សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងនូវយោបល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្ដេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះថា ប្រសិនបើរដ្ឋាភិបាលអ៉ីស្រាអែលមិនប្រកាសឱ្យជម្លៀសជនបរទេសចេញពីប្រទេសខ្លួននោះទេ រាជរដ្ឋាភិបាលកម្ពុជាគួរកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៉ីស្រាអែលឡើយ ប៉ុន្តែប្រសិនបើមានការសម្រេចឱ្យជម្លៀសជនបរទេសចេញពីអ៉ីស្រាអែលពេលណានោះ កម្ពុជាក៏មិនរុញរាក្នុងការជួលយន្តហោះពិសេសចេញទៅដឹកប្រជាពលរដ្ឋខ្លួនមកវិញដែរ។
ការលើកឡើងបែបនេះរបស់សម្តេចតេជោ
ហ៊ុន សែន ធ្វើឡើងក្នុងពិធីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ។
គួរជម្រាបថា
និស្សិតកម្ពុជាប្រមាណជាង៤០០នាក់កំពុងសិក្សានៅប្រទេសអ៉ីស្រាអែល។ នៅថ្ងៃទី៧ ខែតុលា
ថ្មីៗនេះ តំបន់ហ្កាហ្សាដែលនៅជាប់ដែនដីអ៉ីស្រាអែលត្រូវបានវាយប្រហារដោយគ្រាប់មីស៉ីលពីក្រុមហាម៉ាស
ក្នុងនោះបានសម្លាប់មនុស្សអស់ខ្ទង់រយនាក់ មានទាំងនិស្សិតកម្ពុជាមួយរូបដែរឈ្មោះ ចាន់
ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចម្ការដូង)។
សង្គ្រាមរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាសនេះនៅតែបន្តផ្ទុះឡើង
និងកាន់តែរីកធំឡើងៗ។
ជុំវិញព្រឹត្តិការណ៍ដ៏ព្រួយបារម្ភនេះ
ប្រទេសមួយចំនួនបានត្រៀមយន្តហោះទៅដឹកជញ្ជូននិស្សិតនិងពលកររបស់ខ្លួនចេញពីប្រទេសអ៉ីស្រាអែល
ប៉ុន្តែសម្រាប់កម្ពុជាគឺមិនមានជំហរបែបនោះឡើយ។ យ៉ាងណាសម្ដេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន
និងមន្ត្រីរាជការពាក់ព័ន្ធបានតាមដានពីស្ថានការណ៍
និងសុវត្ថិភាពរបស់និស្សិតកម្ពុជាជាង៤០០នាក់យ៉ាងយកចិត្តទុកដាក់ ទាំងថ្ងៃ ទាំងយប់។
សម្ដេចតេជោ
ហ៊ុន សែន បានថ្លែងថា ឥឡូវនេះ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស
រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីអប់រំ និងអ្នកពាក់ព័ន្ធជាច្រើនទៀតកំពុងតាមដានជាប់លើសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានៅប្រទេសអ៉ីស្រាអែល
ប្រសិនបើរដ្ឋាភិបាលអ៉ីស្រាអែលពុំមានការឱ្យជម្លៀសជនបរទេសចេញពីប្រទេសរបស់ខ្លួនទេ
ពលរដ្ឋកម្ពុជាក៏កុំចាកចេញចោលប្រជាជនអ៉ីស្រាអែល។
សម្ដេចតេជោបានរំឭកនូវព្រឹត្តិការណ៍កាលពីឆ្នាំ២០១៣-២០១៤
នៅប្រទេសកូរ៉េខាងត្បូង ដែលកាលណោះរងការគំរាមកំហែងផ្លោងគ្រាប់មីស៉ីល
ពីសំណាក់កូរ៉េខាងជើង
ខណៈដែលពលករនិងនិស្សិតកម្ពុជារាប់ម៉ឺននាក់កំពុងស្នាក់នៅកូរ៉េខាងត្បូង
ប៉ុន្តែសម្ដេចតេជោក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលនោះ
ពុំមានជំហរឱ្យប្រជាពលរដ្ឋកម្ពុជាចាកចោលប្រជាពលរដ្ឋកូរ៉េខាងត្បូងនោះឡើយ។ ដូចគ្នាដែរ
នៅពេលផ្ទុះការរាតត្បាតជំងឺកូវីដ១៩ដំបូងៗនៅប្រទេសចិន នាដើមឆ្នាំ២០២០
ប្រទេសមួយចំនួនបានយកយន្តហោះទៅដឹកប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិន
ប៉ុន្តែសម្រាប់សម្ដេចតេជោ ហ៊ុន សែន វិញ គឺបានទៅដល់ប្រទេសចិន
ដើម្បីជូនសារអំពីសាមគ្គីភាពជាមួយប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ព្រមទាំងបានជូនសារទៅនិស្សិតកម្ពុជា
សូមឱ្យបន្តនៅជាមួយប្រជាជនចិនក្នុងកាលៈទេសៈដ៏លំបាក។
ចំពោះព្រឹត្តិការណ៍នៅប្រទេសអ៉ីស្រាអែលនាពេលថ្មីៗនេះ
សម្ដេចតេជោអតីនាយករដ្ឋមន្ត្រី បានផ្ដល់ជាយោបល់ដល់រាជរដ្ឋាភិបាល
ក៏ដូចជាសម្ដេចធិបតីនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យ៉ាងដូច្នេះថា «ក្នុងករណីដែលរដ្ឋាភិបាលអ៉ីស្រាអែល
ចាំបាច់ត្រូវតែជម្លៀសប្រជាពលរដ្ឋកម្ពុជាចេញ
យើងកុំខ្លាចជាមួយនឹងការចំណាយពេលប្រាក់កាក់ជួលយន្តហោះពិសេស
ទៅដឹកនិស្សិតរបស់យើងជាង៤០០នាក់ចេញពីប្រទេសអ៉ីស្រាអែល ប៉ុន្តែខ្ញុំមិនជឿថា
អ៉ីស្រាអែលនឹងមានសំណូមពរបែបនេះចំពោះកម្ពុជាយើងនោះទេ»។
ទោះជាយ៉ាងណា
ភាគីកម្ពុជាបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អត់ធ្មត់
និងស្វែងរកផ្លូវដោះស្រាយតាមរយៈការសន្ទនាគ្នា ស្រុះស្រួលគ្នា រកសន្តិភាពឡើងវិញ។
សម្ដេចតេជោ
ហ៊ុន សែន ក៏បានអំពាវនាវចំពោះក្រុមហាម៉ាស់សូមដោះលែងចំណាប់ខ្មាំងដែលខ្លួនបានចាប់
ក្នុងនោះក៏មានពលរដ្ឋថៃជាង១០នាក់ផងដែរ ព្រោះវាមិនមានផលប្រយោជន៍សម្រាប់ពួកគេនោះទេ
ប្រសិនបើពួកគេចាប់ជំរិតចំណាត់ខ្មាំងយកទៅសម្លាប់ ឬធ្វើទុក្ខបុកម្នេញ៕
No comments:
Post a Comment