកទេសចរណ៍របស់កម្ពុជា ហើយជឿជាក់ថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើផ្នែកវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ រវាងអាស៊ាន-ឥណ្ឌា ពិសេសរដ្ឋអាសាម និងអាស៊ាន និងពីអាស៊ានទៅអាសាម រួមទាំងកម្ពុជា និងមានដំណើររការអភិវឌ្ឍលូតលាស់យ៉ាងខ្លាំ​ងទៅអនាគត។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការតភ្ជាប់ការហោះហើរពីអាស៊ានមកកាន់រដ្ឋអាសាម និងពីអាសាមមកអាស៊ាន។ ជាការកត់សម្គាល់ ភាគីឥណ្ឌា (រដ្ឋអាសាម) បានសម្ដែងភាពរស់រាយរាក់ទាក់ស្វាគមន៍ផ្តល់កម្មវិធីអាទិភាពពិសេសដល់ប្រតិភូកម្ពុជា។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ ភ្ញៀវទេសចរឥណ្ឌាទៅទស្សនាប្រទេសអាស៊ានមានជាង៣លា​ននាក់ ហើយទេសចរអាស៊ានទៅឥណ្ឌាជាង៨០ម៉ីននាក់។ ក្នុងនោះកម្ពុជាទទួលបានទេសចរឥណ្ឌាប្រមាណជិត៦ម៉ឺននាក់ កើនឡើងជាង ២៩%។ តាមការព្យាករណ៍ កម្ពុជាអាចទទួលបា​នទេសចរឥណ្ឌាប្រមាណ ១០ម៉ឺននាក់ នៅឆ្នាំ២០២០៕






ផ្ទះមនុស្សធម៌កាកបាទក្រហមកម្ពុជាទី៤៦ ត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយខ្វះទីជម្រក នៅស្រុកសូទ្រនិគម ខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈ​កម្មា​ធិការ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ទី៤៦ ផ្ដួច​ផ្ដើមដោយលោកបណ្ឌិត ឃឹម ប៊ុន​សុង ប្រធានគណៈកម្មាធិការសាខាខេត្ត ជូនដល់គ្រួសារអ្នកមីង អៀង ឆុច អាយុ​៥៧​ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រ ខ្វះជំរក។

បច្ចុប្បន្ននេះ អ្នកមីង អៀង ឆុច ប្រកបរបរធ្វើនំអាកោលក់ គ្រាន់បានកម្រៃខ្លះទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ អ្នកមីងរស់នៅ ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ផ្ទះដែលប្រគល់ជូននៅពេលនេះ មានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ក្រាល​ក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ ឧត្ថម្ភដោយគាំទ្រពីលោក លី លេនី លោកស្រី កុយ សាវិន និងសប្បុរសជនក្នុងខេត្តសៀមរាប ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈ​កម្មា​ធិការ​សាខា ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាស​នា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីបានធ្វើការលើកទឹកចិត្តដល់បងប្អូន ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បី​ជួយ​សម្រួល​ដល់ជីវ​ភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ លោកស្រី ក៏បានបន្តថា នេះជារដូវប្រាំងសូមបងប្អូនទាំងអស់ ត្រូវ​ចេះប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង និងសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូន ទៅមណ្ឌលសុខភាពដែល​នៅជិតបំផុត។ លោកស្រីក៏បានផ្តាំផ្ញើដល់សមាជិកគ្រួសារអ្នកមីងទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបាន​ជា​ជម្រកដ៏កក់ក្តៅតរៀងទៅ។

ក្នុងនោះក៏មានអំណោយមនុស្សធម៌បន្ថែមរួមមាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល​១ អង្ករ​៥០​គីឡូ​ក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះ​បាយ​មួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញ​ចូល​រួមម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕





លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែងថា កម្ពុជា-ឡាវ នឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀត ពាក់ព័ន្ធនឹងច្បាប់ស្តីពីអំពើពុករលួយ

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា កម្ពុជា-ឡាវ បានប្ដេជ្ញាផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗ រវាងគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត។ លោកបានថ្លែងដូចនេះក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ជំនួបជាមួយលោក មៀង ឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ច និងប្រឆាំងអំពើពុករលួយ នៃប្រទេសឡាវ នៅព្រឹកថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៨នេះថា ភាគីឡាវយកចិត្តទុកដាក់ពីការងារ ប្រកាសទ្រព្យសម្បត្តិ និងការងារស៊ើបអង្កេតរបស់អង្គភាពប្រឆាំង អំពើពុករលួយ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា-ឡាវ ក៏បានព្រមព្រៀងគ្នាបង្កើនការសហការគ្នាថែមទៀត បើភាគីឡាវមានសំណូមពរអី្វឱ្យភាគីកម្ពុជាជួយលើគ្រប់ផ្នែក ហើយកម្ពុជាក៏អាចមានសំណូមពរឱ្យខាងភាគីឡាវ ជួយមកលើផ្នែកច្បាប់ផងដែរ ដែលភាគីទាំងពីរ នឹងត្រៀមជួយគ្នាទៅវិញទៅមក ។ លោក ឱម យ៉ិនទៀង បានបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំជូនគណៈប្រតិភូឡាវ ទៅពិនិត្យ និងដកបទពិសោធន៍ការងារ នៅអគ្គនាយកដ្ឋានពន្ធដារ ដោយសាររយៈពេល ២ទៅ៣ឆ្នាំ ចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ មានការកែទម្រង់ខ្លាំង។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្ថែមទៀតថា ប្រតិភូឡាវក៏នឹងទៅពិនិត្យ ដកបទពិសោធន៍ការងារនៅច្រកចេញចូលតែមួយពីកម្ពុជាផងដែរ ។ ពាកព័ន្ធនឹងបញ្ហានេះ លោកជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងពង្រីកច្រកចេញចូលតែមួយ ទៅតាមស្រុក ខណ្ឌ ទាំងអស់នៅទូទាំងប្រទេស ៕


(សូមទស្សនាវីដេអូ) លោក សុខ ឥសាន លើកឡើងថា អ្នករិះគន់វិសោធនកម្មច្បាប់ការពារព្រះមហាក្សត្រ មានន័យថា ពួកគេចង់ប្រមាថព្រះមហាក្សត្រ!

