Tuesday, November 07, 2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សក្តានុពលខេត្តព្រះសីហនុគឺស្ថិតនៅក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ជាផែដែលសំខាន់ជាងគេដែលនាំមកនូវសក្តានុពលដល់យើង ហើយយើងត្រូវបន្តបន្ថែមទៀត ព្រោះកំពង់ផែមិនអាស្រ័យលើតូច ឬធំទេ វាអាស្រ័យលើរវល់ ឬមិនរវល់។





សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត៖ ការពង្រីកកំពង់ផែទឹកជ្រៅ គឺដើម្បីអោយកំពង់ផែកាន់តែដើរ បង្កើតការងារកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចឱ្យកាន់តែលូតលាស់

សម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងបន្តថា រដ្ឋាភិបាលបានធ្វើការជាមួយជប៉ុន និងបានឯកភាពជាមួយជប៉ុន ហើយយើងបានខ្ចីជាកម្ចីបូកជាមួយបច្ចេកទេសជប៉ុន ដើម្បីយកមកវិនិយោគពង្រីកផែទឹកជ្រៅរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត  ចំនួន   ១៥១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។

បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថា ត្រូវរៀបចំគិតគូរ ហើយត្រូវធ្វើយ៉ាងណាកុំអោយផែចំនួនបួនគឺខេត្តកំពត ខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ ជាផែដែលប្រកួតប្រជែងគ្នា ប៉ុន្តែជាផែដែលរួមកម្លាំងគ្នាដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង៕

No comments:

Post a Comment