Monday, October 09, 2023

សម្តេចតេជោ ហ៊ុន សែន៖ ការលះបង់តំណែងនាយករដ្ឋមន្រ្តីរបស់ខ្ញុំ គឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត


សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចោទជាសំណួរថា តើនៅលើពិភពលោកនេះ មានបុគ្គលណាដែលប្រជាប្រិយភាពរបស់ខ្លួនកំពុងតែកើនឡើងខ្ពស់ហើយសុខចិត្តបោះបង់អំណាចរបស់ខ្លួន?

សម្តេចតេជោបានបញ្ជាក់បន្ថែមថា ការលះបង់តំណែងនាយករដ្ឋមន្រ្តីរបស់របស់សម្តេច សម្រាប់អាណត្តិទី៧នេះ គឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅអគារ OCIC ជ្រោយចង្វារ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។

សម្តេចបានពន្យល់ថា​ នៅលើពិភពលោកនេះ មានមនុស្សមួយចំនួនចុះចេញពីអំណាចដោយសារតែធ្លាក់ក្នុងការបោះឆ្នោត ឯមនុស្សមួយចំនួនទៀត ចុះចេញពីអំណាចដោយសារតែបញ្ហានេះបញ្ហានោះ ក៏ប៉ុន្តែសម្រាប់សម្តេច ការចុះចេញពីអំណាច ដោយសារតែការគិតគូរសម្លឹងទៅឱ្យឆ្ងាយបន្តិច ដោយសារតែគិតគូរពីកត្តាសន្តិភាព សម្រាប់ប្រទេសរបស់កម្ពុជា។ សម្តេចបានចោទសួរថា ឥឡូវជាង១ខែហើយ នៃការរៀបចំរាជរដ្ឋាភិបាលថ្មី តើមានបានមានបានឃើញថា ប្រជាជនកម្ពុជាមានការភ័យខ្លាច ដោយសារការផ្លាស់ប្តូរមេដឹកនាំទេ? តើមានបានឃើញថា ប្រជាជនបានទៅដកប្រាក់ត្រៀមអង្ករដើម្បីរត់ភៀសខ្លួនទេ គឺអត់ទេ?

សម្តេចបញ្ជាក់បន្ថែមថា «ប្រសិនបើទុកយឺតបន្តិចរហូតដល់សុខភាពខ្ញុំមានបញ្ហា ឬរហូតដល់ខ្ញុំស្លាប់ រឿងវានឹងច្របូកច្របល់សម្រាប់ជាតិ ដូច្នេះខ្ញុំអាចនិយាយបានថា ការលះបង់របស់ខ្ញុំ គឺជាការលះបង់ ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត វាមិនមែនបញ្ហាតែហ៊ុន ម៉ាណែត តែម្នាក់ទេ ឥឡូវរដ្ឋមន្រ្តីក្មេងៗ គេក៏កាន់ការណ៍របស់គេយ៉ាងខ្ជាប់ខ្ជួន»

ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា ជាការបញ្ជូនសារ ទៅកាន់ក្រុមប្រឆាំងទាំងឡាយ ដែលពេលកន្លងមកនោះ វាយតម្លៃថា «សម្តេចមិនហ៊ានចុះចេញពីតំណែងទេ»។ សម្តេចបានចាត់ទុកថា ក្រុមទាំងនោះស្គាល់សម្តេចតិចពេកហើយ ដែលគួរតែរៀនសូត្រពីសម្តេចឱ្យបានកាន់តែច្រើនថែមទៀត ហើយសម្តេចយ៉ាងតិចណាស់ក៏រស់បាន៣០ឆ្នាំទៀតដែរ។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «ហើយ ហ៊ុន សែន ក៏នៅតែមានឥទ្ធិពលនយោបាយ នៅក្នុង​ប្រទេសកម្ពុជា អ្នករង់ចាំមើលចុះ ហើយខ្ញុំរីករាយជាមួយនឹងអ្វីដែលបន្តកើតក្នុងស្ថិរភាព»





















 

No comments:

Post a Comment