សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណដល់សប្បុរសជនដែលមានចំនួន ២២៣រូប បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបចំនួនជិត ៧៣លានដុល្លារអាមេរិក សម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងអគារមន្ទីរពេទ្យតេជោអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ ស្ថិតនៅរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា រាជរដ្ឋាភិបាលបានបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារអាមេរិក បូកជាមួយថវិកាដែលទទួលបានពីសប្បុរសជនមានចំនួនជាង ១០៣លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាសរុបចំនួនជាង ៨២ លានដុល្លារអាមេរិក សម្រាប់កសាងបាននូវអគារព្យាបាលថ្មីមួយ ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ នេះបានបង្ហាញឱ្យឃើញថា វិស័យឯកជនបានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាល រួមទាំងវិស័យសុខាភិបាល វិស័យអប់រំ និងនៅមានវិស័យជាច្រើនទៀត។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ នៅសល់ថវិកាចំនួន ២០លានដុល្លារ ដែលទុកសម្រាប់ធ្វើទំនើបកម្មនូវអគារក្នុងមន្ទីរពេទ្យកាល់ម៉ែត និងសម្រាប់កសាងអគារព្យាបាលផ្សេងៗនៅក្នុងប្រទេសដែលជាតម្រូវការចាំបាច់សម្រាប់ទុកបម្រើសេវាព្យាបាលនានាជូនដល់ប្រជាពលរដ្ឋ៕
No comments:
Post a Comment