លោក សុខ សូកាន បើកកិច្ចប្រជុំ «សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់» និងប្រគល់ប្រាក់កម្ចីជូនសមាជិកសកម្មរបស់សមាគម

តាកែវ៖ នារសៀលថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាស្រុកគិរីវង់ ខេត្តតាកែវ មានរៀបចំកិច្ចប្រជុំ «សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់» និងពិធីប្រគល់ប្រាក់កម្ចីបន្ថែមជុំទី៣ ដល់សមាជិកសកម្ម ៤៤នាក់ ក្រោមអធិបតីភាពលោក សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ។

លោក សុខ សូកាន បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ នៅស្រុកគិរីវង់ ក៏ដូចជាលោកគ្រូអ្នកគ្រូទូទាំងប្រទេសកម្ពុជា ដែលបានចូលរួមផលិតនូវធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌ ហើយលោកក៏បានរំលឹកផងដែរ នូវប្រវត្តិរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលធ្លាប់បានបម្រើការងារជាគ្រូបង្រៀនមួយរូបនៅស្រុកគិរីវង់។

ទន្ទឹមនឹងនេះ លោក សុខ សូកាន ក៏បានលើកឡើងនូវការយល់ឃើញផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំ ដែលអាស្រ័យលើកត្តាបីយ៉ាងគឺ៖ ប្រាក់ខែគ្រូបង្រៀន ការរៀបចំកំណត់ចំនួនសិស្សក្នុងថ្នាក់រៀន និងការចូលរួមរបស់មាតាបិតាសិស្ស។ ក្នុងនោះដែរ លោកក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការដំឡើងប្រាក់ខែអប្បបរមារបស់គ្រូបង្រៀន និងមានមូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការផងដែរ។

លោក សុខ សូកាន ក៏បានរំលឹកផងពីទស្សនៈវិស័យវែងឆ្ងាយ របស់សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចវិបុលបញ្ញា ដោយលោកបានបានគូសបញ្ជាក់ ពីអត្ថប្រយោជន៍ជាច្រើនរបស់មូលនិធិគ្រូបង្រៀន និងភាពជោគជ័យនៃមូលនិធិនេះ ដែលជាសញ្ញាណវិជ្ជមានរបស់មូលនិធិនេះ ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពគ្រូបង្រៀន ហើយលោកបានសង្ឃឹមយ៉ាងមុតមាំថា ស្រុកគិរីវង់នឹងក្លាយជាគំរូ ក្នុងការលើកស្ទួយវិស័យអប់រំ និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រូបង្រៀន។

លោក សុខ សូកាន ក៏បានផ្តល់យោបល់មួយចំនួនដើម្បីអោយកិច្ចដំណើរការរបស់សមាគមមូលនិធិគ្រូបង្រៀននេះ ឱ្យកាន់តែមាននិរន្តរភាពយូរអង្វែងបន្តទៅមុខទៀត ដែលក្នុងនោះរួមមាន៖
១-ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការពង្រីកឥណទានបន្ថែមទៀត
២-ការផ្សព្វផ្សាយពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងសកម្មភាពរបស់សមាគមមូលនិធិគ្រូបង្រៀននេះដើម្បីទាក់ទាញ់សមាជិកថ្មីៗ
៣-ការដាក់បញ្ចូលសមាជិកថ្មីអោយបានទាន់ពេលវេលានិងការកំណត់ពេលវេលាសងប្រាក់ច្បាស់លាស់
៤-ការបង្កើតសាលាបង្រៀនភាសាបរទេសក្នុងក្របខណ្ឌសមាគមមូលនិធិគ្រូបង្រៀន
៥-ការបញ្ចូលសមាជិកសមាគមមូលនិធិគ្រូបង្រៀនទៅក្នុងវេទិកាសម្ព័ន្ធសង្គមស៊ីវិលដើម្បីទទួលបានការសហការជាមួយអង្គការជាតិនិងអន្តរជាតិនានា។

លោក សុខ សូកាន បានសង្ឃឹមយ៉ាងមុតមាំថា លោកគ្រូអ្នកគ្រូទាំងអស់ នឹងជួយគាំទ្រផ្សព្វផ្សាយបន្ថែមនូវគុណប្រយោជន៍នៃសមាគមគ្រូបង្រៀននេះ ព្រមទាំងចូលរួមការពារសមិទ្ធផលទាំងឡាយរបស់សមាគម និងរួមគ្នាកសាង ថែរក្សានូវសាមគ្គីភាពរវាងគ្រូនិងគ្រូដើម្បីជីវភាពកាន់តែប្រសើរឡើង។ ជាទីបញ្ចប់ លោក សុខ សូកាន បានជូននូវថវិកាចំនួន ៥លានរៀលទៅដល់សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ និង ជូននូវប៊ិចអនុស្សាវរីយ៍របស់សម្តេចវិបុលបញ្ញា សុខ អាន ដល់នាយកសាលាទាំងអស់ ៧១រូបផងដែរ៕