Tuesday, May 23, 2023

សម្តេចតេជោ ហ៊ុន សែន ស្នើដល់មិត្តបរទេសរក្សាភាពស្ងៀមស្ងាត់ពីនេះរហូតទៅដល់ការបោះឆ្នោត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា សូមបណ្តាប្រទេសនានា មើលការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តែបើប្រៀបនឹងថ្នាក់ដឹកនាំប្រទេសផ្សេងៗវិញ គឺហេដ្ឋារចនាសម្ព័ន្ធនានាមានស្រាប់ៗទាំងអស់ ដែលខុសពីកម្ពុជា កសាងប្រទេសលំបាកណាស់ ដៃម្ខាងទប់ខ្មែរក្រហម ដៃម្ខាងទៀត ការពារសន្តិភាព។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសពិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត។ សម្តេចតេជោ ថ្លែងបន្ត សូមបណ្ដាប្រទេសមិត្តបរទេស សូមរក្សាភាពស្ងៀមស្ងាត់ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតនីតិកាលទី៧ ដោយទុកឱ្យ កម្ពុជាប្រើប្រាស់នូវវិធានរបស់ខ្លួនដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។ 

សម្ដេចតេជោ ថ្លែងចោទជាសំនួរថា ហេតុអ្វីបានជាបរទេស ចូល ចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរដ្ឋអធិបតេយ្យមួយម៉្លេះ? កុំមើលតែមួយជ្រុងតូច ត្រូវសម្លឹងឱ្យឆ្ងាយជាងកម្ពុជា ពីព្រោះកម្ពុជាមានសិទ្ធិ តួនាទីនៅក្នុងអាស៊ាន។ ហើយសម្រាប់បណ្ដាទូតអាស៊ានមិនមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ តែមានបណ្ដាទូតប្រទេសខ្លះចូលចិត្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ 

ទន្ទឹមនោះ សម្តេចតេជោ ថ្លែងរំលឹកថា ដោយសារតែមានការជ្រៀតជ្រែកពីបរទេសកាលពីអតីតកាលនេះហើយទើបធ្វើឱ្យប្រជាជនខ្មែរស្លាប់អស់រាប់លាននាក់ ដោយគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ ហើយពួកគេមិនដែលសម្តែងនូវការសោកស្តាយសោះឡើយចំពោះទង្វើរបស់ខ្លួនបានធ្វើមកលើប្រទេសកម្ពុជា៕







No comments:

Post a Comment