Monday, October 09, 2023

អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន នៅទីក្រុងហាឡុង ប្រទេសវៀតណាម



លោក គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន នៅទីក្រុងហាឡុង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣។

កិច្ចប្រជុំកម្រិតបច្ចេកទេសនេះ អគ្គលេខាធិការ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នឹងចូលរួមពិភាក្សាលើកិច្ចប្រជុំសំខាន់ៗ ចំនួន ៥រួមមាន៖

*កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល-អាហា លើកទី១៩
*កិច្ចប្រជុំលើកទី៤ នៃវេទិកាភាពធន់នឹងគ្រោះមហន្តរាយអាស៊ាន
*កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកចិន លើកទី៦
*កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកជប៉ុន លើកទី៦
*កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកកូរ៉េ លើកទី៥។

លោក គីម វីរៈ បានបញ្ជាក់ថា កិច្ចប្រជុំកម្រិតបច្ចេកទេសនេះ គឺរៀបចំឡើងចំនួន ២ដង ក្នុង១ឆ្នាំ ដោយប្រទេសជាសមាជិកអាស៊ាននីមួយៗត្រូវទទួលជាប្រធានប្តូរវេន ក្នុងគោលបំណងពិភាក្សាលើការកសាងនិងអនុវត្តន៍កម្មវិធី, គម្រោង និងសកម្មភាព ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ នៅគ្រប់ទិដ្ឋភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងការត្រៀមបង្ការ, ការកាត់បន្ថយ, ការត្រៀមរៀបចំ, ការឆ្លើយតប និងការស្តារឡើងវិញ តាមរយៈសកម្មភាពជួយគ្នាទៅវិញទៅមក ក្នុងគោលបំណង កាត់បន្ថយនូវផលលំបាកជាអវិជ្ជមាន ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិកអាស៊ាន។

តបតាមការអញ្ជើញរបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី អាស៊ាន ស្តីពីកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១១ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១២ ក្រោមប្រធានបទ «ការឆ្លើយតបនឹងសកម្មភាពដែលរំពឹងទុក និងភាពធន់» «ដំណើររបស់អាស៊ាន ឆ្ពោះទៅរកភាពជាអ្នកដឹកនាំសកលក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ» (From response to anticipatory action and resilience: ASEAN’s journey towards global leadership in disaster management) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម៕








 

No comments:

Post a Comment