Monday, October 09, 2023

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងតួនាទីជាប្រធានបក្សកាន់អំណាច សម្តេចនៅតែមានសិទ្ធិបញ្ចេញយោបល់លើបញ្ហានយោបាយទាំងក្នុង និងក្រៅប្រទេស


សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា, ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ក្នុងឋានៈសម្តេចជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច សម្តេចនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។

ការចេញមកបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយមានក្រុមអ្នកនយោបាយប្រឆាំង ព្រមទាំងអ្នកវិភាគដែលមាននិន្នការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដោយបានវិភាគវាយប្រហារ និងចោទប្រកាន់មកសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកបញ្ជាពីក្រោយខ្នង និងលុកលាន់លើកិច្ចនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧។

ការអះអាងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងរសៀលនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងយ៉ាងដូច្នេះថា៖ «មេបក្សកាន់អំណាចនៅតែមានអំណោច អញ្ចឹងសូមផ្តាំទៅបើថាល្ងង់ណាស់ បង្រៀនបន្តិចទៅចុះ...! ក្នុងឋានៈខ្ញុំជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប៉ុន្តែ ក្នុងតួនាទីជា​ប្រធានគណបក្សកាន់អំណាច ខ្ញុំនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស»

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមិនមានសិទ្ធិបញ្ជាកម្លាំងជំនួសឱ្យនាយករដ្ឋមន្ត្រីនោះទេ ម៉ោងនេះ ពេលនេះមានតែនាយករដ្ឋមន្ត្រីទេ ដែលមានសិទ្ធិបញ្ជាកម្លាំង ក៏ប៉ុន្តែ សម្តេចមានសិទ្ធិត្រួតត្រាលើកិច្ចការនយោបាយ។

«ខ្ញុំមិនមានសិទ្ធិចុះហត្ថលេខា ឬបញ្ជាកម្លាំងលើស្ថាប័ននីតិប្រតិបត្តិទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រែក្លាយពីក្មេងវត្ត ទៅជារដ្ឋមន្ត្រីការបរទេស ហើយទៅជានាយករដ្ឋមន្ត្រី ដែលមានរយៈពេលជាង៤៤ឆ្នាំ។ បច្ចុប្បន្ននេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រែក្លាយពីកូនក្បត់អង្គការ ទៅជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមអ្នកប្រឆាំង និងតែងតែវាយប្រហារមកលើសម្តេច ព្រមទាំងក្រុមគ្រួសារថា សូមអ្នកឯងត្រូវចាំថា បើមិនជឿ កុំប្រមាថ ទំនាយអ្នកឯងមិនដល់ ព្រហ្មលិខិតចារមកមិនដល់អ្នកឯងគ្មានសំណាងនឹងធ្វើជានាយករដ្ឋមន្ត្រីនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចមិនដែលនឹងឃើញបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជានោះទេ ពីព្រោះកាលណោះជីវិតរបស់សម្តេចមានភាពផុយស្រួយណាស់ មិនមែនរត់គេចពីការបាញ់ប្រហារទេ ក៏ប៉ុន្តែ ដើរចូលឱ្យគេបាញ់តែម្តង៕

 




















No comments:

Post a Comment